Register Already an agent ? Login

គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់កោះកុង-ពោធិ៍សាត់-បាត់ដំបង វឌ្ឍនភាព ៨៩,៥៦% គ្រោងបញ្ចប់ខែមិថុនា ឆ្នាំ២០២៥

កោះកុង៖ គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៤ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ពីខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង សម្រេចវឌ្ឍនភាពសាងសង់បានចំនួន ៨៩,៥៦%។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា គ្រោងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។

គម្រោងសាងសង់ផ្លូវជាតិលេខ១០ បានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ គ្រោងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ មានរយៈពេល ៦៦ខែ។

ប្រវែងសរុបគម្រោងផ្លូវជាតិលេខ១០ មានចំនួន ១៩៨,២១៨គីឡូម៉ែត្រ រាប់ចាប់ពីផ្លូវជាតិលេខ57-7 ត្រង់ចំណុច PK35+900 នៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨(ចាស់) ត្រង់ចំណុច PK1+700 ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ផ្លូវជាតិលេខ១០ គឺជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងសរុប ១៩៨,៥១គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ។ សាងសង់ឱ្យមានស្ពានចំនួន ២៨កន្លែង សរុបប្រវែង ​១ ៧២១,៤៦ម៉ែត្រ និងមានស្ពានខ្ពស់ជាងគេមួយកម្ពស់ ៧៥ម៉ែត្រ បណ្តោយ ៥៣០ម៉ែត្រ និងទទឹង ១០ម៉ែត្រ ក៏ដូចជាមានបំពាក់ ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពផងដែរ។

ផ្លូវជាតិលេខ១០ ចំណាយថវិកាសរុបប្រមាណ ១៨៨.៣៨លានដុល្លារអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ពន្ធអាករផ្សេងៗ និងសួយសារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)