ភ្នំពេញ៖ រយៈពេល ៩ខែឆ្នាំ២០២៤ ការនាំចេញស្បែកជើងរបស់កម្ពុជា មានការកើនឡើង ២៣% ក្នុងនោះ នាំចេញទៅអឺរ៉ុប អាមេរិក អាស៊ី និងចិនផងដែរ។ នេះបើតាមការលើកឡើង លោក លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា។
តាមការលើកឡើង លោក លី ឃុនថៃ នៅក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសាររបស់សមាជិកសមាគមស្បែកជើងកម្ពុជា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីភាព។
ការនាំចេញស្បែកជើងរបស់កម្ពុជា នឹងបន្តកើនឡើងទៀតដែលនៅសល់ប្រមាណ ២ខែទៀត។ ជាការបន្ត ប្រធានសមាគមស្បែកជើងកម្ពុជា បានបន្តទៀតថា ប៉ុន្តែ ទឹកប្រាក់មិនទាន់អាចប៉ាន់ស្មានបានទេ។
បើតាម ប្រធានសមាគមរូបនេះ ការនាំចេញនេះនឹងមានកំណើត ដោយសារសក្តានុពលនៃការបញ្ចេញទិញរបស់អ្នកវិនិយោគ ប្រមាណឆ្នាំចុងក្រោយនេះ ក៍ព្រោះថាការទុកចិត្តកាន់តែខ្លាំងនៅពេលរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចធិបតី ដែលធ្វើឱ្យអ្នកវិនិយោគមកពីប្រទេសផ្សេងៗ ចង់វិនិយោគនៅប្រទេសកម្ពុជា។
សមាគមតែងតែទាក់ទាញអ្នកវិនិយោគបរទេសមកបោះទុននៅក្នុងស្រុកយើង និងបង្កើតកម្មវិធីជួបជុំអ្នកវិនិយោគក្នុងស្រុក ដើម្បីឱ្យគាត់ពង្រីកច្រវាក់ផលិតកម្មបន្ថែម។ ជាការបន្ថែម លោក លី ឃុនថៃ បានឱ្យដឹងថា មកដល់ពេលនេះ យ៉ាងហោចណាស់មាន ៨០រោងចក្រ កំពុងដំណើរការផលិតស្បែកជើងនៅកម្ពុជា។
សមាគមស្បែកជើងកម្ពុជា បានបើកដំណើរការមកអស់រយៈពេល ៥ឆ្នាំហើយដោយសម្រេចបានសមិទ្ធផលជាច្រើន ក្នុងការរួមចំណែកជំរុញការអភិវឌ្ឍវិស័យផលិតស្បែកជើងនៅកម្ពុជា។ ជាការគូសបញ្ជាក់ លោក លី ឃុនថៃ។
កាលពីឆ្នាំ២០២៣កន្លងទៅ សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើន៥% និងត្រូវបានព្យាករថា នឹងកើនឡើងក្នុងរង្វង់ ៦% នៅឆ្នាំ២០២៤នេះ។ ក្នុងនោះ វិស័យសំខាន់ៗដែលគាំទ្រកំណើនរួមមាន វិស័យកសិកម្ម វិស័យសេវាកម្ម និងវិស័យឧស្សាហកម្ម ជាពិសេសវិស័យកាត់ដេរនេះតែម្តង។ បើតាមការលើកឡើង លោក នេត្រ ភក្ត្រា។
លោក នេត្រ ភក្ត្រា បានលើកឡើងបន្តថា បើរាប់គិតចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែកក្កដា ឆ្នាំ២០២៤ ធៀបនឹងគ្រាដូចគ្នា ពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជាបានកើនប្រមាណ៩,៤% ក្នុងទំហំទឹកប្រាក់ប្រមាណ ៥២ពាន់លានដុល្លារ ការនាំចេញមានកំណើន១២% ក្នុងទំហំប្រមាណ ២៥ពាន់លានដុល្លារ ដោយទៅកាន់ ១៧០ប្រទេស នៅតាមតំបន់នានាទូទាំងពិភពលោក។
អ្វីដែលជាការគួរឱ្យកត់សម្គាល់ វិស័យកម្មន្តសាល មានរួមទាំងការផលិតផលិតផលស្បែកជើង បានបង្ហាញពីភាពខ្លាំងរបស់ខ្លួនដោយទទួលបាននូវកំណើនប្រមាណ ២០% ស្មើនឹងទំហំទឹកប្រាក់ប្រមាណ ១៥,៦ពាន់លានដុល្លារ។ ជាការបន្ត លោករដ្ឋមន្រ្តី បន្តទៀតថា តួលេខនេះបានបង្ហាញពីការរីកចម្រើនក្នុងវិស័យផលិតស្បែកជើងនៅកម្ពុជា។
លោក បានគូសបញ្ជាក់ថា ខ្ញុំក៏បានលើកទឹកចិត្តឱ្យអ្នកវិនិយោគពីប្រទេសនានាមកបន្តបោះទុនវិនិយោគបន្ថែមនៅកម្ពុជាដើម្បីចាប់យកឱកាសនិងអត្ថប្រយោជន៍នានា ដែលរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ជូនតាមរយៈច្បាប់វិនិយោគថ្មី ទើបនឹងអនុម័តដាក់ឱ្យអនុវត្តនាឆ្នាំកន្លងទៅ។
កាលពីឆ្នាំ២០២៣ ការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា បានឈានដល់ ៤៨,៤ប៊ីលានដុល្លារ បានកើនឡើង ៧,៩% ធៀបនឹងឆ្នាំ២០២២ ដែលកំណើននេះបានមកដោយសារបរិយាកាសអំណោយផលនៃការវិនិយោគ គោលនយោបាយលើកទឹកចិត្តដល់ការវិនិយោគថ្មីៗ ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីខ្នាតធំរវាងកម្ពុជានិងដៃគូពាណិជ្ជកម្មជាយុទ្ធសាស្រ្តជាច្រើន។ តាមការរម្លឹករដ្ឋមន្រ្តីក្រសួងព័ត៌មាន។
លោក បានបន្ថែមទៀតថា ដៃគូពាណិជ្ជកម្មជាយុទ្ធសាស្រ្តជាច្រើន រួមានដូចជា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម។
ប្រទេសកម្ពុជា ស្ថិតនៅចំណាត់ថ្នាក់ទី១ ក្នុងឆ្នាំ២០២៤ សម្រាប់ប្រទេសមានកំណើនផលិតផលក្នុងស្រុកខ្លាំង និងថេរ អត្រាអតិផរណាទាប និងកំណើនយ៉ាងឆាប់រហ័សក្នុងវិស័យវិនិយោគផ្ទាល់ពីបរទេស។ បើតាម លោក រដ្ឋមន្រ្តីដដែល៕
ដោយ៖ មឿន ឌីណា (Moeun Dyna)