កំពត៖ ស្រុកដងទង់មានចំនួន ១០ឃុំ ស្មើនឹង ៥៤ភូមិ ដែលបានចាប់ដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចាប់ពីឆ្នាំ២០០៩ ទទួលបានលទ្ធផលគឺ ប្រកាសតំបន់វិនិច្ឆ័យ និងវាស់វែងប្រមូលទិន្នន័យបញ្ចប់ទាំងស្រុង ទាំង ៥៤ភូមិ មានក្បាលដីប៉ាន់ស្មានសរុបចំនួន ៧៥,៤២៤ក្បាលដី។ យោងតាមរបាយការណ៍របស់ លោក ព្រាប សុផាត ប្រធានមន្ទីរស្តីទីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត។
នៅក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នៅសាលាស្រុកដងទង់ លោក ព្រាប សុផាត បានបន្តថា ក្នុងនោះ មានការចែកបណ្ណរួចរាល់ជូនប្រជាពលរដ្ឋបានចំនួន ៤០ភូមិ ស្មើនឹង ៥០,៩១០ក្បាលដី (ស្មើ ៦៧,៥០%)។
កំពុងដំណើការបិទផ្សាយមិនទាន់ចប់ ត្រៀមចែកបណ្ណពេលបន្តបន្ទាប់ទៀតមានចំនួន ៥ភូមិ ស្មើ ១១,៤១៧ក្បាលដី (ស្មើ១៥,១៤%) ភូមិកំពុងដំណើរការពិនិត្យសម្អាតទិន្នន័យមិនទាន់បិទផ្សាយចំនួន ៩ភូមិ ស្មើនឹង ១៥,៣៦៩ក្បាលដី (ស្មើ១៧,៣៧%)។ តាមការបន្តទៀត លោក ព្រាប សុផាត។
លោក បានបន្ថែមថា ការចែកបណ្ណក្នុងថ្ងៃនេះ មាន ១ភូមិ មានក្បាលដីចំនួន ២,២៧៥ក្បាលដី និងបណ្ណនៅសេសសល់តិចតួចតាមភូមិចំនួន ២៦ភូមិ និងបណ្ណពន្ធសូន្យរបស់ សម្តេច ផ្តល់ជូនពលរដ្ឋ សរុបមានចំនួន ៧,១៤៤បណ្ណ។
លោក ម៉ៅ ធនិន អភិបាលខេត្តកំពត អញ្ជើញជាអធិបតីនាពិធីខាងលើ បានមានប្រសាសន៍ថា អស់កាលជាច្រើនជំនាន់មកហើយ ប្រជាពលរដ្ឋស្ទើរគ្រប់តំបន់មិនមានបណ្ណកម្មសិទ្ធិលើដីធ្លី និងផ្ទះសម្បែង ដែលធ្វើឱ្យការប្រើប្រាស់ដីធ្លី និងការទាញយកប្រយោជន៍ពីដីធ្លី មិនអស់សក្តានុពលនៃដី ហើយដោយសារប្រទេសជាតិបានកើតមានសង្គ្រាមជាបន្តបន្ទាប់ ដែលបង្ខំឱ្យប្រជាពលរដ្ឋ ត្រូវរត់ភៀសខ្លួនពីតំបន់មួយទៅតំបន់មួយ។
លោក អភិបាលខេត្ត បានបន្តថា ដោយអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល របស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី និង សម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើការកែទម្រង់វិស័យដីធ្លី ក្នុងនោះ បានជំរុញការអនុម័តច្បាប់ភូមិបាល ឆ្នាំ២០០១ និងបានចេញលិខិតបទដ្ឋានគតិយុត្ត ក្រោមច្បាប់ជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងដីធ្លី ទាំងដីរបស់រដ្ឋ ដីឯកជន ដីវត្តអារាម និងដីសហគមន៍ជនជាតិដើមភាគតិច ជាដើម។
គួរបញ្ជាក់ថា បន្ទាប់ពីមានគោលការណ៍ច្បាប់គ្រប់គ្រាន់ រាជរដ្ឋាភិបាលបានជំរុញការចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធិ តាមរយៈការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងបានបង្កើតយុទ្ធនាការចុះវាស់វែងដីធ្លីចេញបណ្ណកម្មសិទ្ធិតាមបទបញ្ជាលេខ ០១បប ជាលទ្ធផលគិតតាំងពីពេលចាប់ផ្តើមរហូតមកទល់ពេលនេះ ការចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធិនៅទូទាំងប្រទេសសម្រេចបានប្រមាណ ៩៧,២% ធៀបនឹងក្បាលដីប៉ាន់ស្មានដំបូងចំនួន ៧លានក្បាលដី៕
ដោយ៖ មឿន ឌីណា (Moeun Dyna)