Register Already an agent ? Login

មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្មខេត្តJiangsuចិន មកកម្ពុជាស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែម ជំរុញការវិនិយោគ និងពាណិជ្ជកម្ម

ភ្នំពេញ៖ លោក Jiang Xin អគ្គនាយករងទទួលបន្ទុកផ្នែកពាណិជ្ជកម្មនៃ ខេត្តJiangsu ប្រទេសចិន នៅក្នុងជួបពិភាក្សា ជាមួយ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានបញ្ជាក់ថា គោលបំណងចម្បងនៃការជួបពិភាក្សានាពេលនេះគឺដើម្បី ស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងខេត្ត Jiangsu ប្រទេសចិន សំដៅជំរុញការវិនិយោគ និងពាណិជ្ជកម្ម។

បើតាមជំនួបជួបពិភាក្សានេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

លោក ជា វុទ្ធី បានសម្តែងនូវការ ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគណៈប្រតិភូដែលបានអញ្ជើញមកជួបពិភាក្សាការងារនាពេលនេះ ដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេស ការវិនិយោគមកពីខេត្ត Jiangsu ផ្ទាល់។

លោក ជា វុទ្ធី បានលើកឡើង គម្រោងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Sihanoukville Special Economic Zone Co., Ltd. ដែលជាក្រុមហ៊ុនសហប្រតិបត្តិការរួមគ្នារវាងក្រុមហ៊ុន Cambodia International Investment Development Group Co., Ltd. (CIIDG) និងក្រុមហ៊ុន Jiangsu Taihu Cambodia International Economic Cooperation Investment Co., Ltd. លើផ្ទៃដីទំហំ ១.១១៣ហិកតា នៅខេត្ដព្រះសីហនុ ដែលទទួលគោលការណ៍អនុញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឆ្នាំ២០០៨។

បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសនេះជិតនឹងបញ្ចប់ដំណាក់កាលទី១ ជារួមតំបន់សេដ្ឋកិច្ចពិសេសនេះបានស្រូបទាញការវិនិយោគមកពីខេត្ត Jiangsu។ ជាការបន្ត លោក ជា វុទ្ធី។

អគ្គលេខាធិការ បានជម្រាបជូនគណៈប្រតិភូបន្ថែមថា ផ្តើមចេញពីក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ រដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ចិន ក៏បានសម្រេចបង្កើតនូវ “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្ករ” ដើម្បីជំរុញបន្ថែមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

លោក Jiang Xin  បានថ្លែងអំណរគុណ អគ្គលេខាធិការ និងសហការីដែលបានឆ្លៀតពេលវេលាដ៏ មមាញឹកទទួលជួបគណៈប្រតិភូ ព្រមទាំងបានផ្តល់នូវព័ត៌មានពាក់ព័ន្ធនឹងបរិយាកាស វិនិយោគនៅកម្ពុជា ព័ត៌មានស្តីពីបច្ចុប្បន្នភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យសេដ្ឋកិច្ចនិងព័ត៌មាន ស្តីពីបច្ចុប្បន្នភាពនៃតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ ដែលជាការចូលរួមវិនិយោគរបស់វិនិយោគិនមកពីខេត្ត Jiangsu។

លោក Jiang Xin បានធ្វើការកត់ សម្គាល់ពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោក បានគូសបញ្ជាក់ថា គោលបំណងចម្បងនៃការជួបពិភាក្សានាពេលនេះគឺដើម្បី ស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងខេត្ត Jiangsu ប្រទេសចិន សំដៅជំរុញការវិនិយោគ និងពាណិជ្ជកម្ម។

នាឱកាសនោះ អគ្គលេខាធិការ បានស្នើសុំឱ្យគណៈប្រតិភូជួយផ្សព្វផ្សាយពីសក្តានុពល វិនិយោគរបស់កម្ពុជាបច្ចុប្បន្ន និងបរិស្ថានវិនិយោគប្រកបដោយភាពអំណោយផល និងមាន ភាពប្រកួតប្រជែងខ្ពស់ ទៅដល់វិនិយោគិនចិន និយាយជារួម និងទៅដល់វិនិយោគិននៅខេត្ត Jiangsu។

បន្ថែមលើនេះ អគ្គលេខាធិការ ក៏បានស្នើលោកប្រធានគណៈប្រតិភូឱ្យមាន ការគិតគូរធ្វើកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្សផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)