ភ្នំពេញ៖ គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំង៤ បាននិងកំពុងអនុវត្តរួមមាន ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត, ស្ពានឆ្លងទន្លេពីផ្លូវជាតិលេខ១ ទៅល្វាឯម, អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ និងគម្រោងព្រែកជីកហ្វូណនតេជោ។ តាមការកត់ត្រាបានឱ្យឃើញថា គម្រោងទាំងនេះបានចំណាយទឹកប្រាក់ជាង ៦ ០០០ លានដុល្លារ។
គម្រោងទាំង៤ ក្នុងនេះ មានផ្លូវគោក ស្ពាន អាកាសយានដ្ឋានខ្នាតអន្តរជាតិ និងផ្លូវទឹក
១-គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ខេត្តស្វាយរៀង គម្រោងនេះបានបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីដើមខែមិថុនា ឆ្នាំ២០២៣ កន្លងទៅក្រោមអធិបតីភាព សម្ដេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។
គម្រោងនេះ មានតម្លៃប្រមាណ ១,៣៥ពាន់លានដុល្លារ តភ្ជាប់ពីភ្នំពេញ កាត់តាមខេត្តកណ្ដាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង។ គម្រោងនេះ នឹងផ្ដល់នូវប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជាបន្ថែមទៀតតាមរយៈការដឹកជញ្ជូនឆ្លងប្រទេសពីកម្ពុជាទៅកាន់ប្រទេសវៀតណាម និងទៅកាន់បណ្ដាប្រទេសផ្សេងទៀត។
២-គម្រោងស្ពានឆ្លងទន្លេពីផ្លូវជាតិលេខ១ ទៅល្វាឯម ខេត្តកណ្ដាល គម្រោងនឹងជួយជំរុញការអភិវឌ្ឍនៅក្នុងតំបន់ល្វាឯម ដែលកន្លងមកទំនាក់ទំនងរវាងតំបន់នេះទៅកាន់តំបន់ផ្សេងទៀត គឺត្រូវឆ្លងស្រឡាង បើស្ពាននេះសាងសង់រួច ពលរដ្ឋនៅតំបន់ល្វាឯមនឹងអាចឆ្លងចេញចូលដោយសេរីទៅកាន់តំបន់ផ្សេងទៀត ងាយស្រួលធ្វើការដឹកជញ្ជូន និងធ្វើដំណើរកាន់តែលឿនរហ័ស និងបានគ្រប់ពេលវេលា។
គម្រោងនេះ រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាជាង ២០០លានដុល្លារ ដើម្បីដំណើរការសាងសង់ ហើយគ្រោងនឹងបញ្ចប់ដំណាលគ្នានឹងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតដែរ។
៣-គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ជាគម្រោងដែលអាចតភ្ជាប់គោលដៅពីភ្នំពេញទៅកាន់ពិភពលោក តាមរយៈជើងហោះហើរខ្នាតធំៗ ដែលនឹងអាចចុះចតនៅអាកាសយានដ្ឋានមួយនេះបាន។
អាកាសយានដ្ឋានអន្តរជាតិតេជោ ដំណាក់កាលទី១ នឹងដាក់ដំណើរការនៅពាក់កណ្ដាលឆ្នាំ២០២៥ខាងមុខ ហើយក៏ជាពេលវេលាបើកទំព័រថ្មីនៃវិស័យអាកាសចរកម្ពុជា ដោយអាចភ្ជាប់ជើងហោះហើរត្រង់ជាមួយបណ្ដាប្រទេសលើពិភពលោកឆ្ងាយៗ កន្លងមកត្រូវផ្ទេរជើងហោះហើរជាមួយប្រទេសជិតខាង ឬប្រទេសក្នុងតំបន់។
គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ មានតម្លៃប្រមាណ ១,៥ពាន់លានដុល្លារ បច្ចុប្បន្នបានចំណយទឹកប្រាក់ប្រមាណ ១,២ពាន់លានដុល្លារ។
៤-គឺគម្រោងព្រែកជីកហ្វូណនតេជោ ដែលទើបប្រារព្ធបើកការដ្ឋានកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះកម្ពុជា។
គម្រោងនេះ នឹងតភ្ជាប់ពីកំពង់ផែទឹកសាប ទៅកាន់កំពង់ផែសមុទ្រទឹកជ្រៅរបស់កម្ពុជា ហើយនឹងបន្តទៅកាន់កំពង់ផែអន្តរជាតិនៅប្រទេសក្នុងតំបន់ ក៏ដូចជាកំពង់ផែនៅតាមបណ្ដាប្រទេសជាច្រើនទៀតលើពិភពលោក។
គម្រោងនេះ មានតម្លៃប្រមាណ ១,៧ពាន់លានដុល្លារ វិនិយោគដោយក្រុមហ៊ុនចំនួន ៤រួមគ្នា ដែលក្នុងនោះ រួមមានក្រុមហ៊ុនសាធារណរបស់រដ្ឋចំនួន២, ក្រុមហ៊ុនឯកជនក្នុងស្រុកចំនួន១ និងក្រុមហ៊ុនរដ្ឋរបស់ចិន ( CBRE )៕
ដោយ៖ មឿន ឌីណា (Moeun Dyna)