Register Already an agent ? Login

ក្រុមហ៊ុនចិន ស្វែងយល់ពីអំពីសក្ដានុពលនិងកាលានុវត្តភាពវិនិយោគ ដើម្បីពិនិត្យលទ្ធភាពបណ្ដាក់ ក្នុងវិស័យបច្ចេកវិទ្យាឌីជីថល

ភ្នំពេញ៖ ក្រុមហ៊ុន Inspur Group Co., Ltd. ដែលជាសហគ្រាសរដ្ឋរបស់ចិន បានមកទស្សនកិច្ចកម្ពុជា ស្វែងយល់ឱ្យកាន់តែលម្អិតអំពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគ ក៏ដូចជាពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅកម្ពុជាក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។

លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំក្រុមការងារ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Inspur Group Co., Ltd. ដែលជាសហគ្រាសរដ្ឋ ដែលដឹកនាំដោយលោក Ray Liu ប្រធានក្រុមហ៊ុន និងជាអ្នកគ្រប់គ្រងទូទៅនៃនាយកដ្ឋានធុរកិច្ចក្រៅប្រទេស កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។

ជំនួបពិភាក្សានេះ ក្នុងគោលបំណងស្វែងយល់ពីឱ្យកាន់តែលម្អិតអំពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគ ក៏ដូចជាពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅកម្ពុជាក្នុងវិស័យបច្ចេកវិទ្យាឌីជីថល (Computing equipment, Software, Cloud computing services, Next-generation communication, Big data and Several application scenarios)។ ជាការគូសបញ្ជាក់ លោក Ray Liu។

លោក Ray Liu បានបន្តថា គម្រោងនេះ នឹងរួមចំណែកដល់ការធ្វើបរិវត្តកម្មឌីជីថលសំដៅកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចនៃសង្គមឌីជីថលកម្ពុជា។

ក្នុងជំនួបខាងលើ លោក សួន សុផល បានសម្ដែងការស្វាគមន៍ប្រកបដោយភាពកក់ក្ដៅដល់គណៈប្រតិភូដែលបានឆ្លៀតពេលវេលាដ៏មម៉ាញឹកមកជួបពិភាក្សាដោយផ្ទាល់ដើម្បីស្វែងយល់ព័ត៌មានបន្ថែមឱ្យកាន់តែច្បាស់ និងចំគោលដៅ។ លោក បានជម្រាបជូនគណៈប្រតិភូអំពីភាពទាក់ទាញដល់ការធ្វើធុរកិច្ចនៅកម្ពុជាតាមរយៈ កិច្ចសម្រួលវិនិយោគ កញ្ចប់លើកទឹកចិត្ត និងការថែទាំវិនិយោគ ស្របតាមច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា

លោក បានគូសបញ្ជាក់ថា ជាពិសេស ពិនិត្យលទ្ធភាពគាំទ្រដល់ការបន្ស៊ីគ្នានូវគម្រោងសិក្សាស្រាវជ្រាវអភិវឌ្ឍន៍របៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ស្របតាមស្មារតីនៃអនុស្សារណៈនៃការយោគយល់គ្នាស្តីពីយន្តការការងារចម្រុះលើការកសាងរបៀងអភិវឌ្ឍន៍ឧស្សាហកម្មរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន។

បន្ថែមពីនេះ អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកទឹកចិត្តឱ្យក្រុមហ៊ុន បន្តធ្វើការឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ដើម្បីជំរុញឱ្យគម្រោងខាងលើទទួលបានជោគជ័យប្រកបដោយផ្លែផ្លា៕

ដោយ៖ មឿន ឌីណា (Moeun Dna)