ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកទឹកចិត្តឱ្យវិនិយោគិនចិនអញ្ជើញមកធ្វើការសិក្សាស្វែងយល់បន្ថែម និងបណ្តាក់ទុនវិនិយោគនៅកម្ពុជា ព្រមទាំងនាំយកនូវចំណេះដឹង ចំណេះធ្វើ និងបច្ចេកវិទ្យា ក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងកសិ-ឧស្សាហកម្ម ជាពិសេសការដាំដុះកសិកម្ម វារីវប្បកម្ម ឧស្សាហកម្មកែច្នៃ និងឧស្សាហកម្មសមុទ្រ ឈានទៅបង្កើនតម្លៃបន្ថែម និងធ្វើទំនើបកម្មវិស័យទាំងនេះនៅកម្ពុជា។
លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា តំណាងលោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការកសាងកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរយោបល់គ្នារវាងខេត្តសានទុង និងកម្ពុជាក្នុងការអភិវឌ្ឍ “ច្រករបៀងឧស្សាហកម្ម” និង “ច្រករបៀងមច្ឆា និងអង្ករ” នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយការិយាល័យបរទេសនៃខេត្តសានតុង, សភាពាណិជ្ជកម្មកម្ពុជា, និងសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាក្នុងគោលបំណងពង្រឹង និងពង្រីកការយល់ដឹងអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា។
លោក ជា វុទ្ធី បានថ្លែង សម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់គណៈប្រតិភូរដ្ឋាភិបាល និងវិនិយោគិននៃខេត្តសានតុង ក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅប្រទេសកម្ពុជា និងបានលើកឡើងអំពីសារៈសំខាន់ចំពោះកិច្ចសហប្រតិបត្តិការវិនិយោគ និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀតរវាងប្រទេសទាំងពីរ កម្ពុជា-ចិន។
លោក បានថ្លែងដោយបានគូសបញ្ជាក់អំពីក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរបានដំឡើងកម្រិតជា “កិច្ចសហប្រតិបត្តិការត្បូងពេជ្រ” ដែលនឹងអាចសម្រេចបាននូវកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ច និងសន្តិសុខបន្ថែមទៀតឆ្ពោះទៅរកការកសាងសហគមន៍វាសនារួមក្នុងយុគសម័យថ្មី។
នាឱកាសនោះ លោក បានលើកទឹកចិត្តឱ្យវិនិយោគិនចិនអញ្ជើញមកធ្វើការសិក្សាស្វែងយល់បន្ថែម និងបណ្តាក់ទុនវិនិយោគនៅកម្ពុជា ព្រមទាំងនាំយកនូវចំណេះដឹង ចំណេះធ្វើ និងបច្ចេកវិទ្យា ក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងកសិ-ឧស្សាហកម្ម ជាពិសេសការដាំដុះកសិកម្ម វារីវប្បកម្ម ឧស្សាហកម្មកែច្នៃ និងឧស្សាហកម្មសមុទ្រ ឈានទៅបង្កើនតម្លៃបន្ថែម និងធ្វើទំនើបកម្មវិស័យទាំងនេះនៅកម្ពុជា ក៏ដូចជាដើម្បីបំពេញតម្រូវការដ៏ធំសម្បើមនៃទីផ្សារចិន និងអន្តរជាតិ។
អគ្គលេខាធិការ បានជម្រាបជូនផងដែរថា ថ្នាក់ដឹកនាំនៃក្រសួងពាណិជ្ជកម្មនិតចិន នឹងធ្វើដំណើរទស្សនកិច្ចមកកម្ពុជានាពេលខាងមុខ ដើម្បីពិភាក្សាអំពីការបង្កើតសួនឧស្សាហកម្មក្នុងការជំរុញការកែច្នៃវត្ថុធាតុដើមក្នុងស្រុក និងផលិតផលពាក់កណ្ដាលសម្រេច សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រផលិតសំបកកង់រថយន្ដនៅកម្ពុជា។
លោក បានបញ្ជាក់ឱ្យដឹងទៀថា បន្ថែមពីនេះ ក្រុមហ៊ុនដ៏មានសក្ដានុពលមួយនឹងមកបង្កើតមជ្ឈមណ្ឌលកែច្នៃ និងផលិតវត្ថុពាក់កណ្ដាលសម្រេចសម្រាប់ផ្គត់ផ្គង់ដល់ឧស្សាហកម្មផលិតសំបករថយន្ដដោយប្រើប្រាស់ជ័រកៅស៊ូកម្ពុជា។
បើតាម លោក ជា វុទ្ធី មានសង្ឃឹមយ៉ាងមុតមាំប្រកបដោយសុទិដ្ឋិនិយមថា កិច្ចប្រជុំនេះ នឹងក្លាយជាមូលដ្ឋានដ៏រឹងមាំ ដែលនឹងអាចជួយពន្លឿនការអភិវឌ្ឍ “ច្រករបៀងឧស្សាហកម្ម” និង “ច្រករបៀងមច្ឆា និងអង្ករ”។
ថ្លែងក្នុងឱកាសនៃកិច្ចប្រជុំនេះ លោក លឹម ហេង ប្រធានស្តីទីសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងអំពីទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងការចូលរួមយ៉ាងសកម្មរបស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការជំរុញទំនាក់ទំនងធុរកិច្ច និងសេដ្ឋកិច្ចកម្ពុជាចិន។ លោក បានជំរុញលើកទឹកចិត្តវិនិយោគិនចិនបន្តនិងពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា និងបានគូសបញ្ជាក់ថា កម្ពុជា គឺជាគោលដៅដ៏ប្រសើរសម្រាប់វិនិយោគិនបរទេស ដែលមានបំណងស្វែងរកទីផ្សារទូលំទូលាយ គោលនយោបាយអំណោយផល និង កំណើនសក្តានុពល។
វិនិយោគិនចិន អាចបង្កើតរោងចក្រនៅកម្ពុជា និងនាំចេញផលិតផលដោយទទួលបាននូវការអនុគ្រោះពន្ធគយទៅកាន់ប្រទេសជាច្រើនក្រោមក្របខណ្ឌពាណិជ្ជកម្មសេរីកម្រិតតំបន់ ពហុភាគី និងទ្វេភាគី។ ជាការគូសបញ្ជាក់ លោក លឹម ហេង បន្តទៀតថា ដើម្បីលើកកម្ពស់ ការពារ ថែទាំ និងលើកទឹកចិត្ត វិនិយោគិន ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ទាំងអាណត្តិមុនៗ តែងយកចិត្តទុកដាក់និងដឹកនាំ វេទិការាជដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីដោះស្រាយការលំបាក និងបញ្ហាប្រឈមនានារបស់វិស័យឯកជនទាំងក្នុងស្រុក និង បរទេសដែលមកវិនិយោគនៅកម្ពុជា។
លោក បានជំរុញលើកទឹកចិត្តវិនិយោគិនចិន ប្រើប្រាស់ការជួបជុំក្នុងឱកាសនៃកិច្ចប្រជុំនេះ សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការវិស័យឯកជនប្រទេសទាំងពីរ និងកសាងមូលដ្ឋានគ្រឹះ សម្រាប់កំណើនសេដ្ឋកិច្ច ឆ្ពោះទៅ កសាងតំបន់ដែលរឹងមាំងជាងមុន រីកចម្រើនជាងមុន និង សមាហរណកម្មជាងមុន។
គួរបញ្ជាក់ផងដែរថា រំហូរទុនវិនិយោគរបស់ចិនតែងឈរនៅលំដាប់លេខរៀងទី១ ទី២ ឬទី៣ រៀងរាល់ឆ្នាំ ដែលភាគច្រើនប្រមូលផ្តុំក្នុងវិស័យឧស្សាហកម្ម, ហេដ្ឋារចនាសម្ព័ន្ធ, កសិកម្ម និងកសិ-ឧស្សាហកម្ម៕
ដោយ៖ មឿន ឌីណា (Moeun Dyna)