Register Already an agent ? Login

ផ្លូវលំជនបទ DBST ១ខ្សែ ប្រវែងជិត ៤គីឡូម៉ែត្រ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ វាយតម្លៃបញ្ចប់ស្ថាបនា ១០០%

ត្បូងឃ្មុំ៖ ផ្លូវ១ខ្សែនេះ ប្រវែង ៣,៥០០គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ ស្ថាបនាដោយនាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានគណៈកម្មការអន្ដរក្រសួង ត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់ ១០០%។

លោក ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្ដរក្រសួង ចុះត្រួតពិនិត្យវាយតម្លៃបញ្ចប់សុពភាពការងារស្ថាបនាផ្លូវក្រាលកៅស៊ូ (DBST) ចំនួន ១ខ្សែ ប្រវែង ៣,៥០០គីឡូម៉ែត្រ។

តាមការចុះចុះត្រួតពិនិត្យវាយតម្លៃបញ្ចប់ មានការចូលរួមពីសំណាក់ លោកប្រធានអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ និងអាជ្ញាធរឃុំ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤។

ផ្លូវក្រាលកៅស៊ូ (DBST) ១ខ្សែ ប្រវែង ៣,៥០០គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថិតនៅភូមិបង្ហើរខ្លែង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ 

រាជរដ្ឋាភិបាល បាននិងកំពុងខិតខំអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យឱ្យកាន់តែមានភាពរីកចម្រើនទៅមុខបន្ថែមទៀត ដោយបានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ” ដំណាក់កាលទី១ ដើម្បីកម្ពុជាអាចសម្រេចចក្ខុវិស័យ ជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ ជាការលើកឡើង លោក ប៊ុន ច័ន្ទវណ្ណៈ។

លោក ប៊ុន ច័ន្ទវណ្ណៈ បានបន្តថា ជាក់ស្ដែងកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ រាជរដ្ឋាភិបាលបានបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជាលើវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងបរិស្ថាន។

លោក រដ្ឋលេខាធិការ បានសំណូមពរអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ដែលមានតួនាទីទទួលបន្ទុកថែទាំបន្ត ដោយសហការណែនាំឱ្យប្រជាពលរដ្ឋចូលរួមក្នុងការថែទាំសមិទ្ធផលខាងលើនេះ ដើម្បីរក្សាគុណភាពផ្លូវ គង់វង្សយូរអង្វែងផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)