ភ្នំពេញ៖ កម្ពុជាបានក្លាយជាប្រទេសដែលផលិតគ្រាប់ស្វាយចន្ទីច្រើនជាងគេលំដាប់ទី២ នៅលើពិភពលោក ជាមួយនឹងការប្រមូលបានទិន្នផលសរុបកើនដល់ជាង ៨៣ម៉ឺនតោន បន្ទាប់ពីប្រទេស កូតឌឺវ័រ រយៈពេល ៧ខែ ឆ្នាំ២០២៤។ បើតាម លោក អួន ស៊ីឡុត ប្រធានសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា (CAC)។
គ្រាប់ស្វាយចន្ទី បាននាំចេញទៅប្រទេសវៀតណាមជាង ៧៨ម៉ឺនតោន ទំហំទឹកប្រាក់ជាង ១ពាន់លានដុល្លារ ដោយក្នុង១គីឡូក្រាម គ្រាប់ស្វាយចន្ទីស្ងួតមានតម្លៃ ៧ ៣០០រៀល។ ជាការបញ្ជាក់ លោក អួន ស៊ីឡុត។
កំណើននេះមិនមែនចៃដន្យនោះទេ ពីព្រោះតាំងពីខែឧសភា សមាគមបានរកឃើញថា ទិន្នផលគ្រាប់ស្វាយចន្ទីនៅកម្ពុជាមានកំណើនខ្ពស់ ដែលអាចសម្របខ្លួនជាមួយបាតុភូតអេល នីណូ (El Nino) ទន្ទឹមគ្នានឹងផ្ទៃដីដាំដុះក៏បានកើនឡើងផងដែរ។ ជាការបន្ត លោក អួន ស៊ីឡុត។
បើតាមប្រធាន CAC បានបន្តទៀតថា បច្ចុប្បន្នប្រទេសផលិតគ្រាប់ស្វាយចន្ទីឆៅធំជាងគេទី១ របស់ពិភពលោក គឺប្រទេសកូតឌីវ័រ ខណៈ កម្ពុជាជាប្រទេសលំដាប់ទី២ បាននាំមុខប្រទេសឥណ្ឌា ដោយរុញប្រទេសឥណ្ឌាឱ្យធ្លាក់មកនៅលេខរៀងទី៣។
លោក បានបន្ថែមថា ឧស្សាហកម្មគ្រាប់ស្វាយចន្ទីកម្ពុជានាពេលនេះ ទាមទារឱ្យមានការវិនិយោគបន្ថែមប្រមាណ ៣២៩ លានដុល្លារ ដើម្បីអនុវត្តតាមគោលនយោបាយជាតិគ្រាប់ស្វាយចន្ទីឆ្នាំ២០២២-២០២៧ ដោយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលពាក់ព័ន្ធបន្ថែម រួមជាមួយនឹងការជំរុញឱ្យមានការវិនិយោគលើការកែច្នៃក្នុងស្រុកផងដែរ។
ការកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកច្រើន អាចផ្តល់ឱកាសការងារដល់ពលរដ្ឋ ជាពិសេសអាចរក្សាបានតម្លៃសមរម្យ និងកាត់បន្ថយចំនួនឈ្មួញកណ្តាល។ ជាការគូសបញ្ជាក់ថា ប្រធាន CAC។
គួរបញ្ជាក់ផងដែរថា នៅខែកញ្ញាខាងមុខសម្រាប់ដំណាំចន្ទី មានសហគមន៍កសិកម្មទំនើបចំនួន៣ ស្ថិតក្នុងខេត្តកំពង់ធំ នឹងត្រូវបង្កើតឡើងជាផ្លូវការ រួមមាន៖ កំពង់ធំសាលាវិស័យ មានសមាជិកចំនួន ៨៨នាក់ និងផ្ទៃដីដាំស្វាយចន្ទីចំនួន២០៤ហិកតា, សហគមន៍កសិកម្មទំនើបប្រាសាទសំបូរ មានសមាជិកចំនួន ៩៧នាក់ មានផ្ទៃដីដាំដុះស្វាយចន្ទីចំនួន ៥០៩ ហិកតា និងសហគមន៍ទំរីងកំពង់ធំ មានសមាជិកចំនួន ៧៦នាក់ និងមានផ្ទៃដីដាំដុះចំនួន ៤៦០ហិកតា៕
ដោយ៖ មឿន ឌីណា (Moeun Dna)