ភ្នំពេញ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ (ភ្នំពេញ-ព្រះសីហនុ) វឌ្ឍនភាពសម្រេចបាន ៦៦,០៦% គិតត្រឹមដើមខែសីហា ឆ្នាំ២០២៤ គ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ខាងមុខនេះ។
គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ អនុវត្តគម្រោង និងកម្មវិធីហិរញ្ញប្បទានដោយធនាគារពិភពលោក(WB)ចំនួន ១១០លានដុល្លារ គ្រោងនឹងអនុវត្តចំនួន៨ឆ្នាំ (២០១៨-២០២៦) អនុវត្តន៍ដោយក្រសួងសាធារណការ និងដឹកជញ្ជូន។
ហិរញ្ញប្បទាននេះ មានគោលបំណងសម្រាប់ជួសជុល និងថែទាំផ្លូវជាតិលេខ៤ ប្រវែង ១៩៦,១០គីឡូម៉ែត្រ ដោយពង្រីកតួផ្លូវ ជីកប្រឡាយ និងជួសជុលស្ពានចាស់ សាងសង់ស្ពានថ្មី។ ជាមួយគ្នានេះ គម្រោងក៏នឹងធ្វើបច្ចុប្បន្នភាពប្រព័ន្ធគ្រប់គ្រងទិន្នន័យផ្លូវថ្នល់ និងបណ្តុះបណ្តាបច្ចេកទេសដល់ស្ថាប័នរដ្ឋ។
កិច្ចព្រមព្រៀងឥណទានសម្បទានបន្ថែមនៃគម្រោងខាងលើ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ និងបានចូលជាធរមានកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨។
បើតាម លោក ផែង សុវិជ្ជានោ រដ្ឋលេខាធិការ និងប្រធានគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ បានឱ្យដឹងថា គម្រោងស្តារ និងថែទាំផ្លូវជាតិលេខ៤ រួមមាន៖
-កំណាត់ទី១ គីឡូម៉ែត្រលេខ១៩+៧០០ ដល់គីឡូម៉ែត្រលេខ៦០+០០០ ក្នុងខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។ ផ្លូវ៤គន្លងមានប្រវែង២៨,៨០គីឡូម៉ែត្រ និងផ្លូវ២គន្លងមានប្រវែង ១១,៥០គីឡូម៉ែត្រ ប្រវែងសរុប៤០,៣០គីឡូម៉ែត្រ។
-កំណាត់ទី២ គីឡូម៉ែត្រលេខ៦០+០០០ ដល់គីឡូម៉ែត្រលេខ១០១+០០០ ក្នុងខេត្តកំពង់ស្ពឺ។ ផ្លូវ៤គន្លង មានប្រវែង២,៦៨គីឡូម៉ែត្រ និងផ្លូវ២គន្លង មានប្រវែង៣៨,៣២គីឡូម៉ែត្រ ប្រវែងសរុប ៤១,០០គីឡូម៉ែត្រ ។
-កំណាត់ទី៣ គីឡូម៉ែត្រលេខ១០១+០០០ ដល់គីឡូម៉ែត្រលេខ១៤៣+០០០ ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។ ផ្លូវ៤គន្លង មានប្រវែង០,៣០គីឡូម៉ែត្រ និងផ្លូវ២គន្លង មានប្រវែង៤១,៧០គីឡូម៉ែត្រ ប្រវែងសរុប ៤២,០០គីឡូម៉ែត្រ ។
-កំណាត់ទី៤ គីឡូម៉ែត្រលេខ១៤៣+០០០ ដល់គីឡូម៉ែត្រលេខ១៨៦+០០០ ក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ។ ផ្លូវ៤គន្លង មានប្រវែង០,៩៣គីឡូម៉ែត្រ និងផ្លូវ២គន្លង មានប្រវែង៤២,០៧គីឡូម៉ែត្រ ប្រវែងសរុប ៤៣,០០គីឡូម៉ែត្រ ។
-កំណាត់ទី៥ គីឡូម៉ែត្រលេខ១៨៦+០០០ ដល់គីឡូម៉ែត្រលេខ២១៥+៨០០ ក្នុងខេត្តព្រះសីហនុ។ ផ្លូវ៤គន្លង មានប្រវែង៧,៣០គីឡូម៉ែត្រ និងផ្លូវ២គន្លង មានប្រវែង២២,៥០គីឡូម៉ែត្រ ប្រវែងសរុប ២៩,៨០គីឡូម៉ែត្រ ។
-កញ្ចប់ទី៦ គីឡូម៉ែត្រលេខ៤៨+៦៩៥ ដល់គីឡូម៉ែត្រលេខ២០២+៦៨៨ ជួសជុលស្ពានចាស់ចំនួន២៤ លូប្រអប់ចំនួន៨ លូមូលចំនួន៩ និងផ្លាស់ប្តូរគ្រឿងបង្គុំស្ពានចាស់ចំនួន៥ ក្នុងខេត្តកំពង់ស្ពឺ កោះកុង ខេត្តព្រះសីហនុ។
-កញ្ចប់ទី៧ គីឡូម៉ែត្រលេខ៣៨+០៧៦ ដល់គីឡូម៉ែត្រលេខ២០៤+៩៧៣ សាងសង់ស្ពានថ្មីចំនួន៨ ក្នុងខេត្ត កំពង់ស្ពឺ កោះកុង និងខេត្តព្រះសីហនុ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)