Register Already an agent ? Login

ផ្លូវ១ខ្សែ ប្រវែង៣គ.ម បើកការដ្ឋានស្ដារឡើងវិញកៅស៊ូ DBST ខណៈ ផ្លូវ១០ខ្សែ ជាង១៦១គ.ម បញ្ចប់ដំណាក់កាលទី១

ត្បូងឃ្មុំ៖ លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាង លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ បើកការដ្ឋានស្ដារឡើងវិញនូវផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ ប្រវែង៣គីឡូម៉ែត្រ ស្ថិតនៅភូមិចក ឃុំចក ទៅភូមិច្រវ៉ា ឃុំគងជ័យ ស្រុកអូររាំងឪខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។

នៅក្នុងពិធីនេះ មានការចូលរួមពីគណៈកម្មាធិការ គ.ត.វ មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានផ្លូវលំជនបទ និងបញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក ផងដែរ។

លោក រដ្ឋលេខាធិការប្រចាំការ បានលើកឡើងអំពីការអភិវឌ្ឍន៍លើគ្រប់វិស័យនៅកម្ពុជា ក៏ដូចជាសម្ដែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការរីកចម្រើននិងសមិទ្ធផលនានា នៅក្នុងខេត្តត្បូងឃ្មុំ ដែលសមិទ្ធិផលទាំងនេះកើតចេញពីកត្តាសុខសន្តិភាព។

លោក ឈឹម សៅគី បានលើកឡើងថា ដើម្បីចូលរួមសម្រេចឲ្យបាននូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍បានដាក់ចេញនៅអទិភាពគន្លឹះចំនួន៤ រួមមាន៖ ១-ការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍, ២-ការលើកកម្ពស់លក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ, ៣-ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និង ៤-ការពង្រឹងស្ថាប័ន និងកិច្ចការទូទៅ។

លោក បានគូសបញ្ជាក់ថា អទិភាពទាំង៤ ខាងលើនេះគឺសំដៅលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាជននៅតំបន់ជនបទឲ្យរស់នៅប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌។

នារសៀលថ្ងៃដដែលនេះ លោក ឈឹម សៅគី រួមជាមួយ លោក នួន ដាញ៉ិល រដ្ឋលេខាធិការ បានបន្តដឹកនាំក្រុមការងារអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប ចុះត្រួតពិនិត្យ និងវាយតម្លៃ ដំណាក់កាលទី១ លើខ្សែផ្លូវថែទាំប្រចាំដែលកំពង់ស្ថាបនាចំនួន ១០ខ្សែ មានប្រវែង ១៦១,០៦គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលកៅស៊ូ២ជាន់ ( DBST)។

-ខ្សែទី១ ផ្សារតស៊ូ ឃុំព្រះធាតុ ឃុំពង្រ ឃុំមហាលាភ ស្រុកអូររាំងឪ ប្រវែង ១៧ ០០ម៉ែត្រ, -ខ្សែទី២ ផ្លូវជាតិ១១ (ពាមជាំង)-ភូមិទួលកណ្តាល  ជើងឡង ឃុំព្រះធាតុ ឃុំជីគរ ឃុំមួងរៀវ ស្រុកត្បូងឃ្មុំ ប្រវែង ១៧ ០០០ម៉ែត្រ

-ខ្សែទី៣ ពងទឹក-ឈូក ឃុំរកាពរប្រាំ ឃុំទួលស្នួល ឃុំឈូក ស្រុកត្បូងឃ្មុំ ស្រុកក្រូចឆ្មារ ប្រវែង ៩ ៨០០ម៉ែត្រ, -ខ្សែទី៤ ភូមិតាហៀវក្រោម - ភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ប្រវែង ២ ៤៦០ម៉ែត្រ, -ខ្សែទី៥ តំបន់អភិវឌ្ឍន៍អន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ប្រវែង ១១ ០០០ម៉ែត្រ

-ខ្សែទី៦ សេដា-ក្របីគ្រៀក ឃុំសេដា ឃុំឈូក ស្រុកតំបែរ ស្រុកក្រូចឆ្មារ ប្រវែង ១៣ ៨៨០ម៉ែត្រ, -ខ្សែទី៧ វាលតូច-កំបាស់ ឃុំសេដា ឃុំត្រពាំងព្រីង ឃុំរំចេក ឃុំមេមង ស្រុកតំបែរ ស្រុកមេមត់ ប្រវែង ៤២ ០៩០ម៉ែត្រ, -ខ្សែទី៨ ផ្លាកសំរោង-ទឹកទុំ ឃុំដារ ឃុំគគីរ ឃុំកំពាន់ ស្រុកមេមត់ ប្រវែង ២៤ ៦៣០ម៉ែត្រ

-ខ្សែទី៩ ខ្លុងត្បូង-បឹងជ្រោង ឃុំចាន់មូល ឃុំជាំ ស្រុកមេមត់ ប្រវែង ១៣ ១០០ម៉ែត្រ, -ខ្សែទី១០ មេមត់-ដូនរ័ត្ន ឃុំមេមត់ ឃុំទ្រៀក ឃុំរូង ស្រុកមេមត់ ប្រវែង ១០ ១០០ម៉ែត្រ។

បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងរួចមក គណៈកម្មាធិការបានឯកភាព និងទទួលយកការអនុវត្តការងារបញ្ចប់ដំណាក់កាលទី១ តាមការស្នើសុំរបស់អ្នកទទួលការ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)