កំពត៖ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ប្រវែងសរុប ៥៣,៥៤គីឡូម៉ែត្រ (ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) សម្រេចបាន ៩៨,៦៨% ហើយ គិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤។
លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការ និងជានាយកគម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៣១ អមដំណើរដោយក្រុមការងារPMU PIU និងមានការចូលរួមពីក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន(CRBC) និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស WACC ចុះពិនិត្យលើវឌ្ឍនភាពការរងារនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤។
ការចុះពិនិត្យលើវឌ្ឍនភាព ដើម្បីឈានទៅដំណាក់កាល នៃការប្រគល់-ទទួលបណ្តោះអាសន្ននាពេលខាងមុខផងដែរ ដែលមានន័យថាគម្រោងនេះសម្រេចមុនកិច្ចសន្យាមួយឆ្នាំ ដោយធានាកម្រិតគុណភាពតាមស្តង់ដារបច្ចេកទេសខ្ពស់។ តាមការបញ្ជាក់ លោក ខាន់ ម៉ាណេរ។
លោក ខាន់ ម៉ាណេរ តែងចុះជាប់ផ្ទាល់ប្រចាំ ដើម្បីដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន សំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាឱ្យបានការសាងសង់មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។
ការងារអ៊ុតកៅស៊ូ AC ទាំង២ស្រទាប់បានបញ្ចប់ ១០០% ចំពោះលការងារបំពាក់សម្ភារៈសុវត្តិភាពចរាចរណ៍(គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗក៏បានបញ្ចប់ស្ទើររួចរាល់ហើយដែរ។ យោងតាមរបាយការណ៍។
សូមរម្លឹកផងដែរថា គម្រោងស្តារផ្លូវជាតិលេខ៣១ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបភាពអតីតនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។ ការស្ថាបនាផ្លូវនេះស្របការបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ៣៣ ពីក្រុងកំពត ដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម)។
អតីតប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ បានឱ្យដឹងថា ការបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៣១ និងលេខ៣៣ ដើម្បីធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នានិងតភ្ជាប់ខេត្តកែបជាមួយផ្លូវជាតិលេខ៣ ដែលបានសាងសង់រួច ធ្វើយ៉ាងណាជំរុញភាពងាយស្រួលក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ឧស្សាហផល ជាពិសេស ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនាខេត្តកែបនិងខេត្តកំពត កាន់តែច្រើនថែមទៀត។ ជាងនេះគម្រោងកែលម្អផ្លូវទាំងពីរនេះ ក៏នឹងធ្វើឱ្យកំពង់ផែទេសចរណ៍កែប-កោះទន្សាយ មានសកម្មភាពកាន់តែមមាញឹកថែមទៀត។
បើតាម លោក ស៊ុន ចាន់ថុល អតីតរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងពិធីបើកការដ្ឋានគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣ រដ្ឋាភិបាលកម្ពុជាចំណាយថវិកា ១២១លានដុល្លារ សម្រាប់សាងសង់ផ្លូវជាតិទាំងពីរនេះ។
លោក ស៊ុន ចាន់ថុល បានលើកឡើងថា ផ្លូវជាតិលេខ៣១ មានប្រវែង ៥៣,៥៣គីឡូម៉ែត្រ គឺចាប់ផ្លូវបែកគូសចំណុចប្រសព្វផ្លូវជាតិ៣ ដល់ចំណុចប្រសព្វកំពង់ត្រាចតភ្ជាប់ផ្លូវជាតិលេខ៣៣។ ចំណែកផ្លូវជាតិលេខ៣៣ មានប្រវែងសរុប ៥២,៥៧គីឡូម៉ែត្រ ចាប់ពីក្រុងកំពតចំណុចប្រសព្វផ្លូវជាតិលេខ៣ ដល់ច្រកលប នៃព្រំដែនកម្ពុជាវៀតណាម។
លោក បានញ្ជាក់ថា ការសាងសង់ផ្លូវជាតិទាំង ២ខ្សែនេះឡើងវិញ ដោយសារផ្លូវទាំងពីរខ្សែ នៅមានកម្រិតគុណភាពទាប ដោយមានសភាពទ្រុឌទ្រោម និងកន្លែងខ្លះមានការខូចខាតធ្ងន់ធ្ងរ មិនអាចឆ្លើយតបនៃការរីកចម្រើននាពេលបច្ចុប្បន្នរបស់បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ។
ផ្លូវទាំងពីរខ្សែនេះ តភ្ជាប់គ្នាមានសក្ដានុពល ដែលស្ថិតនៅក្នុងតំបន់ប៉ូលសេដ្ឋកិច្ច នៃខេត្តភាគនិរតី ដែលផ្លូវជាតិលេខ៣១ សាងសង់ឆ្លងកាត់ខេត្តតាកែវ និងខេត្តកំពត។ រីឯផ្លូវជាតិលេខ៣៣ ឆ្លងកាត់ខេត្តកំពត និងខេត្តកែប។ បើតាមលោក ស៊ុន ចាន់ថុល ផ្លូវជាតិទាំងពីរខ្សែ គឺប្រទាក់ក្រឡាជាមួយដែនផ្លូវដ៏សំខាន់ដូចជា តភ្ជាប់ផ្លូវជាតិលេខ៣ ចំណុចប្រសព្វបែកគូស ទៅដល់ទីរួមស្រុកកំពង់ត្រាចខេត្តកំពត ត្រង់ចំណុចបប្រសព្វតភ្ជាប់ទៅផ្លូវជាតិលេខ៣៣ និងតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ២ តាមរយៈផ្លូវខេត្តលេខ១២៦។
លោក បានបន្ថែមថា ចំណែកផ្លូវជាតិលេខ៣៣វិញ តភ្ជាប់ពីកំពង់ត្រាច ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៣១ ឆ្ពោះទៅតំបន់ឆ្នេរធម្មជាតិ និងកំពង់ផែសមុទ្រនៅខេត្តកែប និងខេត្តកំពត ព្រមទាំងតភ្ជាប់ផ្លូវជាតិលេខ៣ គឺកំពតវាលរញ់ និងផ្លូវជាតិលេខ៤ ត្រង់ព្រៃនប់ឆ្ពោះទៅកាន់កំពង់ផែសមុទ្រខេត្តព្រះសីហនុ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)