Register Already an agent ? Login

ពន្ធដារ រំលឹកដល់សហគ្រាសក្នុងរបបស្វ័យប្រកាសរួសរាន់បំពេញកាតព្វកិច្ចពន្ធប្រាក់ចំណូល យ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣១ ខែមីនា

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដាររំលឹកដល់សហគ្រាសក្នុងរបបស្វ័យប្រកាសរួសរាន់បំពេញកាតព្វកិច្ចពន្ធលើ ប្រាក់ចំណូល ឱ្យបានយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣១ ខែមីនា ដើម្បីចៀសវាងទទួលរងទណ្ឌកម្មរដ្ឋបាលនានា។

បន្ទាប់ពីសង្កេតឃើញថា សហគ្រាសមួយចំនួនបានបំពេញកាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២៤ បានរួចរាល់ហើយ ប៉ុន្តែ នៅមានសហគ្រាសមួយចំនួនទៀតនៅមិនទាន់បានបំពេញកាតព្វកិច្ចនៅឡើយ។

កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹងលេខ៨៩៩៩ អពដ ដើម្បីជាការរំលឹកសារជាថ្មីម្តងទៀត ដល់សហគ្រាសក្នុងរបបស្វ័យប្រកាសដែលមិនទាន់បានបំពេញ កាតព្វកិច្ចពន្ធលើប្រាក់ចំណូល រួសរាន់ប្រកាស និងបង់ប្រាក់ពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។

សហគ្រាស ដែលខកខានមិនបានបំពេញកាតព្វកិច្ចពន្ធលើប្រាក់ចំណូលទាន់ពេលវេលាកំណត់នឹងត្រូវទទួលរងនូវទណ្ឌកម្មរដ្ឋបាលនានាស្របតាម ច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ ក៏បានបញ្ជាក់ផងដែរថា ការដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធលើប្រាក់ចំណូលត្រូវធ្វើឡើងតាមប្រព័ន្ធអនឡាញ (Tax on Income-Tol e-Filing) ស្របតាមសេចក្តីណែនាំលេខ ៣១៤០ អពដ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១៕

ដោយ៖ មឿន ឌីណា (Moeun Dyna)