ភ្នំពេញ៖ មន្ទីរពេទ្យ តេជោសែនកោះធំ ដែលជាមន្ទីរពេទ្យកម្រិត CPA 3 ដែលមានហេដ្ឋារចនាសម្ព័ន្ធសំណង់ និងការបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើប បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។
ផ្អែកតាមទីតាំងភូមិសាស្រ្ត មន្ទីរពេទ្យនេះ អាចផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋប្រមាណ ៦០ម៉ឺននាក់ ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ។ បើតាមការបញ្ជាក់ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា សមិទ្ធផលដ៏ថ្មីស្រទ្បាងនេះ សម្រាប់ជូនដល់ប្រជាជនក្នុងខេត្កកណ្តាល នាទិសនិរតី នៃកម្ពុជា ក៏ដូចជាទូទាំងប្រទេស។
មូលធនមនុស្ស គឺទាមទារឱ្យមានសុខភាពល្អ ការលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ គឺជានយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី ដើម្បីការផ្តល់សេវាសុខាភិបាលបានល្អ ទាមទារពង្រឹងមន្ទីរពេទ្យ និងគុណភាពគ្រូពេទ្យគ្រប់ថ្នាក់។ ជាការថ្លែងបន្ត សម្ដេចធិបតី បន្តទៀតថា រាជរដ្ឋាភិបាលកំពុងទម្លាក់ថវិកាទិញថ្នាំដែលពលរដ្ឋត្រូវការ ដូចជាថ្នាលើសឈាម និងទឹកនោមផ្អែម។
ពង្រឹងសេវាសុខាភិបាល គឺពង្រឹងលទ្ធភាពនៃការព្យាបាលឱ្យដល់មូលដ្ឋាន ការធ្វើសកម្មភាពឱ្យមនុស្សបាត់បង់ជំនឿចិត្តលើគ្រូពេទ្យជារឿងដ៏គ្រោះថ្នាក់។ ជាការគូសបញ្ជាក់ សម្តេចធិបតី បានណែនាំឱ្យគ្រូពេទ្យជាសេនារបស់ទេវតា ត្រូវប្រឹងប្រែងពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែម។ បើមានតែឧបករណ៍ និងបរិក្ខារពេទ្យទំនើប តែគ្រូពេទ្យមិនចេះប្រើ គឺមិនអាចជួយព្យាបាលប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពឡើយ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី គូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់បញ្ចកោណទី១ គឺជាការអភិវឌ្ឍមូលធនមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបាន សម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយ បរិយាប័ន្ន និងភាពធន់។ មូលធនមនុស្ស មានសុខភាពល្អ និងគុណភាពខ្ពស់ គឺជាទ្រព្យសកម្មជាតិដ៏មានតម្លៃ និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។
ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន គឺជាអាទិភាពមួយ ក្នុងចំណោមអាទិភាពទាំង៥ ដែលរាជរដ្ឋាភិបាលផ្តោតលើ សម្រាប់ការអភិវឌ្ឍមូលធនមនុស្ស ដោយមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តកាត់បន្ថយអត្រាឈឺ និងស្លាប់បណ្តាលមកពីជំងឺមិនឆ្លងចម្បងៗ និងការលើកកម្ពស់សុខភាពបន្តពូជ សុខភាពទារក កុមារ និងមាតា។ ការបន្ថែមប្រមុខរាជរដ្ឋាភិបាល។
គួរបញ្ជាក់ថា មន្ទីរពេទ្យបង្អែកកោះធំ ផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣ (CPA3) ដែលមានសេវាដូចជា ពិគ្រោះ ជំងឺក្រៅទូទៅ ជំងឺកុមារ កាមរោគ-អេដស៍ ទឹកនោមផ្អែម-លើសឈាម និងជំងឺសម្រាកពេទ្យមាន សេវាវះកាត់ ព្យាបាលជំងឺទូទៅ ជំងឺ កុមារ សម្ភព-រោគស្ត្រី ជំងឺរបេង ព្រមទាំងព្យាបាលជំងឺឆ្លង។
មន្ទីរពេទ្យនេះ ចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ហើយសាងសង់រួចរាល់ជាស្ថាពរនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ប្រើរយៈពេលសាងសង់សរុប១៨ខែ និង១៣ថ្ងៃ។ មន្ទីរពេទ្យនេះសាងសង់លើផ្ទៃដីទំហំជាង ១ម៉ឺន ៤ពាន់ម៉ែតក្រក្រឡា ចែកចេញជា៣អគារ ចំណាយថវិកាសាងសង់អគារ និងបំពាក់សម្ភារៈ បរិក្ខារ ឧបករណ៍ពេទ្យសរុបជាង ១០លានដុល្លារ។
អគារមន្ទីរពេទ្យទាំង៣អគារ មានតួនាទីក្នុងផ្តល់សេវាសុខាភិបាលផ្សេងៗគ្នា។ ក្នុងនោះអគារទី១ ស្ថិតនៅកណ្តាលមានរាងជាអក្សរ U មានតួនាទីជាកន្លែងផ្តល់សេវា។ អគារទី២ មានតួនាទីផ្តល់សេវាជំងឺឆ្លង ដែលមានកំពស់ ២ជាន់។ ជាន់ខាងក្រោម មានកន្លែងចតរថយន្តសង្គ្រោះ រោងជាង កន្លែងបោកគក់ និងបន្ទប់ជួសជុលសម្ភារៈ បរិក្ខារពេទ្យ។
អគារទី៣ មានទំហំស្មើនឹងអគារទី២ ដែលអគារនេះ ប្រើសម្រាប់ជាអន្តេវាសិកដ្ឋាន ផ្ដល់ជាទីស្នាក់នៅរបស់គ្រូពេទ្យស្ម័គ្រចិត្ត ដែលមកជួយមន្ទីរពេទ្យ និងជាន់ខាងក្រោមជាអាហារដ្ឋាន។ ក្រៅពីអគារធំៗទាំង៣នេះទៅ មន្ទីរពេទ្យក៏នៅមានសំណង់តូចៗ ចំនួន៥ទៀត ជាកន្លែងដាក់ម៉ាស៊ីនផលិតអុកស៊ីហ្សែន បន្ទប់ដាក់ម៉ាស៊ីនភ្លើង បន្ទប់គ្រប់គ្រងបណ្តាញចែកចាយទឹក កន្លែងផ្ទុកសម្រាម និងរោងសម្រាប់ឡដុតសម្រាម។
មន្ទីរពេទ្យមានគ្រែសរុប ១៧៩គ្រែ ក្នុងនោះគ្រែមាន ២មុខងារ សម្រាប់ជំងឺធម្មតា ១៦៣គ្រែ និងគ្រែ មាន៥ មុខងារ សម្រាប់ជំងឺធ្ងន់ និងក្រោយវះកាត់ ១៦គ្រែ។ មន្ទីរពេទ្យត្រូវបានបំពាក់ដោយឧបករណ៍ពេទ្យមានបច្ចេកវិទ្យាខ្ពស់ ស្របតាមបទដ្ឋានស្តង់ដារបច្ចេកទេស៕
ដោយ៖ មឿន ឌីណា (Moeun Dyna)