ភ្នំពេញ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ មានប្រវែងសរុបជាង ៥៣គីឡូម៉ែត្រ (ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) វឌ្ឍនភាពសម្រេចបាន ៦០%ហើយ គ្រោងបញ្ចប់ការងារតួផ្លូវចាក់ AC នៅខែមិថុនា ខាងមុខនេះ។
លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំក្រុមការងារជំនាញចុះពិនិត្យគម្រោងនេះ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ដោយមានការចង្អុលបង្ហាញពី លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយអនុរដ្ឋលេខាធិការ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធ និងមានការចូលរួមពីភាគីក្រុមហ៊ុនសាងសង់ CRBC និងក្រុមហ៊ុនត្រួតពិនិត្យលក្ខណៈបច្ចេកទេស ក្វាងចូវវ៉ានអាន។
ដំណើរចុះពិនិត្យនេះ បានពិនិត្យធ្វើតេស្តដោយម៉ាស៊ីន FWD ផ្ទៀងផ្ទាត់ភាពធន់នៃគ្រឹះរង Subbase ស្រទាប់គ្រឹះសំខាន់ Basecourse (ជាមធ្យមលទ្ធផល453MPa-507MPa) ស្រទាប់កម្រាលកៅស៊ូបេតុងACស្រទាប់ទី១ ( 439MPa-536MPa) និងខួងពិនិត្យកម្រាស់ស្រទាប់ACទី១ (លទ្ធផល4,2cm-5cm) ដើម្បីអនុញ្ញាតឱ្យបន្តការងារទៅមុខទៀត។ ក្រោយពីបានចុះពិនិត្យផ្ទាល់ លោក ខាន់ ម៉ាណេរ បានបញ្ជាក់ថា លទ្ធផលការងារជារួម នៃគម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៣១ សម្រេចបាន៦០%។
លោក ខាន់ ម៉ាណេរ បានថ្លែងថា នៅដំណាច់ខែមិថុនា ឆ្នាំនេះ ការងារចាក់បេតុងកៅស៊ូស្រទាប់ទី១ និងទី២ និងរួចរាល់ដែល អាចឱ្យប្រជាពលរដ្ឋធ្វើដំណើរបានទៅមកដោយរលូន ហើយការងារផ្សេងៗទៀតដូចជា ការបំពាក់បរិក្ខារផ្លូវថ្នល់ បន្ថែមប្រព័ន្ធបង្ហូរទឹកសងខាងផ្លូវ និងការងារមួយចំនួនផ្សេងទៀត នឹងអាចនឹងបញ្ជប់នៅចុងឆ្នាំ២០២៤នេះ ពោលបញ្ចប់មុនកិច្ចសន្យា១ឆ្នាំ។
លោក បានគូសបញ្ជាក់ថា ការចុះពិនិត្យជាប្រចាំនេះ បានធ្វើឡើងក្នុងគោលបំណងតាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុនសំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាឱ្យបានការសាងសង់មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។
គូសបញ្ជាក់ថា ផ្លូវជាតិលេខ៣១នេះ កំពុងអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន, ចំណាយថវិកាជាង ៦០លានដុល្លារ ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។
គួររម្លឹកផងដែរថា បើតាម លោក ស៊ុន ចាន់ថុល អតីតរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងពិធីបើកការដ្ឋានគម្រោងស្តារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣ នៅថ្ងៃទី៣០ ខែធ្នូឆ្នាំ២០២២ថា រដ្ឋាភិបាលកម្ពុជា ចំណាយថវិកា១២១លានដុល្លារ សម្រាប់សាងសង់ផ្លូវជាតិទាំងពីរនេះ។
ផ្លូវជាតិលេខ៣១ មានប្រវែង ៥៣,៥៣គីឡូម៉ែត្រ គឺចាប់ផ្លូវបែកគូសចំណុចប្រសព្វផ្លូវជាតិ៣ ដល់ចំណុចប្រសព្វកំពង់ត្រាចតភ្ជាប់ផ្លូវជាតិលេខ៣៣។ ចំណែកផ្លូវជាតិលេខ៣៣ មានប្រវែងសរុប ៥២,៥៧គីឡូម៉ែត្រ ចាប់ពីក្រុងកំពតចំណុចប្រសព្វផ្លូវជាតិលេខ៣ ដល់ច្រកលប នៃព្រំដែនកម្ពុជាវៀតណាម។
ផ្លូវទាំងពីរខ្សែនេះ តភ្ជាប់គ្នាមានសក្ដានុពល ដែលស្ថិតនៅក្នុងតំបន់ប៉ូលសេដ្ឋកិច្ច នៃខេត្តភាគនិរតី ដែលផ្លូវជាតិលេខ៣១ សាងសង់ឆ្លងកាត់ខេត្តតាកែវ និងខេត្តកំពត។ រីឯផ្លូវជាតិលេខ៣៣ ឆ្លងកាត់ខេត្តកំពត និងខេត្តកែប។ បើតាមលោក ស៊ុន ចាន់ថុល ផ្លូវជាតិទាំងពីរខ្សែ គឺប្រទាក់ក្រឡាជាមួយដែនផ្លូវដ៏សំខាន់ដូចជា តភ្ជាប់ផ្លូវជាតិលេខ៣ ចំណុចប្រសព្វបែកគូស ទៅដល់ទីរួមស្រុកកំពង់ត្រាចខេត្តកំពត ត្រង់ចំណុចបប្រសព្វតភ្ជាប់ទៅផ្លូវជាតិលេខ៣៣ និងតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ២ តាមរយៈផ្លូវខេត្តលេខ១២៦។
ផ្លូវជាតិលេខ៣១ និង៣៣ បានជួយដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការជួយសម្រួល ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ។ ម្យ៉ាងទៀត នឹងជួយប្រែក្លាយតំបន់ឆ្នេរឱ្យក្លាយទៅជាតំបន់មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ល្អប្រសើរ ដើម្បីរួមចំណែកក្នុងការជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្ម ការវិនិយោគ និងការទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។ ជាការបញ្ជាក់ លោក ស៊ុន ចាន់ថុល៕
ដោយ៖ មឿន ឌីណា (Moeun Dyna)