កណ្ដាល៖ រដ្ឋបាលខេត្តកណ្ដាល បានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ផ្តល់ជូនប្រជាពលរដ្ឋមកពី ភូមិកណ្ដាលកោះ ភូមិចុងកោះ ភូមិកោះតូច និងភូមិក្បាលកោះ សង្កាត់កោះឧកញ៉ាតី ក្រុងអរិយក្សត្រ ចំនួនសរុប ២,៣៧២បណ្ណ។
រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតយ៉ាងសំខាន់លើការគ្រប់គ្រងដីធ្លី និងសំណង់ ដោយត្រូវបន្តអនុវត្តការកែទម្រង់ឱ្យកាន់តែសកម្ម និងស៊ីជម្រៅ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍវិស័យដីធ្លីឱ្យបានត្រឹមត្រូវ និងកាន់តែមានប្រសិទ្ធភាព តាមរយៈការពង្រឹងការគ្រប់គ្រងដីធ្លី។ ជាការលើកឡើង លោក ប៊ុន ផេង អភិបាលរងខេត្តកណ្តាល។
នៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ លោក ប៊ុន ផេង បានបន្តថា ដោយជំរុញបញ្ចប់ការចុះបញ្ជីដីគ្រប់ប្រភេទ ព្រមទាំងផ្តល់បណ្ណកម្មសិទ្ធិជូនអ្នកកាន់កាប់ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមលក្ខខណ្ឌឱ្យបានចប់សព្វគ្រប់ជាស្ថាពរ។
នាឱកាសនោះ លោក ថ្លែងអំណរអរគុណ ចំពោះប្រជាពលរដ្ឋ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញ ជាពិសេសមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលជាប្រតិបត្តិករផ្ទាល់ និងអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងចូលរួមយ៉ាងមមាញឹក នៅក្នុងដំណើរការចុះបញ្ជីដីធ្លីលើគ្រប់នីតិវិធី និងគ្រប់ដំណាក់កាល ដើម្បីជំរុញការងារចេញបណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋឱ្យនាពេលនេះ។
អភិបាលរងខេត្ត បានថ្លែងនូវការចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋទាំងអស់ ដែលទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នាឱកាសនេះ និងសូមស្នើយកចិត្តទុកដាក់ថែរក្សាឯកសារនេះឱ្យបានត្រឹមត្រូវ ប្រើប្រាស់បានចំគោលដៅ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដើម្បីគាំទ្រដល់ការកសាងជីវភាពគ្រួសារឱ្យបានកាន់តែល្អប្រសើរ។
លោក ក៏សូមឱ្យមន្ទីរ-អង្គភាព និងអាជ្ញាធរដែលមានការពាក់ព័ន្ធបន្តចូលរួមសហការគាំទ្រដល់ដំណើរការចុះបញ្ជីដីធ្លី ដែលនៅសេសសល់ទាំងនៅក្នុងស្រុកខ្សាច់កណ្តាល និងនៅក្នុងក្របខ័ណ្ឌខេត្តទាំងមូល ឱ្យទទួលបានលទ្ធផលកាន់តែជោគជ័យ មានប្រសិទ្ធភាព និងសម្រេចបានទាន់ពេលវេលា ឈានទៅបញ្ចប់ការចុះបញ្ជីដីធ្លីតាមផែនការដែលបានកំណត់ ។
គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល បើគិតមកដល់ពេលនេះការចុះបញ្ជីបាន ៥៥ឃុំ/សង្កាត់ លើ ១២៧ ឃុំ/សង្កាត់ នឹង ៥១២ភូមិ លើ ១០១០ ភូមិ គឺស្មើនឹង ៥១% នៃចំនួនភូមិសរុប ដែលមានក្បាលដីប៉ាន់ស្មានសរុបចំនួន ៨៣៨,៦៥៣ក្បាលដី។
អាជ្ញាធរ ចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបានចំនួន ៣៧៨,២៨១បណ្ណ និងធ្វើការចែកបណ្ណជូនដល់ដៃប្រជាពលរដ្ឋសរុបចំនួន ២២២លើក ស្មើនឹង ៣០២,២៣៣បណ្ណ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)