ភ្នំពេញ៖ ក្រុមហ៊ុនចំនួន៣ ចិននិងថៃ បានមកធ្វើការសិក្សាស្វែងយល់នូវកាលានុវត្តភាពវិនិយោគ និងបានសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា រួមមាន វិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្គត់ផ្គង់ឧស្ម័ន និងឧស្សាហកម្មឈើដាំនៅកម្ពុជា។ បើតាមជំនួបពិភាក្សា មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងតំណាងក្រុមហ៊ុនពីចិននិងថៃ។
បើតាមជំនួបនេះ កាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងតំណាងក្រុមហ៊ុន China National Offshore Oil Corporation (CNOOC) លោក Zhang Ruochen អគ្គនាយករងពាណិជ្ជកម្មអន្តរជាតិ, ក្រុមហ៊ុន Cambodian Natural Gas ដឹកនាំដោយលោកស្រី Niu Liyun អនុប្រធានក្រុមហ៊ុន និងក្រុមហ៊ុនវិនិយោគឧស្សាហកម្មឈើដាំ Paper Tree (Cambodia) Co., Ltd. ដឹកនាំដោយលោក Yuenyong Subsaud ប្រធានទទួលបន្ទុកផ្នែកដាំដុះ និងផលិតកម្ម។
តំណាងក្រុមហ៊ុន CNOOC បានបង្ហាញពីចំណាប់អារម្មណ៍ពីការវិវត្តរីកចម្រើនរបស់កម្ពុជា និងបានបញ្ជាក់ពីបំណងស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជាសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្គត់ផ្គង់ឧស្ម័ន។
ក្នុងនោះ រួមមានទីតាំងស្តុកទុក ហេដ្ឋារចនាសម្ព័ន្ធចែកចាយ និងរោងចក្រអគ្គិសនីដែលប្រើប្រាស់ឧស្ម័ន ហើយការវិនិយោគនេះនឹងចូលរួមចំណែកបំពេញដល់តម្រូវការថាមពលរបស់កម្ពុជានៅពេលខាងមុខ។ បើតាមការបន្ត តំណាងក្រុមហ៊ុន CNOOC។
តំណាងក្រុមហ៊ុន Paper Tree មកពីថៃ ក៏បានលើកឡើងអំពីសកម្មភាពរបស់ក្រុមហ៊ុននាពេលកន្លងមកក្នុងការបណ្តាក់ទុនវិនិយោគឧស្សាហកម្មដំណាំឈើដាំនៅកម្ពុជា ពិសេសនៅតាមបណ្តាខេត្តជាប់ព្រំដែន ដោយរាប់ចាប់ពីការបណ្តុះកូនឈើ ការដាំដុះ និងការដំឡើងរោងចក្រកាត់ចិញ្ច្រាំជាកម្ទេចឈើរួចធ្វើការនាំចេញ។
ក្រុមហ៊ុន Paper បានគូសបញ្ជាក់ថា ក្រុមហ៊ុនមានពីបំណងចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នាពេលឆាប់ៗខាងមុខនេះនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងផែនការបណ្តាក់ទុនវិនិយោគបន្ថែមនៅកម្ពុជា ពិសេសការសហការជាមួយវិនិយោគិនក្នុងស្រុកក្នុងការពង្រីកផ្ទៃដីដាំដុះដំណាំឈើឧស្សាហកម្ម។
លោក នុត អ៊ុនវ័ណរ៉ា បានសម្តែងនូវការស្វាគមន៍ចំពោះក្រុមហ៊ុនទាំង៣ ដែលបានមកសិក្សាស្វែងយល់នូវកាលានុវត្តភាពវិនិយោគ និងបានសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
លោក លេខាធិការរង បានជម្រាបជូនពីនីតិវិធីចុះបញ្ជី និងការផ្តល់ការលើកទឹកចិត្តនិងការការពារទៅដល់ការវិនិយោគរបស់ក្រុមហ៊ុនថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលជាសេនាធិការទទួលបន្ទុកវិនិយោគនឹងត្រៀមខ្លួនជានិច្ចក្នុងការផ្តល់នូវកិច្ចសម្របសម្រួល និងគាំទ្រដល់ដំណើប្រតិបត្តិការវិនិយោគរបស់ក្រុមហ៊ុនឲ្យទទួលបានជោគជ័យ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)