Register Already an agent ? Login

គម្រោងកំណាត់ផ្លូវខេត្តសៀមរាប-ឧត្តរមានជ័យ ប្រវែងជាង៤៣គ.ម ១០០% ខណៈ ២ខ្សែទៀតកែក្រួសក្រហម ទៅDBST

សៀមរាប-ឧត្តរមានជ័យ៖ កំណាត់ផ្លូវខេត្តពីរខ្សែ ខ្សែផ្លូវទី១ មានប្រវែង ១៦,២គីឡូម៉ែត្រ ខេត្តសៀមរាប សម្រេចលទ្ធផល ១០០% និងខ្សែផ្លូវទី២ មានប្រវែង ២៧,៧គីឡូម៉ែត្រ ខេត្តឧត្តរមានជ័យ សម្រេចលទ្ធផល ១០០% ខណៈ ប្រភេទផ្លូវក្រួសក្រហម២ខ្សែ កែលម្អទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST)។

លោក អ៊ឹង វណ្ណា អនុរដ្ឋលេខាធិការ តំណាងរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទ មន្រ្តីគាំពារបរិស្ថាននិងសុវត្ថិភាពសង្គម និងមន្រ្តីគម្រោងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ខេត្តឧត្តរមានជ័យ បានចូលរួមអមដំណើរ លោក ទ្បុង ពិសិដ្ឋ ជា Senior project officer and team leader និងសហការីធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ចុះពិនិត្យសកម្មភាពការងារគម្រោងការប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) នៅខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។

តាមការចុះពិនិត្យវឌ្ឍនភាពនេះ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥  -ខ្សែផ្លូវទី១  មានប្រវែង ១៦,២គីឡូម៉ែត្រ ឆ្លងកាត់ភូមិចំនួន ៦  មានភូមិគោកភ្នាំង ស្រែខ្វាវ រណ្តាស ទឹកថ្លា រលំ និងភូមិរាជជន្ទល់ ស្ថិតក្នុងឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប សម្រេចលទ្ធផល ១០០%។

-ខ្សែផ្លូវ២ មានប្រវែង ២៧,៧គីឡូម៉ែត្រ ឆ្លងកាត់ភូមិចំនួន ៧ មានភូមិបន្ទាយថ្មី ព្រះគន្លង អតឹតយុវជន បាត់ថ្កៅ បាក់វែង អាតោ និងភូមិភក្លូ ស្ថិតក្នុងឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ សម្រេចលទ្ធផល ១០០%។

បន្ទាប់ពីពិនិត្យរួមក្រុមការងារតំណាងឱ្យធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា បានឯកភាពស្ដារឡើងវិញចំនួន ២ខ្សែ ដោយឡែក ១ខ្សែទៀតស្ថិតក្នុងការពិចារណានិងសម្រេចតាមក្រោយទៀត។

ទន្ទឹមនឹងនេះ ក្រុមការងារបានបន្តបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងការចុះពិនិត្យខ្សែផ្លូវស្នើសុំបន្ថែមថ្មី ចំនួន ៣ខ្សែ ជាប្រភេទផ្លូវក្រួសក្រហម កែលម្អទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវក្រាលបេតុងរួមមាន៖

ខ្សែទី១ ប្រវែង ១១គីឡូម៉ែត្រ ស្ថិតក្នុងឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប, ខ្សែទី២ ប្រវែង ១២គីឡូម៉ែត្រ ឆ្លងកាត់ឃុំចំនួន២ គឺឃុំស្រែខ្វាវ ស្រុកអង្គរជុំ និងឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។

ខ្សែទី៣ ចាប់ពីចំណុចផ្លូវជាតិលេខ៦៧-លំទង-ភូមិអូរគរគី មានប្រវែង ១០គីឡូម៉ែត្រ ស្ថិតក្នុងឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)