កំពង់ចាម៖ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៤ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជា៤គន្លង ចាប់ពីរង្វង់មូលស្គន់ ក្នុងស្រុកជើងព្រៃរហូត ដល់រង្វង់មូលស្ពានគីហ្សូណា ទីរួមខេត្តកំពង់ចាម ដែលមានប្រវែង ៤៥.៤៨គីឡូម៉ែត្រ សម្រេចបាន ២៨,៧៦%។
លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោងស្ថាបនាផ្លូវជាតិលេខ៧ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស និងក្រុមហ៊ុនម៉ៅការសាងសង់ (CRBC) ចុះត្រួតពិនិត្យវឌ្ឍនភាព ការងារគម្រោងនេះ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥។
គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៤ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជា៤គន្លង សម្រេចបាន ២៨,៧៦% ហើយ ចាប់ពីរង្វង់មូលស្គន់ ក្នុងស្រុកជើងព្រៃរហូត ដល់រង្វង់មូលស្ពានគីហ្សូណា ទីរួមខេត្តកំពង់ចាម ដែលមានប្រវែង ៤៥.៤៨គីឡូម៉ែត្រ។
តាមការចុះពិនិត្យនៅកំណាត់ទី១ ដែលមានប្រវែង ១៩គីឡូម៉ែត្រ ដើម្បីពិនិត្យវឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈមមួយចំនួន។
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជា៤គន្លង បានបើកការដ្ឋានសាងសង់ កាលពីអំឡុងខែមករា ឆ្នាំ២០២៣ ចាប់ពីរវង្វង់មូលស្គន់ ស្រុកជើងព្រៃ ទៅទីរួមខេត្តកំពង់ចាម ក្នុងតម្លៃ ១១៧លានដុល្លារ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិន។
គួរបញ្ជាក់ថា គម្រោងពង្រីកផ្លូវជាតិលេខ៧នេះ មានប្រវែងប្រមាណ ៤៥,៤៨គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ ទៅដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម នឹងត្រូវស្ថាបនាជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) កម្រាស់ ៩សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវពី ២គន្លង ទៅ ៤គន្លង ដោយគន្លងនីមួយៗមានប្រវែង ៣,៧៥ម៉ែត្រ និងសួនពុះទ្រូងផ្លូវ ១,៥ម៉ែត្រ។
គម្រោងនេះដែរ នឹងមានសង់ស្ពានថ្មី ១កន្លែង ប្រវែង ៤០ម៉ែត្រ ទទឹង ២៤ម៉ែត្រ និងស្ពានថ្មីចំនួន ៦កន្លែងផ្សេងទៀត ប្រវែងសរុប ១០៦ម៉ែត្រ ទទឹង ១២ម៉ែត្រ ដែលនឹងពង្រីកបន្ថែមលើស្ពានចាស់ដែលមានស្រាប់ចំនួន ១កន្លែង ទទឹង ១០,៥ម៉ែត្រ។
លូវជាតិលេខ៧ នេះគឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពល ដើម្បីតភ្ជាប់ជាមួយបណ្តាញផ្លូវនានាឆ្ពោះទៅកាន់រាជធានី-ខេត្ត៕
ដោយ៖ មឿន ឌីណា (Moeun Dyna)