Register Already an agent ? Login

មន្រ្តីជាន់ខ្ពស់កម្ពុជា-អាមេរិក បើកកិច្ចប្រជុំពិភាក្សាអំពីបញ្ហាប្រឈមក្រុមធុរកិច្ចអាមេរិកកំពុងជួបប្រទះ នៅកម្ពុជា

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់កម្ពុជា-អាមេរិក បានបើកកិច្ចប្រជុំសន្ទនាលើកទី២ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-អាម៉េរិក ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមដែលក្រុមធុរកិច្ចអាមេរិកកំពុងជួបប្រទះ នៅកម្ពុជា។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ជាសហប្រធានដឹកនាំកិច្ចសន្ទនានេះ នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ក៏មានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, ប្រធានសភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា (AmCham Cambodia), ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ABC), វិស័យឯកជន និងមន្ត្រីជំនាញជាច្រើនរូប នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

លោក ស៊ុន ចាន់ថុល បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះវត្តមាន​ លោកស្រីភារធារី Walker, តំណាងក្រសួងស្ថាប័ន, តំណាងវិស័យឯកជនអាម៉េរិក ដែលបានអញ្ជើញចូលរួមយ៉ាងកុះករនា និងបានថ្លែងអំណរគុណជូនចំពោះវិនិយោគិនអាម៉េរិកទាំងអស់ ដែលបានសម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជា និងពង្រីកប្រតិបត្តិការធុរកិច្ច ក៏ដូចជាទំហំវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់។

ក្នុងឱកាសនេះ លោក ក៏បានជម្រាបជូនអំពីកំណើននៃគម្រោងវិនិយោគដែលគួរឱ្យកត់សម្គាល់ ពិសេស គឺការបំបែកកំណត់ត្រារបស់ ក.អ.ក. សម្រេចបាននូវការអនុម័យគម្រោងចំនួន៤១៤ ក្នុងឆ្នាំ២០២៤។ តួលេខនេះ ជាសក្ខីភាពស្តែងឱ្យឃើញពីប្រសិទ្ធភាព ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្នុងថែទាំគាំទ្រកិច្ចការវិនិយោគពីវិស័យឯកជន ដោយបានចាត់ទុកវិស័យនេះជាម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការអនុវត្តឌីជីលូបនីយកម្មនៅ ក.អ.ក. តាមរយៈការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM និងបានរំលេចអំពីមុខងារ e-Signature របស់ប្រព័ន្ធ ដែលផ្តល់ភាពបត់បែនខ្ពស់ក្នុងការអនុម័តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បានពីគ្រប់ទីកន្លែងនិងពេលវេលា តាមរយៈប្រព័ន្ធអ៊ីនធឺណឺត។

តាមរយៈវេទិកានៃកិច្ចសន្ទនានេះ តំណាងវិនិយោគិនអាម៉េរិកបានបង្ហាញនូវចំណាប់អារម្មណ៍ជាវិជ្ជមាន ដែលទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា និងមានសុទិដ្ឋិនិយមខ្ពស់ចំពោះការទទួលស្តាប់ពីបញ្ហាប្រឈម និងការផ្លាស់ប្តូរយោបល់ ពិសេស ជាមួយនឹងបទពិសោធន៍ដែលធ្លាប់ទទួលបានការឆ្លើយតប ក៏ដូចជាដំណោះស្រាយ បន្ទាប់ពីបានលើកឡើងកាលពីកិច្ចប្រជុំលើកទី១ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ តំណាងវិនិយោគិនអាម៉េរិករំពឹងថាបន្ទាប់ពីជំនួបសន្ទនាលើកទី២នេះ ពួកគេក៏នឹងទទួលបានលទ្ធផលជាវិជ្ជមានទៅតាមលំដាប់នីតិវិធី និងបទដ្ឋានគតិយុត្តពាក់ព័ន្ធថែមមួយកម្រិតទៀតផងដែរ។

បើតាម តំណាងមកពីសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកនៅកម្ពុជា បានផ្តល់អនុសាសន៍សម្រាប់លើកកម្ពស់តម្លាភាព ដកចេញនូវឧបសគ្គរបាំងទីផ្សារ និងបង្កភាពងាយស្រួលដល់ការធ្វើធុរកិច្ចនៅកម្ពុជា។

សហរដ្ឋអាមេរិកប្តេជ្ញាចិត្តធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើតលក្ខណៈស្មើភាពគ្នា សម្រាប់ក្រុមហ៊ុនអាមេរិកក្នុងការធ្វើជំនួញ និងរួមចំណែកដល់វិបុលភាពរួមរបស់ប្រទេសយើងទាំងពីរ។​ ជាការគូសបញ្ជាក់ តំណាងមកពីសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក នៅកម្ពុជា។

គូរបញ្ជាក់ថា កិច្ចសន្ទនានេះ ត្រូវបានរៀបចំឡើងដើម្បីស្ដាប់ និងពិភាក្សាដោះស្រាយរាល់កង្វល់នានារបស់វិនិយោគិនអាម៉េរិក ដោយអនុវត្តក្រោមស្មារតីសហការនិងឯកភាពរួមគ្នារវាងប្រមុខថ្នាក់ដឹកនាំ ក្រោមការចង្អុលបង្ហាញពីសម្ដេចធិបតីនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំសហរដ្ឋអាម៉េរិក។

យន្តការថែទាំវិនិយោគដែលរៀបចំឡើងនាឱកាសនេះ បានបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងជំនឿចិត្តរបស់តួអង្គពាក់ព័ន្ធ រួមមានវិស័យឯកជនទាំងមានស្រាប់និងវិនិយោគិនថ្មីៗ តាមរយៈបង្កើនប្រសិទ្ធភាពយន្តការសន្ទនារវាងរដ្ឋនិងឯកជនទាំងក្នុងកម្រិតគោលនយោបាយ និងបច្ចេកទេស ដើម្បីជំរុញការពិភាក្សាស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)