Register Already an agent ? Login

កម្ពុជា-ឥណ្ឌូនេស៊ី បានប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អ

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា និងប្រធានាធិបតីឥណ្ឌូនេស៊ី បានប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដោយបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អប្រសើរនៃប្រទេសទាំងពីរ។

ការប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិនេះ នាជំនួបពិភាក្សាការងារទ្វេភាគីរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និង Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី កាលពីរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។

ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគ្នាទៅវិញទៅមកដោយក្ដីសោមនស្សរីករាយ ដែលថ្នាក់ដឹកនាំទាំងពីរមានជំនួបទ្វេភាគីជាថ្មី ក្រោយពីជំនួបទ្វេភាគីនៅរដ្ឋធានីហ្សាការតាប្រទេសឥណ្ឌូនេស៊ី កាលពីខែកញ្ញា ឆ្នាំ២០២៣។

នាឱកាសនេះ សម្ដេចធិបតី ក៏បានអបអរសាទរ Joko Widodo ចំពោះភាពជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ឆ្នាំ២០២៣ ក៏ដូចជាការបោះឆ្នោតជ្រើសរើសប្រធានាធិបតី កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ផងដែរ។

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាគ្នាលើវិស័យសំខាន់ៗ ដែលជាកម្មវត្ថុនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម និងជាផលប្រយោជន៍រួមរវាងកម្ពុជា និងឥណ្ឌូនេស៊ី ដែលរួមមាន៖ វិស័យការទូត សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ទេសចរណ៍ និងសន្តិសុខ។

ថ្នាក់ដឹកនាំទាំងពីរ បាន​ឯកភាព​គ្នា​ក្នុង​ការ​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ខាង​លើព្រមទាំង​បន្ត​រួម​គ្នា​បង្កើន​​កិច្ច​សហប្រតិបត្តិការលើ​វិស័យ​​សក្ដានុពល​ផ្សេង​ទៀត​ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ​ កាន់​តែ​រឹងមាំ​។

ជាមួយនឹងការប្រារព្ធខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរបស់កម្ពុជានិងឥណ្ឌូនេស៊ី ថ្នាក់ដឹកនាំទាំងពីរបានបង្ហាញក្តីសោមនស្សរីករាយចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរក្នុងរយៈពេលប្រមាណជិត ៧ទសវត្សរ៍កន្លងមកនេះ ដែលបានផ្ដល់នូវផ្លែផ្កាជាច្រើនតាមរយៈទំនាក់ទំនងគ្នាកម្រិតខ្ពស់ ទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ជាពិសេសការពង្រឹងនូវទំនាក់ទំនងក្នុងវិស័យសន្តិសុខ និងការពារជាតិ។

សម្ដេចធិបតី បានបង្ហាញនូវសុទិដ្ឋិនិយមថា កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនេះ នឹងត្រូវបានពង្រឹង និងពង្រីកកាន់តែរឹងមាំបន្ថែមទៀត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)