ភ្នំពេញ៖ លោកស្រី Jutta Urpilainen ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការភាពជាដៃគូអន្តរជាតិសហភាពអឺរ៉ុប បានបញ្ជាក់ថា នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាលើវិស័យសំខាន់ៗ ដូចជា៖ វិស័យពាណិជ្ជកម្ម និងវិនិយោគ វិស័យឧស្សាហកម្ម វិស័យអប់រំនិងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យសុខាភិបាលផងដែរ។
តាមការបញ្ជាករបស់ លោកស្រី Jutta Urpilainen បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប លោកស្រី Jutta បានថ្លែងអំណរគុណ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកស្រី និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ក៏បានបញ្ជាក់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ ជិតស្និទ្ធនិងយូរអង្វែងរវាងសហភាពអឺរ៉ុប-កម្ពុជា ប្រកបដោយផ្លែផ្កា នាពេលកន្លងមក។
លោកស្រី បានលើកឡើងអំពីការកត់សម្គាល់នៃការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ដែលធ្វើឱ្យកម្ពុជាអាចចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប នៅឆ្នាំ២០១៥ និងឈានទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
បន្ថែមលើនេះ លោកស្រី បានគូសបញ្ជាក់ថា សហភាពអឺរ៉ុបនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាលើវិស័យសំខាន់ៗ ដូចជា៖ វិស័យពាណិជ្ជកម្ម និងវិនិយោគ វិស័យឧស្សាហកម្ម វិស័យអប់រំនិងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យសុខាភិបាលផងដែរ។
ទន្ទឹមនោះ ក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជា នាឱកាសនេះ លោកស្រី នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន រួមមាន៖ ១-កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា សម្រាប់ការបណ្តុះបណ្តាលការអប់រំបច្ចេកទេស ២០២៤-២០២៧, ២-កម្មវិធីពាណិជ្ជកម្ម និងវិស័យឯកជន, ៣-កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុបសម្រាប់ការអនុវត្តថាមពលប្រកបដោយចីរភាពក្នុងឧស្សាហកម្ម និង ៤-កម្មវិធីភាពជាដៃគូរបស់កម្ពុជាសម្រាប់ប្រព័ន្ធកសិកម្ម និងអាហារប្រកបដោយចីរភាព។
លោកស្រី Jutta Urpilainen ក៏បានបញ្ជាក់ទៀតថា ក្នុងអាណត្តិជាស្នងការសហភាពអឺរ៉ុប បានប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប-កម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះលោកជំទាវ Jutta Urpilainen និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់សហភាពអឺរ៉ុបក្នុងដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា នាពេលកន្លងមក។
សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលផ្តោតសំខាន់លើការកសាងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងបានបញ្ជាក់ពីការដាក់ចេញនូវវិធានការគន្លឹះ និងវិស័យអាទិភាពរបស់កម្ពុជាក្នុងការលើកកម្ពស់វិស័យអប់រំ និងវិស័យសុខាភិបាល ព្រមទាំងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសដោយឥតគិតថ្លៃសម្រាប់យុវជនចំនួន ១.៥លាននាក់ មកពីគ្រួសារក្រីក្រ និងងាយរងគ្រោះនៅទូទាំងប្រទេសក្នុងរយៈពេល ៥ឆ្នាំខាងមុខនេះ ដែលការណ៍នេះនឹងបញ្ចូលកម្លាំងពលកម្មទៅក្នុងទីផ្សារ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។
ពាក់ព័ន្ធនឹងការសម្រេចបាននូវការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC Graduation) ប្រមុខរាជរដ្ឋាភិបាល បានសម្តែងនូវការអរគុណដល់ការចូលរួមចំណែកដ៏សំខាន់របស់សហភាពអឺរ៉ុប និងស្នើដល់សហភាពអឺរ៉ុបបន្តជួយគាំទ្រកម្ពុជាបន្ថែមទៀត។
គួរបញ្ជាក់ថា កិច្ចសហប្រតិបត្តិការវិនិយោគរវាងកម្ពុជា-សហភាពអឺរ៉ុប ហាក់មានកម្រិតតិចតួចនៅឡើយ គឺស្ថិតក្នុងរង្វង់ទឹកប្រាក់ប្រមាណ ៥៤០លានដុល្លារ គិតចាប់ពីឆ្នាំ១៩៩៤ ដល់បច្ចុប្បន្ន មាន៦២គម្រោងវិនិយោគ។ លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចង់ឱ្យវិនិយោគិនពីតំបន់អឺរ៉ុបចូលមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។
នេះបើតាមជំនួប លោក ស៊ុន ចាន់ថុល លោក Peteris Ustubs នាយកសម្រាប់មជ្ឈឹមបូព៌ា អាស៊ី និងបាស៊ីហ្វិក នៃអគ្គនាយកដ្ឋានភាពជាដៃគូអន្តរជាតិ (DG INTPA) សហភាពអ៊ឺរ៉ុ កាលសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤៕
ដោយ៖ មឿន ឌីណា (Moeun Dyna)