
ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជា មានកំណើនក្នុងរង្វង់ ៦% នៅឆ្នាំ២០២៤កន្លងទៅ ហើយនឹងបន្តកំណើនបន្ថែមទៀតនៅឆ្នាំ២០២៥នេះ តាមការព្យាករណ៍។ បើតាមការថ្លែង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តថា ខណៈ ការវិនិយោគនៅកម្ពុជាបានបង្ហាញនូវសញ្ញាវិជ្ជមានល្អប្រសើរ។
តាមការថ្លែង សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត នៃសលកវិទ្យាល័យអាស៊ី អឺរុប នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានថ្លែងបន្តថា នេះបានឆ្លុះបញ្ចាំងតាមការកើនឡើងនូវលំហូរវិនិយោគទុនផ្ទាល់ពីបរទេសប្រមាណ៤០% ក្នុងឆ្នាំ២០២៤ ធៀបនឹងឆ្នាំ២០២៣។
ការអនុម័តគម្រោងថ្មីៗដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏មានកំណើនខ្ពស់ផងដែរ នៅឆ្នាំ២០២៤ បានអនុម័តចំនួន ៤១៤គម្រោង មានការកើនឡើងចំនួន ១៤៦គម្រោង ធៀបនឹងឆ្នាំ២០២៣ ដែលកំណើនសេដ្ឋកិច្ច និងការវិនិយោគនេះនឹងបង្កើតឱ្យមានតម្រូវការនូវបុគ្គលិកជំនាញ និងបៀវត្សរ៍ខ្ពស់នៅក្នុងរយៈពេលខ្លី មធ្យម និងរយៈពេលវែង។ ជាការថ្លែងបន្តទៀត សម្តេចនាយករដ្ឋមន្ត្រី។
នៅពេលជំងឺកូវីដ-១៩ ផ្ទុះឡើងនៅឆ្នាំ២០១៩ ទំនាក់ទំនងលើវិស័យដឹកជញ្ជូនពិភពលោកត្រូវបានកាត់ផ្តាច់ ហើយប្រទេសមួយចំនួនធំបានប្រកាសបិទទ្វារ ដែលធ្វើឱ្យសេដ្ឋកិច្ចសកលលោកបានធ្លាក់ចុះ។ ជាមួយគ្នានេះ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក៏បានទទួលរងគ្រោះយ៉ាងដំណំ ជាពិសេស វិស័យទេសចរណ៍និងការនាំចេញសម្លៀកបំពាក់។ សេដ្ឋកិច្ចកម្ពុជាដែលធ្លាប់មានកំណើនក្នុងរង្វង់ ៧% ជាង២ទសវត្សរ៍មកហើយ បានធ្លាក់មកនៅក្រោមសូន្យនៅឆ្នាំ២០២០ ពោលគឺសេដ្ឋកិច្ចកម្ពុជានៅឆ្នាំនោះស្ថិតក្នុងកម្រិតអវិជ្ជមាន ៣,១%។
ដើម្បីស្តារឡើងវិញនូវសេដ្ឋកិច្ចកម្ពុជា ក្រោយរងការប៉ះពាល់ពីវិបត្តិកូវីដ-១៩ រដ្ឋាភិបាលកម្ពុជា បានដាក់ផែនការ៣ចំណុចរួមមាន ទី១. ការបន្តអនុវត្តគោលនយោបាយចម្រុះ រវាងរូបិយវត្ថុ សារពើពន្ធ និងរចនាសម្ព័ន្ធក្នុងវិស័យម៉ាក្រូសេដ្ឋកិច្ច, ទី២. ការធ្វើកំណែទម្រង់រចនាសម្ព័ន្ធ និងពង្រីកសក្តានុពល ដើម្បីពង្រឹងការប្រកួតប្រជែងលើទីផ្សារ និងដោះស្រាយបញ្ហារាំងស្ទះនៅក្នុងការធ្វើពិពធកម្មសេដ្ឋកិច្ច និងទី៣. ការបង្កើនកំណើនវិនិយោគក្នុងស្រុកបន្ថែម តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។
បន្ទាប់មករដ្ឋាភិបាលបានដាក់ចេញ «ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣ » ។ ហើយបន្ទាប់ទៀតរដ្ឋាភិបាលបានជំរុញការអនុវត្តឱ្យបានល្អប្រសើរនូវ «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ » « គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២ – ២០៣៥ »។
ជាលទ្ធផលបានធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញ ដោយនៅឆ្នាំ២០២១ មានកម្រិត៣% ឆ្នាំ២០២២ បានកើន ដល់ ៥,១% ឆ្នាំ២០២៣ កើនដល់ ៥,៦% ហើយឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ បានកើនឡើងដល់ ៦%។ កំណើនសេដ្ឋកិច្ចនេះ បានធ្វើឱ្យផលិតផលសរុបក្នុងស្រុកសម្រាប់ប្រជាពលរដ្ឋម្នាក់ៗបានកើនឡើងពី ១៦០០ដុល្លារ កាលពីឆ្នាំ២០២០ ឡើងដល់ពី ១៩១៧ដុល្លារ កាលពីឆ្នាំ២០២៣ និងឆ្នាំ២០២៤ បានកើនដល់ ២០៧១ដុល្លារ។
យោងតាមសូចនាករម៉ាក្រូសេដ្ឋកិច្ចដែលរៀបចំឡើងដោយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានវាយតម្លៃនិងព្យាករកំណើន សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៥ នឹងទទួលបានក្នុងរង្វង់ ៦,៣%។ ជាមួយគ្នានេះ ផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់ៗត្រូវបានរំពឹងថានឹងកើនឡើងដល់ ២៩២៤ដុល្លារ កើនឡើងជាង ៤០% ធៀបនឹងតួលេខដែលបានព្យាករនៅឆ្នាំ ២០២៤៕
ដោយ៖ មឿន ឌីណា (Moeun Dyna)