ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា បានសហការរៀបចំកម្មវិធីផ្គូផ្គងធុរកិច្ចកម្ពុជា-ឥណ្ឌា ធ្វើសន្ធានកម្មរវាងធុរជន និងវិនិយោគិនក្នុងស្រុកជាមួយសហគ្រាសដែលមកពីប្រទេសឥណ្ឌា សំដៅពង្រឹង និងពង្រីកការផ្សារភ្ជាប់បណ្តាញលើប្រតិបត្តិការធុរកិច្ច។
កម្មវិធីផ្គូផ្គងធុរកិច្ចកម្ពុជា-ឥណ្ឌា បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិន។ កម្មវិធីនេះមានការសការពី សមាគមសភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា, និង Basic Chemicals, Cosmetics & Dyes Export Promotion Council។
មានមតិក្នុងសុន្ទរកថាគន្លឹះ លោក សួន សុផល បានបង្ហាញពីសេចក្តីសោមន្សសម្រាប់ការរៀបចំកម្មវិធីដ៏មានសារៈសំខាន់ ជាពិសេសការជ្រើសរើសកម្ពុជាជាគោលដៅនៃទស្សនកិច្ចការងាររបស់គណៈប្រតិភូដែលប្រកបរបរលើសារធាតុគីមីដែលបម្រើដល់ខ្សែច្រវាក់ផលិតកម្មនៃរោងចក្រ និងកម្មន្តសាល។
លោក បានលើកឡើងបន្តថា ការណ៍នេះបានឆ្លុះបញ្ចាំងអំពីកំណើននៃការចាប់អារម្មណ៍របស់សហគមន៍ធុរកិច្ចឥណ្ឌាក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគ និងចូលរួមចំណែកអភិវឌ្ឍវិស័យឧស្សាហកម្មនៅប្រទេសកម្ពុជា។ លោក មានសុទិដ្ឋិនិយមថា កម្ពុជានឹងក្លាយទៅជាទីតាំងដែលមានភាពអំណោយផលសម្រាប់គាំទ្រដល់ការរីកលូតលាស់នៃគម្រោងវិនិយោគលើគ្រប់វិស័យ។
ជាមួយគ្នានេះ លោក បានគូសរំលេចអំពីឧត្តមភាពប្រៀបធៀបរបស់កម្ពុជា និងវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជាដែលរំពឹងថានឹងមានកំណើនរហូតដល់ ៦,៦% ក្នុងឆ្នាំ២០២៤។
លើសពីនេះ លោក ក៏បានពិពណ៌នាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគតាមរយៈការធ្វើសាមញ្ញកម្មនីតិវិធីដាក់ពាក្យស្នើសុំ, ការពង្រឹងយន្តការផ្តល់កិច្ចសម្រួលវិនិយោគ, ការបន្សាំការអនុវត្តជាមួយនឹងនិន្នាការនៃឧត្តមានុវត្តន៍អន្តរជាតិ, ការផ្តល់កញ្ចប់លើកទឹកចិត្តដែលមានភាពឆ្លាតវៃ, និងសេវាថែទាំវិនិយោគប្រកបដោយភាពកក់ក្តៅ។
គួរបញ្ជាក់ជូនផងដែរថា កម្មវិធីនេះមានការអញ្ជើញចូលរួមផ្តល់កិត្តិយសពីសំណាក់ លោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា, តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, និងវិស័យឯកជនកម្ពុជា-ឥណ្ឌា សរុបប្រមាណ ៨០រូប៕
ដោយ៖ មឿន ឌីណា (Moeun Dyna)