ក្រចេះ៖ គម្រោងស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៧ ទៅផ្លូវជាតិលេខ៦០B នៅខេត្តក្រចេះ ចំណាយថវិកា ជាង ១១១លានដុល្លារ កំពុងមានវឌ្ឍនភាពក្នុងទិសដៅវិជ្ជមាន តួស្ពានសម្រេចបាន ៤៥% ខណៈ ផ្លូវតភ្ជាប់សម្រេចបាន ១៥%ហើយ។ បើតាមការចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ ដោយ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងនេះ។
លោក លឹម ស៊ីដេនីន បានដឹកនាំក្រុមការងារបច្ចេកទេស ក៏មានការចូលរួមពី អនុរដ្ឋលេខាធិការ ក្រុមការងារអនុវត្តគម្រោង តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ តំណាងក្រុមហ៊ុនសៀងហៃ និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន កាលពីនារសៀលទី១៤ ខែមីនា ឆ្នាំ២០២៤។
នៅក្នុងដំណើរចុះពិនិត្យនាឱកាសនេះ លោក លឹម ស៊ីដេនីន បានណែនាំទៅកាន់ក្រុមហ៊ុនសាងសង់ ក៏ដូចជាក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ត្រូវធ្វើឱ្យប្រសើរឡើងនូវវិធីសាស្រ្តសាងសង់ (Construction Method Statement) ពង្រឹងសុវត្ថិភាពការងារសាងសង់គ្រប់ជំហាន និងត្រូវបំពាក់អំពូលបំភ្លឺពេលយប់ នៅគ្រប់សសរស្ពានផងដែរ។
បន្ថែមពីនេះ លោក នាយកគម្រោង ក៏បានជំរុញឱ្យក្រុមហ៊ុនសាងសង់ដាក់បន្ថែមគ្រឿងចក្រ និងអនុវត្តតាមប្រតិទិនការងារឱ្យបានច្បាស់លាស់ ខណៈ នេះជារដូវប្រាំងដែលជាពេលវេលាល្អសម្រាប់ការធ្វើស្រទាប់គ្រឹះផ្លូវ ហើយរាល់ដំណាក់កាលការងារនីមួយៗ ត្រូវធ្វើតេស្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានដែលបានកំណត់។
គួរបញ្ជាក់ថា គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់នេះ មានប្រវែងសរុប ៣៣,៤៥ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B។
ក្នុងនោះ ត្រូវសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គប្រវែង ១៧៦១ម៉ែត្រ មានមុខកាត់ទទឹង ១៣,៥ម៉ែត្រ ដែលត្រើយខាងកើតស្ថិតត្រង់ ភូមិបុស្សលាវលើ ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចត្រង់ភូមិព្រែកព្រលូង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចំណែកឯផ្លូវតភ្ជាប់មានប្រវែង ១៥,៤៩គីឡូម៉ែត្រ និងផ្លូវខ្នែងក្នុងក្រុងក្រចេះប្រវែង ១៦,២០គីឡូម៉ែត្រ។
គម្រោងនេះ ចំណាយថវិកាសរុបប្រមាណ ១១១,៩៨លានដុល្លា ជាហិរញ្ញប្បទានពីចិន ដោយប្រើពេលសាងសង់ប្រមាណ ៤២ខែ អនុវត្តដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យគុណភាពដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)