កោះកុង៖ គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ មានប្រវែង ១៤៨គីឡូម៉ែត្រ ចាប់ផ្តើមនៅត្រង់បំបែកផ្លូវជាតិលេខ៤ ចំណុចបង្គោលគីឡូម៉ែត្រលេខ១៤១+៧៥០ (ចំការហ្លួង) រហូតដល់ក្រុងខេមរភូមិន្ទ នៃខេត្តកោះកុង វឌ្ឍនភាពការងារ សម្រេចបានជាង ៦៤,០៥%ហើយ។ បើតាមកិច្ចប្រជុំត្រួតពិនិត្យរួមគ្នាលើកទី៥ (5th Joint Monitoring Meeting) ដែលដឹកនាំដោយ លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោង។
បើតាមកិច្ចប្រជុំនេះ ស្ដីពីវឌ្ឍនភាពការងារគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងមូលនិធិសហប្រតិបត្តិការសេដ្ឋកិច្ចកូរ៉េ (EDCF) តំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងមន្ត្រីបច្ចេកទេសជំនាញពាក់ព័ន្ធ។
កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីពិនិត្យមើលវឌ្ឍនភាពសាងសង់ ស្ថានភាពជាក់ស្ដែងនៃការអនុវត្តគម្រោង តាមរយៈការជំរុញផែនការអនុវត្តការគ្រប់គ្រងគុណភាព ការផ្គត់ផ្គង់សម្ភារ គ្រឿងចក្រ និងកម្លាំងពលកម្ម សំណូមពរ បញ្ហាប្រឈម និងដំណោះស្រាយរបស់ក្រុមហ៊ុន និងទិសដៅការងារដាច់ខាត និងពិស្តារ សំដៅពន្លឿនការងារសាងសង់សម្រាប់រដូវប្រាំងខាងមុខនេះ ឱ្យសម្រេចបានតាមគម្រោងផែនការ បញ្ចប់ការដ្ឋានសាងសង់ផ្លូវ ខែឧសភា ឆ្នាំ២០២៥។
គួររម្លឹកផងដែរថា គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ បានប្រារព្ធពិធីបើកការដ្ឋានកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី។ គម្រោងនេះ សាងសង់ដោយក្រុម ហ៊ុនសាងសង់កូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture ក្នុងទំហំទឹកប្រាក់ជាង ៧៨លានដុល្លារ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)