Register Already an agent ? Login

លោក ម៉ៅ ធនិន បានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ៤,៣៥២បណ្ណ ដល់ពលរដ្ឋក្នុងស្រុកចំនួន៣

កំពត៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤,៣៥២បណ្ណ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកចំនួន៣ រួមមាន ស្រុកបន្ទាយមាស ស្រុកអង្គរជ័យ និងស្រុកកំពង់ត្រាច។

នៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ លោក ព្រាប សុផាត ប្រធានមន្ទីរស្តីទីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានថ្លែងថា សម្រាប់ការចែកបណ្ណក្នុងថ្ងៃនេះមានចំនួន ៣ស្រុក ដែលស្មើនឹង ៤,៣៥២បណ្ណ។

លោក បានថ្លែងបន្តថា ក្នុងនោះ ស្រុកបន្ទាយមាស ភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច មានចំនួន ១,៩៩០បណ្ណ បូករួមជាមួយបណ្ណដែលនៅសេសសល់តិចតួចតាមភូមិចំនួន ១៨ភូមិ និងបណ្ណពន្ធសូន្យរបស់សម្ដេចផ្ដល់ជូនប្រជាពលរដ្ឋ សរុបមានចំនួន ២,៧៧៣បណ្ណ។

ស្រុកអង្គរជ័យ មានបណ្ណនៅសេសសល់តិចតួចតាមភូមិចំនួន ៤៥ភូមិ និងបណ្ណពន្ធសូន្យរបស់សម្ដេចផ្ដល់ជូនប្រជាពលរដ្ឋ សរុបមានចំនួន ៦៥៩បណ្ណ។ ជាការបន្ត របស់ ប្រធានមន្ទីរស្តីទី បានបន្ថែមថា ស្រុកកំពង់ត្រាច មានបណ្ណនៅសេសសល់តិចតួចតាមភូមិចំនួន ៤២ភូមិ និងបណ្ណពន្ធសូន្យរបស់សម្ដេចផ្ដល់ជូនប្រជាពលរដ្ឋ សរុបមានចំនួន ៩២០បណ្ណ។

រាជរដ្ឋាភិបាល មានការយកចិត្តទុកដាក់ខ្ពស់លើកំណែទម្រងវិស័យដីធ្លី ពិសេស បានជំរុញនិងដាក់ចេញនូវគោលការណ៍សំខាន់ៗដល់អាជ្ញាធររាជធានី-ខេត្ត ដើម្បីពន្លឿនការចេញបណ្ណកម្មសិទ្ធជូនពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានឆាប់រហ័សបំផុត ដើម្បីឱ្យពួកគាត់បានយកទៅប្រើប្រាស់ ក៏ដូចជាទាញផលប្រយោជន៍ពីវិស័យដីធ្លីនេះ។ ជាការថ្លែង លោក ម៉ៅ ធនិន អភិបាលខេត្តកំពត។

លោក ម៉ៅ ធនិន បានថ្លែងបន្តថា ដោយអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល អាជ្ញាធរខេត្តកំពត រួមនឹងមន្ទីរជំនាញបានខិតខំពន្លឿនក្នុងការចុះវាស់វែងប្រមូលទិន្នន័យក្បាលដីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនពលរដ្ឋនៅតាមបណ្តាក្រុង-ស្រុកទាំង៩ និងពន្លឿនការចេញវិញ្ញាបណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដែលមានការយកចិត្តទុកដាក់ខ្ពស់លើកំណែទម្រងដីធ្លី៕

ដោយ៖ មឿន ឌីណា (Moeun Dyna)