
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឹកនាំកិច្ចប្រជុំរៀបចំផ្លូវថ្មើរជើងមុខប៉ុស្តិ៍ប្រៃសណីយ៍កម្ពុជា ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូន លើផ្ទៃដី ៥៨ហិកតា គម្រោងនេះ នឹងប្រើប្រាស់រយៈពេល ៦ខែ ដោយចាប់ផ្តើមពីខែឧសភាខាងមុខនេះ និងគ្រោងដាក់ឱ្យដំណើរការនៅមុនចូលឆ្នាំសកលឆ្នាំ២០២៥។
បើតាមកិច្ចប្រជុំនេះ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ លោក ឃួង ស្រេង បានបញ្ជាក់ថា នៅកន្លែង Pup street នឹងសោភណភាពស្រស់បំព្រង ជាតំបន់បៃតង មានសួនច្បារ តាំងភ្លើងចម្រុះពណ៌ មានបង្គន់អនាម័យ ចំណតយានយន្តបណ្តោះអាសន្នមានរៀបចំជាហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បា ដើម្បីបម្រើឱ្យភ្ញៀវជាតិ អន្តរជាតិបានមកទិញទំនិញនិងដើរលេងកម្សាន្តពេលយប់ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង ១១យប់។
ប្រជុំនេះដែរបានឱ្យដឹងថា ផ្លូវថ្មើរជើងរាជធានីភ្នំពេញ ត្រូវបានបែងចែងជា ៣តំបន់ មានទំហំ ៥៨ហិកតា ដោយក្នុងនោះរួមមាន៖
-ផ្លូវថ្មើរជើងតំបន់ទី១ (SQUARE) ទំហំ ៣,៣ហិកតា មានទីតាំង នៅមុខប្រៃសណីយ៍ មានព្រំប្រទល់៖ ផ្លូវលេខ៩៤-ខាងជើង ផ្លូវលេខ១០៦-ខាងត្បូង ផ្លូវលេខ១៣-ខាងលិច តិរិវិថីព្រះស៊ីសុវត្ថិ-ខាងកើត (តំបន់នេះនឹងរៀបចំឡើងជាតំបន់វិថីម្ហូបអាហារ និងហាងទំនិញ)។
-ផ្លូវថ្មើរជើងតំបន់ទី២ ទំហំ ២០,៧ហិកតា មានព្រំប្រទល់៖ ផ្លូវលេខ ១០៦-ខាងជើង ផ្លូវលេខ ១៨៤-ត្បូង ផ្លូវលេខ១៣-ខាងលិច តិរិវិថីព្រះស៊ីសុវត្ថិ-ខាងកើត (តំបន់នេះរៀបចំជាតំបន់ Pub Street)។
-ផ្លូវថ្មើជើងតំបន់ទី៣ ទំហំ ៣៤ហិកតា មានព្រំប្រទល់៖ ផ្លូវលេខ ១៨៤-ខាងជើង មហាវិថីព្រះសីហនុ-ខាងត្បូង ផ្លូវលេខ០៧-ខាងលិច តិរិវិថីព្រះស៊ីសុវត្ថិ-ខាងកើត (រៀបចំជាតំបន់ លំហែកាយ)៕
ដោយ៖ មឿន ឌីណា (Moeun Dyna)

