ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក PHAM Minh Chinh នាយករដ្ឋមន្រ្តីវៀតណាម បានឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ វិស័យទេសចរណ៍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។
ការឯកភាពគ្នានេះ នាជំនួបពិភាក្សាការងារទ្វេភាគី នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ ថ្នាក់ដឹកនាំទាំងពីរ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគ្នាទៅវិញទៅមក ដោយក្ដីសោមនស្សរីករាយ។
ក្នុងជំនួបនេះ លោក PHAM Minh Chinh បានអបអរសាទរកម្ពុជាចំពោះជោគជ័យនៃរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ក៏ដូចជាអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជាដែលទទួលបានជ័យជំនះលើការបោះឆ្នោត ដោយទទួលបាន ៥៥អាសនៈ។
សម្តេចធិបតី បានសម្ដែងនូវការស្វាគមន៍ និងក្ដីរីករាយដែលបានជួបពិភាក្សាការងារទ្វេភាគីជា មួយលោក PHAM ជាថ្មីម្ដងទៀត ដែលនេះជាឱកាសនៃកិច្ចពិភាក្សាលើកិច្ចសហប្រតិបត្តិការដែលបានឯកភាពគ្នានាពេលកន្លងមក និងការបន្តពិភាក្សាលើកិច្ចសហប្រតិបត្តិការនាថ្ងៃអនាគតបន្ថែមទៀត។
ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នាលើវិស័យគន្លឹះ ដែលជាកម្មវត្ថុនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម រវាងកម្ពុជា និងវៀតណាម ដែលរួមមានដូចជា៖ វិស័យការពារជាតិ និងសន្តិសុខ វិស័យទេសចរណ៍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវលឿន ភ្នំពេញ-បាវិត-ហូជីមិញ ជាដើម។
ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការការងារត្រីភាគី CLV, ថ្នាក់ដឹកនាំទាំងពីរ បានគូសបញ្ជាក់ថា នៅថ្ងៃខាងមុខ នឹងមានការរៀបចំកិច្ចប្រជុំកំពូល CLV លើកទី១២ ហើយបានលើកទឹកចិត្តឱ្យក្រសួង ស្ថាប័នមួយចំនួនដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្នាក្នុងក្របខ័ណ្ឌ CLV បន្ថែមទៀត។
ដោយឡែកក្នុងវិស័យទេសចរណ៍ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពឱ្យក្រសួងទេសចរណ៍បង្កើនកិច្ចពិភាក្សាដើម្បីស្វែងរកឱកាសក្នុងការជំរុញកំណើនទេសចរណ៍ក្នុងប្រទេសទាំងបី។ ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាគ្នាលើកិច្ចការមួយចំនួន ដែលជាផលប្រយោជន៍រួម សម្រាប់ប្រទេសកម្ពុជា និងប្រទេសវៀតណាមផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)