កំពត៖ លោក សៅ ជីវ័ន្ត រដ្ឋលេខាធិការ តំណាង លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានបើកការដ្ឋានស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ២ខ្សែ មានប្រវែងសរុប ៤ ៧៥០ម៉ែត្រ ទទឹងដីស ៨ម៉ែត្រ ក្រាលដីល្បាយក្រួសទទឹង ៧ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សាងសង់លូមូលចំនួន ៦កន្លែង ស្ថិតនៅភូមិខ្ពបរុន ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត គ្រោងបញ្ចប់ការស្ថាបនាក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងពិធីនេះ មានការចូលរួមថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ មន្រ្តីជំនាញនាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ និងមន្រ្តីជំនាញនៃក្រសួងអភិវឌ្ឍន៍ជនបទ រួមមាននាយកដ្ឋានផ្លូវលំ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសាងសង់ ស្តារឡើងវិញ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ (គ.ត.វ) អភិបាលរងស្រុកជុំគិរី មេឃុំស្រែចែង ប្រធានភូមិខ្ពបរុន និងប្រជាពលរដ្ឋសរុបចំនួន ៧០នាក់។
ក្នុងពិធីបើកការដ្ឋាននេះដែរ លោក សៅ ជីវ័ន្ត បានសំណេះសំណាលជាប្រជាពលរដ្ឋ ដោយផ្សព្វផ្សាយនូវ គោលនយោបាយ និងផែនការយុទ្ធសាស្ត្រសំខាន់ៗ ពាក់ព័ន្ធវិស័យអភិវឌ្ឍន៍ជនបទ របស់រាជរដ្ឋាភិបាលអាណត្តិទី៧។
លោក បានបន្តថា អាណត្តិទី៧ បានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្រ្ត ដឹកនាំពន្លឿនការអភិវឌ្ឍ ឈានឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
លោក បានគូសបញ្ជាក់ថា ក្រោមកម្មវិធីការងារជាអាទិភាពទាំង៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ រួមមាន៖
១-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ
២-ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ
៣-ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ
៤-ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ៕
ដោយ៖ មឿន ឌីណា (Meoun Dyna)