
ភ្នំពេញ៖ ក្រុមហ៊ុន COFCO BIO-TECHNOLOGY CO.,LTD ដែលជាក្រុមហ៊ុនរដ្ឋរបស់ចិន បានចុះកិច្ចព្រមព្រៀងទិញ-លក់ដំឡូងមីស្ងួតកម្ពុជាចំនួន ២០០,០០០តោន សម្រាប់ឆ្នាំ២០២៥-២០២៦ ខណៈ ទទួលដំឡូងមីស្ងួតពីកម្ពុជាលើកទី១ ចំនួន ៥,០០០តោន។
លោក លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមជាអធីបតីក្នុងពិធីទទួលដំឡូងមីស្ងួតពីកម្ពុជាលើកទី១ ចំនួន ៥,០០០តោន និងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា ជំហានទី២ ចំនួន ២០០,០០០តោន សម្រាប់ឆ្នាំ២០២៥-២០២៦ និងកិច្ចព្រមព្រៀងទិញ-លក់ដំឡូងមីស្ងួត រវាងក្រុមហ៊ុន HANG HARVEST AGRICULTURE CO., LTD និង ក្រុមហ៊ុន COFCO BIO-ENERGY CO., LTD។
ពិធីនេះ បានធ្វើឡើងនៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។ ការចុះកិច្ចព្រមព្រៀងនេះ នឹងជួយពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាងកម្ពុជា និងចិន ក៏ដូចជាជួយជំរុញការនាំចេញវិស័យដំឡូងមីរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិនផងដែរ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី, ការិយាល័យទំនាក់ទំនងពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងណាននីង, រដ្ឋាភិបាលប្រជាជនទីក្រុងប៉ីហៃ, អាជ្ញាធរពាក់ព័ន្ធទីក្រុងប៉ីហៃ, តំណាងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មនៃកម្ពុជា, ព្រមទាំងពាណិជ្ជករទិញ-លក់ដំឡូងមីចិននិងកម្ពុជា ជាច្រើនរូប។
គួរបញ្ជាក់ថា នេះជាមិនមែនជាក្រុមហ៊ុនទី១ទេ ដែលនាំចេញដំឡូងមីស្ងួតពីកម្ពុជាទៅកាន់ប្រទេសចិន ដោយផលិតផលកម្ពុជាប្រភេទនេះ ត្រូវបាននាំចេញជាប្រចាំទៅកាន់ប្រទេសចិនផងដែរ ព្រោះកម្ពុជាមានកិច្ចព្រមព្រៀងលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់នាំចេញ (SPS) ជាមួយចិនជាច្រើនឆ្នាំមកហើយ។
លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម បានសម្តែងការសាទរចំពោះក្រុមហ៊ុនចិនមួយនេះ ដែលបានសម្រេចនាំចេញដំឡូងមីស្ងួតពីកម្ពុជាទៅកាន់ប្រទេសចិន។ ចំពោះការនាំចេញផលិតផលដំឡូងមីទៅចិន ភាគច្រើន គឺប្រភេទដំឡូងមីស្ងួត (ចំណិតដំឡូងមីក្រៀម) ម្ស៉ៅ និងសំណល់ដំឡូងមី ចំណែកដំឡូងមីស្រស់នាំចេញទៅប្រទេសជិតខាង។
គួររម្លឹកផងដែរថា កាលពីឆ្នាំ២០២៤ កម្ពុជានាំចេញចំណិតដំឡូងមីក្រៀម ចំនួន ៩៦៤ ៦៨១តោន, ដំឡូងមីស្រស់ចំនួន ៣ ៤៤៣ ៧៦០តោន ម្សៅដំឡូងមីចំនួន ៦០ ៥២៤តោន និងកាកសំណល់ដំឡូងមីចំនួន ៣៣ ១៥៣ តោន។ នេះយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម៕
ដោយ៖ មឿន ឌីណា (Moeun Dyna)