ភ្នំពេញ៖ កម្ពុជា ចុះអនុស្សរណៈយោគយល់ (MOU) ជាមួយបណ្តាប្រទេសមជ្ឈឹមបូព៌ានិងអឺរ៉ុប ស្តីពីការអនុវត្តសិទ្ធិហោះហើរកូធ័រមីណល (Co-terminal Rights) ដើម្បីជំរុញការហោះហើរត្រង់ដឹកជញ្ជូនអ្នកដំណើរ និងទំនិញ។
តាមការ ចុះ MoU លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចូលរួមជួបប្រជុំទ្វេភាគីជាមួយអាជ្ញាធរអាកាសចរណ៍ស៊ីវិលពីមជ្ឈឹមបូព៌ា រួមមាន៖ ប្រទេសកាតា និងអេមីរ៉ាត់អារ៉ាប់រួម និងអឺរ៉ុប មាន ប្រទេសតួកគី។
តាមការចុះអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងក្នុង លោក ម៉ៅ ហាវណ្ណាល់ បានអញ្ជើញចូលរួមព្រឹត្តិការណ៍ ស្តីពីការចរចាកិច្ចព្រមព្រៀងសេវាដឹកជញ្ជូនតាមផ្លូវអាកាស ដែលរៀបចំដោយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO Air Services Negotiation Event - ICAN2024) ចាប់ពីថ្ងៃទី២១ដល់២៥ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដើម្បីពិភាក្សានិងសម្រេចនូវការព្រមព្រៀងនានាពាក់ព័ន្ធនឹងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស។
គូសបញ្ជាក់ថា ការចុះ MoU នេះ បានទទួលការឯកភាពពីរាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។ តាមរយៈអនុស្សរណៈយោគយល់គ្នានេះ នឹងជំរុញការហោះហើរត្រង់ដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាសអន្តរជាតិ ពីបណ្តាប្រទេសមជ្ឈឹមបូព៌ានិងអឺរ៉ុប មកកាន់កម្ពុជា ជាគោលនយោបាយថ្មីរបស់រាជរដ្ឋាកម្ពុជា។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានជើងហោះហើរចំនួន ១៤,៧០០ជើង និងអ្នកដំណើរចេញចូលសរុបប្រមាណ ១.៣២លាននាក់ ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។ បើតាមការថ្លែង លោក ម៉ៅ ហាវវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
នៅក្នុងពិធីអបអរសាទរគម្រប់ខួប ១ឆ្នាំនៃការបើកដំណើរការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ លោក បានថ្លែងបន្តថា នៅដំណាច់ឆ្នាំ២០២៤ រំពឹងថាអ្នកដំណើរចេញ-ចូលនឹងកើនដល់ ១លាន៥០ម៉ឺននាក់ ខណៈ អាកាសយានដ្ឋានអន្តរជាតិ បានបើកផ្លូវហោះហើរទៅកាន់ ៨ប្រទេស និង១៥ទីក្រុង។
លោក បានថ្លែងបន្តថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានបន្តខិតខំពង្រឹងនិងពង្រីកលក្ខណៈសម្បត្តិរបស់ខ្លួនបន្ថែមទៀត សម្រាប់ចាប់យកកាលានុវត្តភាព ដែលមាននៅលើទីផ្សារជាតិ-អន្តរជាតិ ជាពិសេស ការត្រៀមខ្លួនឱ្យបានរួចរាល់នៅចំពោះ មុខបញ្ហាប្រឈមថ្មីៗ ដែលជាបច្ច័យពីកត្តាខាងក្រៅនិងកត្តាខាងក្នុង រួមទាំងអ្វីៗផ្សេងៗ ទៀត ដែលយើងគួរបង្កើតឱ្យមាន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)