Register Already an agent ? Login

ក្រៅពីពន្ធលើប្រាក់ចំណូល តើមានប្រភេទពន្ធអ្វីខ្លះទៀតដែលនឹង ត្រូវផុតកំណត់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ?

ភ្នំពេញ៖ ក្រៅពីពន្ធលើប្រាក់ចំណូល នៅមានពន្ធប៉ាតង់ និងពន្ធលើផ្ទាំងផ្សព្វផ្សាយ ដែលជាប្រភេទពន្ធប្រចាំឆ្នាំ ត្រូវផុតកំណត់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ ពោលគឺនៅសល់ពេលប្រមាណ ៤ថ្ងៃទៀតប៉ុណ្ណោះ។

ពន្ធប៉ាតង់ គឺជាពន្ធប្រចាំឆ្នាំដែលត្រូវបានកំណត់លើសកម្មភាពអាជីវកម្មនីមួយៗរបស់អ្នកជាប់ពន្ធដោយផ្អែកលើប្រភេទអ្នកជាប់ពន្ធ និងកម្រិតផលរបរ ដោយអ្នកជាប់ពន្ធតូច ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ៤០០ ០០០រៀល អ្នកជាប់ពន្ធមធ្យម ត្រូវបង់ពន្ធប៉ាតង់ ប្រចាំឆ្នាំចំនួន ១ ២០០ ០០០រៀល និងអ្នកជាប់ពន្ធធំត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ៣ ០០០ ០០០រៀល ឬ ៥ ០០០ ០០០រៀល ចំពោះអ្នកជាប់ពន្ធធំដែលមានផលរបរប្រចាំឆ្នាំលើសពី ១០ ០០០លានរៀលឡើងទៅ។

ពន្ធលើផ្ទាំងផ្សព្វផ្សាយ៖ ត្រូវប្រមូលលើបណ្ណ ស្លាក ឬផ្ទាំង ដែលមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្ម ដើម្បីឱ្យអតិថិជនឬសាធារណជន បានស្គាល់ពីផលិតផលឬសេវាកម្ម រួមមាន បណ្ណប្រកាសផ្សាយពាណិជ្ជកម្មធ្វើឡើងពីកៅស៊ូ ក្រដាសធម្មតា កំណាត់សំពត់ ឬវត្ថុផ្សេងៗ ស្លាកអាជីវកម្មដ្ឋានសម្រាប់សម្គាល់ឈ្មោះ ទីតាំង ទីស្នាក់ការ ការិយាល័យ ឬទីកន្លែងប្រកបអាជីវកម្មនានា និងផ្ទាំងអក្សរឬផ្ទាំងរូបភាព សម្រាប់គោលបំណងពាណិជ្ជកម្ម។

ដើម្បីចំណេញពេលវេលា អ្នកជាប់ពន្ធអាចប្រកាសនិងបង់ប្រាក់ពន្ធប៉ាតង់ និងពន្ធលើផ្ទាំងផ្សព្វផ្សាយ តាមប្រព័ន្ធអនឡាញ ក្នុងនោះ ចំពោះ ពន្ធប៉ាតង់ អ្នកជាប់ពន្ធអាចប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ (e-Payment) សម្រាប់បង់ប្រាក់ពន្ធ ព្រមទាំងអាចបោះពុម្ព បណ្ណពន្ធប៉ាតង់បានដោយខ្លួនឯង។

ដោយឡែក ពន្ធលើផ្ទាំងផ្សព្វផ្សាយ អ្នកជាប់ពន្ធអាចប្រកាសនិងបង់ប្រាក់ពន្ធបានតាមរយៈកម្មវិធីទូរស័ព្ទដៃ អ្នកជាប់ពន្ធ (GDT Taxpayer App) ដោយមិនចាំបាច់យកលិខិតប្រកាសនិងឯកសារពាក់ព័ន្ធមកដាក់នៅរដ្ឋបាលសារពើពន្ធនោះទេ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)