តាកែវ៖ ការងារថែទាំជាប្រចាំផ្លូវចំនួន ១៨ខ្សែ ដែលក្នុងនោះ ៤ខ្សែ ប្រវែងសរុប ៥៨,៥៩០គីឡូម៉ែត្រ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និង ១៤ខ្សែទៀត ប្រវែងសរុប ៩០គីឡូម៉ែត្រ ជាផ្លូវក្រាលក្រួសល្បាយថ្មភ្នំ និងខ្សាច់ភ្នំ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួង បានឯកភាពទទួលយកការអនុវត្តការងារតាមការស្នើសុំរបស់អ្នកទទួលការ សម្រាប់ដំណាក់កាលទី១។
លោក នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃដំណាក់កាលទី១ លើការងារថែទាំជាប្រចាំផ្លូវចំនួន ១៨ខ្សែ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤។
តាមការចុះពិនិត្យ ក្នុងនោះ ៤ខ្សែ ប្រវែងសរុប ៥៨,៥៩០គីឡូម៉ែត្រ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ស្ថិតនៅក្នុងឃុំត្រាំកក់ ឃុំសំរោង ឃុំត្រពាំងធំខាងជើង ឃុំអង្គប្រាសាទ ឃុំរាមអណ្តើក ឃុំគោកព្រេច ឃុំជំរះពេន ឃុំខ្វាវ ឃុំចំបក់ ឃុំត្រពាំងក្រសាំង ឃុំក្រាំងលាវ ឃុំកុមាររាជា ស្រុកត្រាំកក់ ស្រុកគីរីវង់ ស្រុកសំរោង និងស្រុកបាទី ខេត្តតាកែវ។
១៤ខ្សែទៀត ប្រវែងសរុប ៩០គីឡូម៉ែត្រ ជាផ្លូវក្រាលក្រួសល្បាយថ្មភ្នំ និងខ្សាច់ភ្នំ ស្ថិតក្នុងឃុំព្រៃស្លឹក ឃុំជាទង ឃុំជំរះពេន ឃុំពពេល ឃុំតាអូរ ឃុំព្រៃរំដេង ឃុំពេជសារ ឃុំព្រៃអំពក ឃុំត្រពាំងក្រញូង ឃុំតាភេម ឃុំគោកព្រេច និងឃុំជើងគួន ស្រុកទ្រាំង ស្រុកត្រាំកក់ ស្រុកសំរោង ស្រុកគិរីវង់ និងស្រុកកោះអណ្តែត ខេត្តតាកែវ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ។
បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងរួចមក គណៈកម្មការបានឯកភាពទទួលយកការអនុវត្តការងារតាមការស្នើសុំរបស់អ្នកទទួលការ សម្រាប់ដំណាក់កាលទី១ ជាមួយនឹងការស្នើដល់អ្នកទទួលការត្រូវបន្តថែទាំផ្លូវទាំងអស់ខាងលើឱ្យបានចប់សព្វគ្រប់អនុលោមតាមកិច្ចសន្យា។
ជាមួយគ្នានេះ រដ្ឋលេខាធិការ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអ្នកទទួលផល អាជ្ញាធរ មូលដ្ឋាន ភូមិ ឃុំ ស្រុក និងបានសំណូមពរសូមឱ្យប្រជាពលរដ្ឋជួយថែទាំផ្លូវនេះឱ្យបានដិតដល់ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង ដើម្បីបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)