ភ្នំពេញ៖ ប្រទេសសិង្ហបុរីគឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់មួយរបស់កម្ពុជា។ យោងតាមទិន្នន័យដែលកត់ត្រាដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ប្រភពទុនវិនិយោគពីសិង្ហបុរីស្ថិតក្នុងចំណោមប្រភពទុនវិនិយោគផ្ទាល់ពីបរទេសឈានមុខទាំង១០ បានបណ្តាក់ទុនវិនិយោគសរុបប្រមាណ ៤០០លានដុល្លារ ក្នុងរយៈពេល ៥ឆ្នាំកន្លងទៅនេះ។
ខាងលើជាការលើកឡើង លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគ និងជាតំណាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចូលរួមជាអធិបតីក្នុងពិធីបើកកម្មវិធីពិព័រណ៍ធុរកិច្ចសិង្ហបុរី ២០២៤ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤។
វេទិកាធុរកិច្ចវិនិយោគសិង្ហបុរី ដោយមានការចូលរួម លោក Albert Tan ប្រធានវេទិកាធុរកិច្ចវិនិយោគសិង្ហបុរី និងជាអនុប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង ផលិតផលធ្វើដំណើរនៅកម្ពុជា, តំណាងស្ថានទូតសិង្ហបុរីប្រចាំកម្ពុជា, វិនិយោគិន និងធុរជនសរុបប្រមាណ ១២០នាក់។
កម្មវិធីនេះ មិនត្រឹមតែផ្តល់នូវវេទិកាដ៏មានតម្លៃសម្រាប់ធុរជនសិង្ហបុរី ក្នុងការតាំងបង្ហាញផលិតផល និងសេវាកម្ម ប្រកបដោយនវានុវត្តន៍ ព្រមទាំងស្វែងរកកិច្ចសហការជាមួយដៃគូធុរកិច្ចកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួជា វេទិកាដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរីផងដែរ។ ជាកាតគូសបញ្ជាក់ លោក ជា វុទ្ធី។
ការវិនិយោគរបស់សិង្ហបុរី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ពិសេសក្នុងវិស័យកម្មន្តសាល អចលនទ្រព្យ និងបដិសណ្ឋារកិច្ច។ ជាការបន្ត លោក ជា វុទ្ធី បន្ថែមថា វត្តមាននៃក្រុមហ៊ុនធំៗ ដូចជា Keppel Infrastructure និង Changi Airport International ក៏ដូចជាម៉ាកល្បីៗ ដូចជា Charles & Keith, Ya Kun និង 800super បានបង្ហាញថា ការវិនិយោគរបស់សិង្ហបុរីពិតជាបានជំរុញការអភិវឌ្ឍរបស់កម្ពុជា។
នាឱកាសនោះ អគ្គលេខាធិការ ក៏បានចែករំលែកនូវចំណុចគន្លឹះមួយចំនួនដែលបានទាក់ទាញវិនិយោគិនសិង្ហបុរីមកបោះទីតាំងនៅកម្ពុជា ដូចជា កត្តាមូលដ្ឋានសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា, កម្លាំងពលកម្មវ័យក្មេងនិងមានជំនាញ, ទីតាំងយុទ្ធសាស្ត្រដែលស្ថិតនៅចំកណ្តាលនៃមហាអនុតំបន់មេគង្គនិងតំបន់អាស៊ីអាគ្នេយ៍, កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគី ជាមួយទីផ្សារធំៗ។
លោក បានបន្តទៀតថា វិនិយោគិនទទួលបានផលប្រយោជន៍ពីភាពងាយស្រួលក្នុងការប្រើប្រាស់ថាមពលស្អាត និង បៃតងប្រមាណ ៥៧% នៃការផ្គត់ផ្គង់អគ្គិសនីរបស់កម្ពុជា គឺទទួលបានពីប្រភពថាមពលកកើតឡើងវិញ។
បន្ថែមលើនេះ រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងកសិ-ខុស្សាហកម្ម ជាពិសេស ដំណាំកៅស៊ូ និងការកែច្នៃជ័រកៅស៊ូ ព្រមទាំងបានវិនិយោគយ៉ាងច្រើននៅក្នុងគម្រោង ហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលកំពុងប្រតិបត្តិការ ព្រមទាំង គម្រោងនាពេលខាងមុខ ដូចជាផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដែលតភ្ជាប់ប្រទេសកម្ពុជាទៅប្រទេសវៀតណាម និងថៃរៀងគ្នា ដែលជាលទ្ធផលនឹងជួយសម្រួលដល់ការ អនុវត្តយុទ្ធសាស្ត្រ “ប្រទេសបូក” របស់អាជីវកម្ម។ បើតាមបន្ថែមទៀត លោក ជា វុទ្ធី។
បើតាម លោក ជា វុទ្ធី បានលើកឡើងទៀតថា ចំពោះគម្រោងអាកាសយានដ្ឋានថ្មីៗ អាកាសយានដ្ឋានអន្តរ ជាតិសៀមរាប-អង្គរ បានចាប់ផ្តើមប្រតិបត្តិការកាលពីខែតុលាកន្លងទៅ ខណៈដែលអាកាសយានដ្ឋានអន្តរជាតិ តេជោ កំពុងត្រូវបានសាងសង់និងគ្រោងបញ្ចប់ការសាងសង់នៅដំណាច់ឆ្នាំនេះ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានបើកការដ្ឋានសាងសង់ជា ផ្លូវការនូវគម្រោងជាប្រវត្តិសាស្ត្រ ព្រែកជីកហ្វូណនតេជោ ដោយមានការ ប្រារព្ធពិធីអបអរសាទរទូទាំងប្រទេសកាលពីសប្តាហ៍មុននេះផងដែរ។
អគ្គលេខាធិការ ក៏បានរៀបរាប់ដោយសង្ខេបអំពីស្ថានភាពអភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា បច្ចុប្បន្នមានតំបន់សេដ្ឋកិច្ចពិសេសចំនួន២៦ដែលកំពុងដំណើរការ ដោយបានស្រូបទាញគម្រោងវិនិយោគប្រមាណជាង ៧០០ ក្នុងទំហំទុនវិនិយោគសរុបប្រមាណជាង ២៨ប៊ីលានដុល្លារ និងបង្កើតការងារបានជាង ១៨០ពាន់កន្លែង។
លោក ក៏បានលើកឡើង ពីច្បាប់ស្តីពីវិនិយោគនិងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ដែលផ្តល់ជូនវិនិយោគិននូវកញ្ចប់លើកទឹកចិត្តឆ្លាតវៃ, គោល នយោបាយ និងការបន្តដាក់ចេញនូវវិធានការគាំទ្ររបស់រាជរដ្ឋាភិបាលក្នុងការកែលម្អបរិយាកាសវិនិយោគ និង ធុរកិច្ចនៅកម្ពុជា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)