Register Already an agent ? Login

ក្រុមហ៊ុនចិនធំៗ ស្វែងរកឱកាសវិនិយោគលើវិស័យ ថាមពលស្អាត បរិស្ថាន សុខាភិបាល កសិកម្ម ឧស្សាហកម្ម ហិរញ្ញវត្ថុនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនវិនិយោគចិនធំៗចំនួន១២ ស្វែងរកឱកាសវិនិយោគលើវិស័យសក្ដានុពលនានា​ ដូចជា វិស័យថាមពលស្អាត​ និងបរិស្ថាន សុខាភិបាល កសិកម្ម ឧស្សាហកម្ម ហិរញ្ញវត្ថុ និងវិស័យផ្សេងៗមួយចំនួនទៀត នៅកម្ពុជា។ បើតាមជំនួប សម្ដេចធិបតី នាយករដ្ឋមន្រ្តី និង លោក Zhao Yudong ប្រធានក្រុមហ៊ុន Everbright Group Everbright Sunshine Asset Management Co.,Ltd និងជាតំណាងគណៈប្រតិភូក្រុមហ៊ុនវិនិយោគ។

ជំនួបនេះ នាព្រឹកថ្ងៃទី២០ សីហា ២០២៤ នៅរាជធានីភ្នំពេញ លោក Zhao Yudong សម្ដែងនូវការពេញចិត្ត និងការកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយ និងវិធានការថ្មីប្រកបដោយភាពជាក់ស្ដែងនិយម ក្នុងការលើកទឹកចិត្តដល់វិនិយោគិន និងការធានានូវបរិស្ថានល្អប្រសើរសម្រាប់ការវិនិយោគនៅកម្ពុជា។

លោក Zhao Yudong ក៏គូសបញ្ជាក់ សម្ដេចធិបតី ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុមហ៊ុនវិនិយោគ ទាំង១២ក្រុមហ៊ុននៅកម្ពុជានាឱកាសនេះ គឺក្នុងគោលបំណងស្វែងរកឱកាសវិនិយោគលើវិស័យសក្ដានុពលនានា ដូចជា វិស័យថាមពលស្អាត និងបរិស្ថាន សុខាភិបាល កសិកម្ម ឧស្សាហកម្ម ហិរញ្ញវត្ថុ និងវិស័យផ្សេងៗមួយចំនួនទៀត។  

ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយ និងស្វាគមន៍ចំពោះចំណាប់អារម្មណ៍ របស់ក្រុមហ៊ុនទាំង១២​ ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។

វិស័យសក្តានុពល ដែលគណៈប្រតិភូចាប់អារម្មណ៍គឺជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល​ ដែលយកចិត្តទុកដាក់​​​ និងត្រៀមផ្តល់កិច្ចសម្របសម្រួល​​​ ក៏ដូចជាការលើកទឹកចិត្តដល់ណ្តាក្រុមហ៊ុន​​វិនិយោគ។ តាមការគួសបញ្ជាក់ថា សម្ដេច នាយករដ្ឋមន្រ្តី ក៏បានគូសរំលេចអំពីគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតនូវក្របខ័ណ្ឌសម្រាប់វិនិយោគិនបរទេស។

ប្រមុខរាជរដ្ឋាភិបាល បានមានប្រសាសន៍ឱ្យដឹងថា ក្នុងនោះ ការដាក់ចេញនូវច្បាប់ស្ដីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា​, លិខិតបទដ្ឋានគតិយុត្ត និងវិធានការចាំបាច់នានា ជាមួយនឹងកញ្ចប់វិធានការលើកទឹកចិត្ត​ ដែលបង្កើតនូវបរិយាកាសវិនិយោគ ដែលមានលក្ខណៈអំណោយផល​ អាចប៉ាន់ប្រមាណបាន និងសម្បូរបែប។

នាឱកាសនោះ សម្ដេចធិបតី បានលើកទឹកចិត្តដល់គណៈប្រតិភូវិនិយោគ បន្តសហការនិងពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីទទួលបានព័ត៌មានបន្ថែម និងអាចស្វែងយល់កាន់តែច្បាស់បន្ថែមទៀតអំពីសក្ដានុពលវិនិយោគនៅកម្ពុជា។

គួរបញ្ជាក់ថា ប្រតិភូក្រុមហ៊ុនវិនិយោគចិន ដែលបានចាប់អារម្មណ៍ចំពោះសក្តានុពល និងបរិយាកាសវិនិយោគលើវិស័យសំខាន់ៗមួយចំនួននៅកម្ពុជា ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម ហិរញ្ញវត្ថុ និងថាមពល ស្របពេលដែលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ទទួលការវិនិយោគ ធ្វើពាណិជ្ជកម្ម ដែលជាដង្ហើមដ៏ចាំបាច់បំផុត សម្រាប់ជំរុញខឿនសេដ្ឋកិច្ចជាតិ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)