Register Already an agent ? Login

ផ្លូវជនបទ១ខ្សែ ប្រវែងជាង ៦គ.ម ប្រភេទ DBST ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានបើកការដ្ឋានសាងសង់

ត្បូងឃ្មុំ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានបើកការដ្ឋានស្ថាបនាជនបទក្រាលកៅស៊ូពីរជាន់ (DBST) ១ខ្សែ ប្រវែង ៦,៥៧០គីឡួម៉ែត្រ ទទឹង ៦ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិបេង ទៅភូមិស្ពាន ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។

ខ្សែផ្លូវនេះ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន ដោយប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា, ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនិធិអាកាសធាតុបៃតង។

នាឱកសនោះ លោក រដ្ឋមន្ដ្រី និងប្រតិភូ បានចុះពិនិត្យវឌ្ឍនភាព និងស្ថានភាពភាពផ្លូវចំនួន ២ខ្សែ គឺខ្សែទី១ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្នែកខ្លះក្រាលបេតុង មានប្រវែងសរុប ១១,២គីឡូម៉ែត្រ តភ្ជាប់ពីភូមិមេម៉ៃ ឃុំក្រែក ស្រុកពញាក្រែក ទៅដល់ភូមិស្ពាន ឃុំដារ ស្រុកមេមត់ វឌ្ឍនភាពសម្រេចបាន ៥៨,៣២% នឹងបញ្ចប់នៅចុងឆ្នាំ២០២៤។

ខ្សែទី២ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្នែកខ្លះក្រាលបេតុង មានប្រវែងសរុប ១៤គីឡូម៉ែត្រ តភ្ជាប់ពីភូមិជីពាំង ឃុំជីពាំង ស្រុកពញាក្រែក ទៅដល់ភូមិក្រសាំង ឃុំទឹកជ្រៅ ស្រុកដំបែរ បានស្ថាបនាចប់ជាស្ថាពរកាលពីខែឧសភា ឆ្នាំ២០២៤​ និងស្ថិតក្នុងក្របខ័ណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ដោយប្រើប្រាស់មូលនិធិកិច្ចប្រតិបត្តិការរវាង រាជរដ្ឋាភិបាលកម្ពុជា និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។

បន្តទៀត លោក រដ្ឋមន្ដ្រី បានទៅត្រួតពិនិត្យវឌ្ឍនភាពការអភិវឌ្ឍដីសម្បទានសង្គមកិច្ចអតីតយុទ្ធជន នៅតាមព្រំដែន ស្ថិតក្នុងឃុំទ្រៀក ស្រុកមេមត់។ លោក បានណែនាំឱ្យមន្ដ្រីបច្ចេកក្រសួង សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សាងសង់អណ្ដូងស្នប់ចំនួន ១៥អណ្ដូង និងសាងសង់បង្គន់អនាម័យចំនួន ១០៦បង្គន់ ជូនគ្រួសារអតីតយុទ្ធជន ដែលរស់នៅតំបន់នោះផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)