Register Already an agent ? Login

ស្រូវ ខេត្តព្រៃវែងនិងខេត្តស្វាយរៀង កំពុងជួបបញ្ហារាំងស្ងួតប្រឈមស្ថានភាពខ្វះទឹក ខណៈរងចាំទឹកភ្លៀង ១សប្តាហ៍ទៀត

ភ្នំពេញ៖ ស្រូវមួយចំនួនក្នុងខេត្តព្រៃវែង​ និង​ខេត្តស្វាយរៀង​ ស្រុកស្វាយជ្រំ​ ក្នុងឃុំ​ចំនួន​​៧​ សរុបប្រមាណ ៣៤៣៧ហិកតា​ កំពុងជួបបញ្ហារាំងស្ងួត​ ហើយ​និង​ប្រឈមស្ថានភាព​ខ្វះទឹក ប្រសិនបើ​​មិនមានភ្លៀងធ្លាក់ក្នុងរយៈពេល​ ១សប្តាហ៍ទៀត។ តាមការបញ្ជាក់ លោក តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការ ​និងជាប្រធានក្រុមសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយមប្រចាំខេត្តទាំងពីរ។

លោក តន់ វ៉ាន់ថារ៉ា រួមជាមួយប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង និងខេត្តស្វាយរៀង និងសហការី ព្រមទាំង លោក សរ សុដានី អភិបាលរងខេត្តស្វាយរៀង និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យស្ថានភាពប្រភពទឹកទន្លេតូច ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ចាម និងខេត្តព្រៃវែង នៅថ្ងៃ​ទី១៥ ខែសីហា ឆ្នាំ២០២៤។

​រដ្ឋលេខាធិការ បានឱ្យដឹងថា​ ការចុះពិនិត្យស្ថានភាពទឹកទន្លេតូច​នៅពេលនេះ​ គឺ​ដើម្បី​បើកទ្វារទឹក​ឱ្យហូរកាត់​តាមប្រព័ន្ធប្រឡាយវ៉ៃគោ​ជំហាន១​ មកជួយសង្គ្រោះ​ស្រូវនៅប៉ែកខាងក្រោម​ក្នុងខេត្តព្រៃវែង និង​បន្តហូរ​ចូលតាមប្រព័ន្ធប្រឡាយកូនភ្លោះ​ និង​អាងទឹកកំពង់ជ្រៃ​ ដើម្បីជួយសង្គ្រោះស្រូវ​ក្នុងខេត្តស្វាយរៀង​ ​ស្រុកស្វាយជ្រំ ចំនួន​ ៧ឃុំ ស្មើនឹង​៣១០២គ្រួសារ​។

លោក បានបញ្ជាក់ថា ស្រូវមួយចំនួនក្នុងខេត្តព្រៃវែង​ និង​ខេត្តស្វាយរៀង​ ស្រុកស្វាយជ្រំ​ ក្នុងឃុំ​ចំនួន​​៧​ មាន​ឃុំ​ស្វាយយា​ ឃុំក្រោលគោ​ ឃុំស្វាយធំ​ ឃុំ​ឈើទាល​ ឃុំគ្រួស​ ឃុំចំបក់ និង​ឃុំចំឡង​ ​សរុបប្រមាណ ៣៤៣៧ហិកតា​ កំពុងជួបបញ្ហារាំងស្ងួត​ ហើយ​នឹង​ប្រឈមស្ថានភាព​ខ្វះទឹក ប្រសិនបើ​​មិនមានភ្លៀងធ្លាក់ក្នុងរយៈពេល​ ១សប្តាហ៍ទៀត។

ជាលទ្ធផល ​រដ្ឋលេខាធិការ​ បាន​ឱ្យដឹង​ថា​ មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែងនឹងបើកទ្វារទឹកតាមប្រព័ន្ធប្រឡាយវ៉ៃគោជំហាន១​ ជាបណ្ដើរៗ ដើម្បីបញ្ជូនទឹកទៅកាន់តំបន់​ដែលជួបប្រទះភាពរាំងស្ងួតប្រឈមនឹងការខ្វះទឹក។​

គួរ​បញ្ជាក់ផងដែរថា​​ ស្ថានភាពការងារបង្កបង្កើនផលស្រូវវស្សារបស់ប្រជាកសិករនៅតាមបណ្ដាក្រុង ស្រុក នៅក្នុងខេត្តស្វាយរៀង សរុបបានចំនួន ១៤៣៦៨១ហិកតា​ ស្មើនឹង ៨៥,៧៨%​ នៃ​ផែនការគ្រោងចំនួន ១៦៧៥០០ហិកតា៕​

ដោយ៖ មឿន ឌីណា (Moeun Dyna)