ភ្នំពេញ៖ ការធ្វើបរិវត្តកម្មឌីជីថល គឺជាការចាប់យក និងការទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើននៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកសាងសង្គមស៊ីវីល័យដែលពលរដ្ឋ អាចទទួលបាននូវផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថល ប្រកបដោយបរិយាប័ន្ន ភាពជឿទុកចិត្តបាន និងសុវត្ថិភាពខ្ពស់។ ជាការថ្លែងបញ្ជាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ការថ្លែងរបស់ ប្រមុខរាជរដ្ឋាភិបាល ក្នុងពិធីបើក វេទិការដ្ឋាភិបាលឌីជីថល និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ លើកទី១ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។
រាជរដ្ឋាភិបាល ក៏បានដាក់ឱ្យអនុវត្តគម្រោងបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ; គម្រោងប្រព័ន្ធបញ្ជរតែមួយជាតិ; ប្រព័ន្ធអេឡិចត្រូនិកពន្ធដារ និង គយ; ប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ និងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងប្រព័ន្ធចុះបញ្ជីអាជីវកម្ម និងផ្តល់អាជ្ញាប័ណ្ណ, ប្រព័ន្ធអប់រំឌីជីថល ឬអេឡិចត្រូនិក, ប្រព័ន្ធគ្រប់គ្រងផ្នែកអត្តសញ្ញាណកម្ម, ប្រព័ន្ធគ្រប់គ្រងដីធ្លី និងយានយន្ត ជាដើម។ ជាការថ្លែងបន្ត សម្តេចធិបតី។
សម្តេចធិបតី បានបន្តទៀតថា ក្នុងនោះ ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data Exchange - CamDX) ដែលជាថ្នាលគន្លឹះមួយ ត្រូវបាននិងកំពុងប្រើប្រាស់យ៉ាងសកម្មដោយស្ថាប័នសាធារណៈ និងវិស័យឯកជន ក្នុងការចែករំលែក និងផ្លាស់ប្តូរទិន្នន័យក្នុងប្រព័ន្ធអេកូឡូស៊ីរួម ក៏ធ្លាប់ទទួលបានជ័យលាភីអន្តរជាតិក្នុងកម្មវិធីពានរង្វាន់ អនាគតរដ្ឋាភិបាល (Future of Government Award) ក្នុងឆ្នាំ២០២២ ផងដែរ។
លើសពីនេះ គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និងក្រសួង-ស្ថាប័នពាក់ព័ន្ធបានជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ថ្នាលឌីជីថលគន្លឹះ និងកម្មវិធីឌីជីថល សម្រាប់គាំទ្របរិវត្តកម្មឌីជីថលនៅគ្រប់ក្រសួង-ស្ថាប័ន, ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ដោយក្នុងនោះ ថ្នាលផ្ទៀងផ្ទាត់ឯកសារផ្លូវការរបស់រាជរដ្ឋាភិបាល verify.gov.kh ដែលបានទទួលពានរង្វាន់ឌីជីថលមេដាយមាសអាស៊ាន កាលពីពេលថ្មីៗនេះ នឹងដើរតួនាទីគន្លឹះក្នុងការផ្ដល់សេវាសាធារណៈគ្រប់ប្រភេទដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា។ ជាការបន្ថែម សម្ដេចធិបតី នាយករដ្ឋមន្ត្រី។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា មួយវិញទៀត ក្នុងក្របខ័ណ្ឌតំបន់ និងសកល, រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តរបៀបវារៈគោលនយោបាយឌីជីថល ដោយស្មារតីបុរេសកម្ម និងបើកចំហ សំដៅសម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍ឌីជីថលជាតិ និងគោលដៅអភិវឌ្ឍន៍ឌីជីថលតំបន់ និងសកល ដូចមានកំណត់ក្នុង ផែនការមេឌីជីថលអាស៊ាន ២០២៥ និងយុទ្ធសាស្រ្តឌីជីថល ២០២២-២០២៥ របស់អង្គការសហប្រជាជាតិ។
ទន្ទឹមនេះ កម្ពុជា បាននិងកំពុងចូលរួមជាមួយប្រទេសសមាជិកអាស៊ាន ក្នុងការជំរុញការរៀបចំ កិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន ដែលរំពឹងថានឹងជួយបង្កើនទំហំសេដ្ឋកិច្ចឌីជីថលអាស៊ានពី ១ទ្រីលានដុល្លារ ដល់ ២ទ្រីលានដុល្លារ ត្រឹមឆ្នាំ២០៣០។ បើតាមការថ្លែងឱ្យដឹងពី សម្ដេចធិបតី។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើឌីជីថលូបនីយកម្មនៅកម្ពុជាបានបោះជំហានទៅមុខក្នុងល្បឿនមួយគួរឱ្យកត់សម្គាល់។ វិបត្តិនៃជំងឺកូវីដ១៩ បានជំរុញឱ្យការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលកាន់តែខ្លាំង និងជ្រាលជ្រៅជាងពេលណាៗទាំងអស់។ ជាការលើកឡើង សម្ដេចធិបតី បានឱ្យដឹងទៀតថា ជាក់ស្ដែងការទូទាត់សងប្រាក់ឌីជីថលបានកើនដល់ចំនួនប្រមាណ ៤៩២ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២៣ ដែលប្រហែលនឹង ១៦ដងនៃ GDP៕
ដោយ៖ មឿន ឌីណា (Moeun Dyna)