Register Already an agent ? Login

ពន្ធដារ ដាក់ឱ្យប្រើប្រាស់លិខិតជូនដំណឹងស្តីពី ការប្រកាសបង់ពន្ធមិនបានត្រឹមត្រូវ ដើម្បីធានាការផ្តល់សេវាអ្នកជាប់ពន្ធកាន់តែឆាប់រហ័ស

ភ្នំពេញ៖ ដើម្បីធានាភាពត្រឹមត្រូវនៃការបំពេញកាតព្វកិច្ចប្រកាសនិងបង់ពន្ធ ព្រមទាំងផ្តល់សេវាជូន អ្នកជាប់ពន្ធឱ្យបានឆាប់រហ័ស ក្នុងករណីពិនិត្យឃើញភាពមិនប្រក្រតីណាមួយចំពោះការប្រកាស និងបង់ប្រាក់ពន្ធ អគ្គនាយកដ្ឋានពន្ធដារនឹងជូនដំណឹងទៅសហគ្រាសស្តីពីការប្រកាសបង់ប្រាក់ពន្ធមិនបានត្រឹមត្រូវ និងភ្ជាប់ជាមួយតារាងឧបសម្ព័ន្ធលម្អិតអំពីប្រតិបត្តិការដែលបានរកឃើញដោយ រដ្ឋបាលសារពើពន្ធ។ នេះបើយោងតាមសេចក្តីជូនដំណឹងលេខ៩១២៤ អពដ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានពន្ធដារ។

អគ្គនាយកដ្ឋានពន្ធដារ នឹងធ្វើលិខិតជូនដំណឹងស្តីពីការប្រកាសបង់ពន្ធមិនបានត្រឹមត្រូវជូនដល់ ទីតាំងសហគ្រាសផ្ទាល់ ឬតាមរយៈប្រព័ន្ធអេឡិចត្រូនិក ដោយអ្នកជាប់ពន្ធត្រូវឆ្លើយតបចំពោះ លិខិតនេះតាមករណី ដូចខាងក្រោម៖

១-ករណីយល់ស្របតាមលិខិតជូនដំណឹង៖ អ្នកជាប់ពន្ធមានរយៈពេល ៣០ថ្ងៃនៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃទទួលបានលិខិតជូនដំណឹង ដើម្បីបង់ប្រាក់ពន្ធ និងពន្ធបន្ថែម នៅធនាគារពាណិជ្ជ ជាដៃគូដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ឬតាមរយៈប្រព័ន្ធគ្រប់គ្រងការបង់ប្រាក់ពន្ធតាមអនឡាញ (e-Payment System) ដោយប្រើប្រាស់លេខបារកូដ ឬ QR Code ដែលមានលើលិខិតជូនដំណឹងជាការស្រេច។

ក្រោយពេលបង់ប្រាក់ពន្ធតាមលិខិតជូនដំណឹងរួចរាល់ប្រព័ន្ធនឹងកែតម្រូវប្រតិបត្តិការនៃការប្រកាសពន្ធដោយស្វ័យប្រវត្តិទៅក្នុងប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មរបស់អ្នកជាប់ពន្ធ។

២-ករណីមិនយល់ស្របតាមលិខិតជូនដំណឹង៖ អ្នកជាប់ពន្ធមានរយៈពេល ៣០ថ្ងៃនៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃទទួលបានលិខិតជូនដំណឹង ដើម្បីឆ្លើយតបជាលាយលក្ខណ៍អក្សរនូវការមិនយល់ស្របចំពោះចំណែកណាមួយ ឬទាំងស្រុងចំពោះការរកឃើញរបស់រដ្ឋបាលសារពើពន្ធ ដោយភ្ជាប់ជាមួយឯកសារបញ្ជាក់ជាសក្ខីកម្មទៅដាក់នៅបញ្ជារទទួលឯកសារនៃរដ្ឋបាលសារពើពន្ធ ឬតាមរយៈកម្មវិធីរដ្ឋបាល អេឡិចត្រូនិកពន្ធដារ (GDT e-Administration)។

៣-ករណីអ្នកជាប់ពន្ធខកខានមិនបានឆ្លើយតបក្នុងរយៈពេល ៣០ថ្ងៃនៃថ្ងៃរធ្វើការ៖ បន្ទាប់ពីបានទទួលលិខិតជូនដំណឹង រដ្ឋបាលសារពើពន្ធ នឹងចេញលិខិតជូនដំណឹងលើកទី២។ ក្នុងករណី ដែលអ្នកជាប់ពន្ធមិនបានបង់ប្រាក់ពន្ធតាមការកំណត់ ឬមិនបានឆ្លើយតបក្នុងរយៈពេលដែលបានកំណត់លើលិខិតជូនដំណឹងលើកទី២ នោះប្រាក់ពន្ធនឹងត្រូវកត់ត្រាជាបំណុលពន្ធ និងជាកម្មវត្ថុនៃការចុះធ្វើសវនកម្មពន្ធដារ ឬមានវិធានការតឹងទារ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។

ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានពន្ធដារ ក៏បានបញ្ជាក់ផងដែរថា លិខិតទាំងអស់របស់រដ្ឋបាលសារពើពន្ធត្រូវអនុវត្តតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលមាន QR Code និងលេខបារកូដសម្គាល់ច្បាស់លាស់ ដូច្នេះអ្នកជាប់ពន្ធត្រូវមានការប្រុងប្រយ័ត្ន និងពិនិត្យឱ្យបានច្បាស់លាស់ តាមរយៈកម្មវិធី GDT Check & Track ដោយជ្រើសរើសមុខងារ “ត្រួតពិនិត្យឯកសារ” ដើម្បីចៀសវាងការក្លែងបន្លំឯកសារ ឬលិខិតរដ្ឋបាលនានា របស់រដ្ឋបាលសារពើពន្ធ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)