Register Already an agent ? Login

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា វឌ្ឍនភាពសម្រេចបាន ១២,៣៦%

ភ្នំពេញ៖ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន ១២,៣៦% ហើយ គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។

បច្ចុប្បន្ន សម្រាប់ការងារសសរគ្រឹះចំនួន ៣៦ដើម បានចាក់បេតុងរួច ក្នុងចំណោម ១៥៦ដើម និងចាក់ជើងតាងបាន ៦ ក្នុងចំណោម ២០ជើងតាង។

ចំណែកឯ ការងារហេដ្ឋារចនាសម្ព័ន្ធផ្នែកក្រោម ចាក់សរសរភ្លោះបាន៤ ក្នុងចំណោម ១២សសរ ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)  មានប្រវែងសរុប ១៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ ទទឹងផ្លូវ២៧ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ ទទឹងផ្លូវ ២៧ម៉ែត្រ)។

គម្រោងនេះ សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន បើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចធិបតី និងលោក វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

គម្រោងស្ថាបនាស្ពានចាក់អង្រែក្រោម-ព្រែកប្រា តម្លៃប្រមាណ ៦០លានដុល្លារ រយៈពេលសាងសង់ ៤២ខែ ដោយប្រើឥណទានសម្បទានរបស់ចិន និងត្រូវស្ថាបនាមួយខ្សែ (ដូចស្ពានកោះនរា ឬស្ពានឫស្សីកែវ) ទទឹង ២៧ម៉ែត្រ, ៤គន្លងរថយន្ត ,២កន្លងម៉ូតូ និង២គន្លងថ្មើរជើង។

ស្ពាននេះ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ។ ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ។កាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់។

ស្ពានឆ្លងកាត់ទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា គឺជាគម្រោងយុទ្ធសាស្រ្តមួយយ៉ាងសំខាន់សម្រាប់តភ្ជាប់ និងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេស កាត់បន្ថយការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្ស។

គួរបញ្ជាក់ថា បច្ចុប្បន្ន ស្ពានឆ្លងកាត់ទន្លេក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ កំពុងដំណើរការ មានចំនួន ៧រួចហើយ ដែលរួមមាន ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ជ្រោយចង្វារ, ស្ពានមិត្តភាពកម្ពុជា-ចិន ជ្រោយចង្វារ, ស្ពានព្រះមុនីវង្សច្បារអំពៅ (ទី១), ស្ពានព្រះមុនីវង្សច្បារអំពៅ (ទី២), ស្ពានបេតុងខ្សែកាប្លិ៍ ឆ្លងទន្លេសាប ប្ញស្សីកែវ, ស្ពានបេតុងខ្សែកាប្លិ៍ តភ្ជាប់តំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ និង ស្ពានព្រែកព្នៅ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)