Register Already an agent ? Login

អគារខុនដូ កម្ពស់៣៩ជាន់ តម្លៃ៥២លានដុល្លារ បានសម្ពោធ ខណៈ អគារខុនដូកម្ពស់ ៥២ជាន់ ៨៤លានដុល្លារ បើកការដ្ឋាន

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានតំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារខុនដូ KY iCenter កម្ពស់ ៣៩ជាន់ ក្រោមទុនវិនិយោគ ៥២លានដុល្លារ និងបើកការដ្ឋានសាងសង់អគារ Picasso II កម្ពស់ ៥២ជាន់ គ្រោងបោះទុនវិនិយោគប្រមាណ៨៤ លានដុល្លារ។

ពិធីនេះកាលពីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល បានចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Titan Stone Real Estate Group និងក្រុមហ៊ុន Picasso City Garden Development ដែលបានរួមគ្នាបណ្ដាក់ទុនវិនិយោគនៅប្រទេសកម្ពុជា និងបានពង្រីកគម្រោងវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់ទោះស្ថិតនៅក្នុងកាលៈទេសៈវិបត្តិកូវីដ-១៩កន្លងមកក្ដី។

សង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុន និងសមាគមអ្នកវិនិយោគចិននៅកម្ពុជា នឹងបន្តជួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញ និងទាក់ទាញវិនិយោគិនបរទេសពិចារណាជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគប្រកបដោយសក្តានុពល សម្រាប់ការវិនិយោគផ្ទាល់ ឬចាប់ដៃគូធុរកិច្ចជាមួយវិនិយោគិនក្នុងស្រុក។ ជាការថ្លែង លោក ស៊ុន ចាន់ថុល។

លោក ស៊ុន ចាន់ថុល បានបន្តថា ដើម្បីវិនិយោគលើវិស័យអាទិភាពខ្ពស់ដូចជា កសិកម្មនិងកសិឧស្សាហកម្ម, កម្មន្តសាលយានយន្ត និងអេឡិចត្រូនិក, ការអភិវឌ្ឍសួនឧស្សាហកម្មនិងតំបន់សេដ្ឋកិច្ចពិសេស, ទេសចរណ៍និងបដិសណ្ឋារកិច្ច, និងបច្ចេកវិទ្យាឌីជីថលនិងបៃតងជាដើម។

លោក បានបន្តទៀតថា ជាក់ស្ដែងនៅថ្ងៃនេះ ក្រុមហ៊ុនទាំងពីរ បានដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារខុនដូ KY iCenter កម្ពស់ ៣៩ជាន់ ទុនវិនិយោគប្រមាណ ៥២លានដុល្លារ និងបើកការដ្ឋានសាងសង់អគារ Picasso II កម្ពស់ ៥២ជាន់ ដោយគ្រោងបោះទុនវិនិយោគប្រមាណ ៨៤លានដុល្លារ។

នាឱកាសនោះ អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងអំណរគុណដល់សមាគមអ្នកវិនិយោគចិននៅកម្ពុជាដែលបានបំពេញបេសកកម្មរបស់ខ្លួនក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា អភិវឌ្ឍសង្គមសេដ្ឋកិច្ច ជាពិសេស ជំរុញនិងកៀរគរវិនិយោគិនចិនឱ្យមកបណ្ដាក់ទុននៅកម្ពុជាតាំងពីការបង្កើតឡើងដំបូងក្នុងឆ្នាំ២០១៨។

ជាការកត់សម្គាល់ សមាជិកសមាគមសុទ្ធសឹង តែជាវិនិយោគិនដែលមានសក្តានុពល លើវិស័យសំខាន់ៗរួមមាន វិស័យអចលនទ្រព្យ វាយនភណ្ឌ ទេសចរណ៍ និងអប់រំ ជាដើម។ ជាការគូសបញ្ជាក់ថា អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)