Register Already an agent ? Login

ឈ្វេងយល់ពីការចុះបញ្ជីពន្ធដារ និងការធ្វើបច្ចុប្បន្នភាពព័ត៌មានអ្នកជាប់ពន្ធ

ភ្នំពេញ៖ បុគ្គលទាំងឡាយត្រូវចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធក្នុងអំឡុងពេល ១៥ថ្ងៃនៃថ្ងៃធ្វើការក្រោយពីបុគ្គល នោះចាប់ផ្តើមធ្វើសកម្មភាពសេដ្ឋកិច្ច ឬក្រោយពេលទទួលបានលិខិតបញ្ជាក់ការចុះបញ្ជី ឬលិខិតអនុញ្ញាតចេញដោយក្រសួង ឬស្ថាប័នពាក់ព័ន្ធ។

វាគ្មិនចំនួនពីររូប ជាអនុប្រធានការិយាល័យនៃនាយកដ្ឋានរដ្ឋបាលនិងកិច្ចការទូទៅ លោក ឌែន គីម និងកញ្ញា ហេង ចេនា បានលើកឡើង ពីការចុះបញ្ជីពន្ធដារ និងការធ្វើបច្ចុប្បន្នភាពព័ត៌មានអ្នកជាប់ពន្ធ ក្នុងកម្មវិធី “ពន្ធដារកម្ពុជា” កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥​។

 បើតាម វាគ្មិនទាំងពីរ បានបញ្ជាក់ឱ្យដឹងថា បុគ្គលទាំងឡាយត្រូវចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធក្នុងអំឡុងពេល ១៥ថ្ងៃនៃថ្ងៃធ្វើការក្រោយពីបុគ្គល នោះចាប់ផ្តើមធ្វើសកម្មភាពសេដ្ឋកិច្ច ឬក្រោយពេលទទួលបានលិខិតបញ្ជាក់ការចុះបញ្ជី ឬលិខិតអនុញ្ញាតចេញដោយក្រសួង ឬស្ថាប័នពាក់ព័ន្ធ។

បុគ្គលដែលមានកាតព្វកិច្ចចុះបញ្ជីពន្ធដារទាំងនោះសំដៅដល់៖

១-ស្ថាប័នរដ្ឋ បេសកកម្មទូត កុងស៊ុលបរទេស អង្គការអន្តរជាតិ ទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់ រដ្ឋាភិបាលនានា និងគណបក្ស នយោបាយ។

២-ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត សាខាក្រុមហ៊ុនបរទេស ការិយាល័យតំណាង សហគ្រាសឯកបុគ្គល ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ ក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត សហគ្រាសសាធារណៈ សហគ្រាសរដ្ឋ និងក្រុមហ៊ុនចម្រុះរដ្ឋ។

៣-សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។

៤-បុគ្គលដទៃទៀតដែលធ្វើសកម្មភាពអាជីវកម្មនៅព្រះរាជាណាចក្រកម្ពុជា ដោយបែងចែកចំណាត់ថ្នាក់អ្នកជាប់ពន្ធស្របតាមច្បាប់និង លិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។

ក្រោយពេលចុះបញ្ជីពន្ធដារ អ្នកជាប់ពន្ធត្រូវធ្វើបច្ចុប្បន្នភាពព័ត៌មាន ដោយមានកាតព្វកិច្ចជូនដំណឹងមករដ្ឋបាលសារពើពន្ធក្នុងអំឡុងពេល ១៥ថ្ងៃនៃថ្ងៃធ្វើការ ក្នុងករណីដែលសហគ្រាសមានការកែប្រែ៖

អាសយដ្ឋាន, ទ្រង់ទ្រាយ, នាមករណ៍, កម្មវត្ថុអាជីវកម្ម ឬសកម្មភាពអាជីវកម្ម, ការផ្ទេរ ការផ្លាស់ប្តូរម្ចាស់ភាគហ៊ុន, សមាសភាពអ្នកគ្រប់គ្រងសហគ្រាស ឬសាខា, ការបញ្ឈប់អាជីវកម្ម, អ្នកទទួលបន្ទុកកិច្ចការពន្ធដារ, ព័ត៌មានគណនីធនាគារ និងព័ត៌មានទំនាក់ទំនងលេខទូរស័ព្ទ សារអេឡិចត្រូនិក៕

ដោយ៖ មឿន ឌីណា (NMoeun Dyna)