ព្រះសីហនុ៖ លោក ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «ការផ្តល់អត្ថប្រយោជន៍ពិសេសជូនវិនិយោគិន និង ធុរជន»។
កិច្ចប្រជុំនេះ បានធ្វើឡើងកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅខេត្តព្រះសីហនុ ស្ថិតក្រោម “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” ដែលត្រូវបានប្រកាសជាផ្លូវការ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
កិច្ចប្រជុំផ្សព្វផ្សាយនេះ មានការចូលរួមពីសមាជិកក្រុមការងារ មន្ត្រីជុំវិញខេត្ត និងវិស័យឯកជន ដែលរួមមានវិនិយោគិន និង ធុរជនពីសភាពាណិជ្ជកម្ម, សមាគម, ក្រុមហ៊ុនតាមបណ្តាកោះ និងឆ្នេរ, ក្រុមហ៊ុនម្ចាស់តំបន់សេដ្ឋកិច្ចពិសេស, ក្រុមហ៊ុនក្នុងតំបន់សេដ្ឋកិច្ចពិសេស និងម្ចាស់អគារជាប់គាំង សរុបប្រមាណ ១៨០នាក់។
បើតាមកិច្ចប្រជុំនេះ មានគោលបំណងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ពន្យល់ច្បាស់ និងត្រឹមត្រូវអំពីកម្មវិធីពិសេស លើកទឹកចិត្ត និងជំរុញវិនិយោគិន និងធុរជនដាក់ពាក្យស្នើ ហើនិងរៀបចំជំនួបធុរកិច្ចសម្រាប់ការទទួលបានអត្ថប្រយោជន៍ពិសេស។
នៅក្នុងកិច្ចប្រជុំ លោក ហ៊ាន សាហ៊ីប បានមានប្រសាសន៍ថា ក្រុមការងាររៀបចំជាកិច្ចប្រជុំផ្សព្វផ្សាយពេលនេះ ដើម្បីឱ្យមានលក្ខណៈសាមញ្ញ និងបង្កលក្ខណៈងាយស្រួលដល់អ្នកចូលរួម ពិសេសវិនិយោគិននិងធុរជនអាចចូលរួមក្នុងការលើកឡើងនូវមតិ ឬសំណួរ និងការស្នើផ្សេងៗ ដោយចំហរដោយត្រង់ៗដើម្បីជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។
លោក បានបន្តថា ជាមួយនេះ ក្រុមការងារនិងមន្ត្រីជំនាញពីក្រសួងស្ថាប័ន ក៏មានវត្តមានក្នុងកិច្ចប្រជុំនេះ ដើម្បីផ្តល់ព័ត៌មានប្រឹក្សាយោបល់និងជួយសម្របសម្រួល សំដៅដោះស្រាយសំណូមពរ និងបង្កបរិយាសល្អប្រសើរ ពិសេស ការបង្កើនជំនឿទុកចិត្តវិនិយោគ។
លោកប្រធាន បានគូសបញ្ជាក់ថា កម្មវិធីពិសេសដើម្បីជំរុញការវិនិយោគនៅខេត្តព្រះសីហនុ មានវិសាលភាពគ្របដណ្តប់លើគម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចដែលស្នើសុំនិងអនុវត្តក្នុងឆ្នាំ២០២៤ ដោយផ្តោតលើគម្រោងបីប្រភេទគឺ៖
១-គម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ចពាក់ព័ន្ធនឹងអគារជាប់គាំង, ២-គម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ចដែលមិនពាក់ព័ន្ធនឹងអគារជាប់គាំង, និង ៣-ការពង្រីកគម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ចដែលមានស្រាប់ ស្របតាមលក្ខណៈវិនិច្ឆ័យជាក់លាក់, ដោយផ្អែកលើប្រភេទគម្រោងទាំងនេះ រាជរដ្ឋាភិបាលផ្តល់ការលើកទឹកចិត្តពន្ធ និងការលើកទឹកចិត្តមិនមែនពន្ធ ដែលជាអត្ថប្រយោជន៍ពិសេស។
លោក បានបន្ថែមថា យោងតាមកម្មវិធីពិសេស ជារួមការលើកទឹកចិត្តផ្នែកសារពើពន្ធមានដូចខាងក្រោម៖
១-ការផ្តល់ការលើកទឹកចិត្តពិសេស និង ការអនុគ្រោះនានា ដូចជា ពន្ធអាករនាំចូល ពន្ធប៉ាតង់ ពន្ធលើផ្ទាំងផ្សព្វផ្សាយ, ពន្ធកាត់ទុកលើការជួលអចលនទ្រព្យ និង កម្រៃសេវាចុះបញ្ជី ជាដើម ដល់សហគ្រាសដែលមកវិនិយោគ ឬ ធ្វើធុរកិច្ច ក្នុងខេត្តព្រះសីហនុ
២-ការលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធប្រចាំខែ និង ពន្ធអប្បបរមារយៈពេល ៣ឆ្នាំ
៣-ការលើកលែងអាករលើតម្លៃបន្ថែម តាមអត្រាសូន្យភាគរយ លើការផ្គត់ផ្គង់ទំនិញ និង សេវាកម្មក្នុងស្រុកសម្រាប់ការបញ្ចប់ ឬ ជួសជុលអគារដែលសង់មិនទាន់រួចរាល់ ឬ ធាតុចូលផលិតកម្មក្នុងស្រុក
៤-ការលើកលែងពន្ធកាត់ទុកលើការជួលអចលនវត្ថុ និង
៥-ការលើកលែងពន្ធលើអចលនទ្រព្យ និង ការពិន័យរដ្ឋបាលសម្រាប់ឆ្នាំ ២០១៦-២០២៥៕
ដោយ៖ មឿន ឌីណា (Moeun Dyna)