ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងនាយកប្រតិបត្តិ នៃក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី បានឯកភាពគ្នា បង្កើតនូវយន្តការមួយបន្ថែមទៀតគឺ ក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-អូស្រ្តាលី (Cambodia-Australia’s Business Council) ដើម្បីសម្របសម្រួល និងអាចជំរុញវិស័យពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា និងអូស្រ្តាលីឱ្យល្អប្រសើរថែមទៀត។
ការឯកភាពនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Bran Black នាយកប្រតិបត្តិ នៃក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី (Business Council of Australia) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។
ក្នុងជំនួបនេះ លោក Bran Black បានថ្លែងអំណរគុណ សម្តេចធិបតី ដែលបានអនុញ្ញាតឱ្យលោក និងសហការី បានចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូន ថាក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី តំណាងឱ្យវិស័យឯកជនដែលមានក្រុមហ៊ុនឯកជនធំៗ របស់អូស្ត្រាលីជាង ១២០ក្រុមហ៊ុន ផ្ដល់ឱកាសការងារជាង ១លានកន្លែង។
លោក បានលើកឡើងបន្តថា ក្រុមប្រឹក្សាធុរកិច្ចអូស្រ្តាលី មានកិច្ចសហប្រតិបត្តិការជាមួយនឹងបណ្តាសមាគម និងក្រុមធុរកិច្ច ព្រមទាំងផ្នែកពាក់ព័ន្ធនានានៃរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ ដើម្បីសម្របសម្រួលក្នុងការធ្វើធុរកិច្ចររវាងវិស័យឯកជនអូស្ត្រាលីជាមួយនឹងបណ្តាប្រទេសនានា បច្ចុប្បន្នបានទំនាក់ទំនងការងារជាមួយនឹងបណ្ដាប្រទេសជាច្រើន ដែលក្នុងនោះរួមមានបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ានផងដែរ។
បន្ថែមពីនេះ លោក នាយកប្រតិបត្តិ បានបញ្ជាក់អំពីបំណងក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងធុរកិច្ច និងពាណិជ្ជកម្មរវាងអូស្ត្រាលី និងកម្ពុជាបន្ថែមទៀត។
ជាការឆ្លើយតប សម្តេចធិបតី បានសម្ដែងនូវការស្វាគមន៍ចំពោះ លោក Bran Black និងសហការី ដែលបានចូលជួបសម្ដែងការគួរសមនាឱកាសនេះ ហើយក៏បានបញ្ជាក់ផងដែរថា រដ្ឋាភិបាលកម្ពុជាបានវាយតម្លៃខ្ពស់អំពីតួនាទីរបស់វិស័យឯកជន នៅក្នុងការចូលរួមចំណែកកសាងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច របស់កម្ពុជា។
ប្រមុខរាជរដ្ឋាភិបាល ក៏បានបញ្ជាក់ថា ជំនួបនាថ្ងៃនេះ ជាឱកាសដែលអាចជំរុញឱ្យវិស័យឯកជន នៃប្រទេសអូស្ត្រាលីស្វែងយល់ និងពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជាផងដែរ។ ទន្ទឹមនឹងនេះ សម្ដេចធិបតី បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយចំពោះបំណងរបស់ក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលីក្នុងការជំរុញនូវកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលីជាមួយនឹងកម្ពុជា។ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបើកចំហទ្វារស្វាគមន៍គ្រប់ធុរកិច្ច និងធ្វើជាស្ពានក្នុងការសម្របសម្រួល និងការធានានូវបរិយាកាសវិនិយោគនៅកម្ពុជាផងដែរ។
សម្តេចធិបតី ក៏បានបញ្ជាក់បន្តទៀត អំពីគោលនយោបាយ និងច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលមានការលើកទឹកចិត្តដល់វិស័យឯកជន ដែលមកវិនិយោគនៅកម្ពុជា ស្របពេលដែលកម្ពុជាបានភ្ជាប់ទំនាក់ទំនងក្នុងកិច្ចសហប្រតិបត្តិការទៅក្នុងតំបន់ ក៏ដូចជាបណ្តាប្រទេសនានានៅក្នុងពិភពលោកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងកម្រិតទ្វេភាគី និងពហុភាគី ផងដែរ។
រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់យ៉ាងខ្លាំង និងលើកទឹកចិត្តឱ្យមានការវិនិយោគផងដែរលើវិស័យបច្ចេកវិទ្យាឌីជីថល គ្រឿងបង្គុំអគ្គីសនី និងគ្រឿងបង្គុំរថយន្ត រួមទាំងវិស័យកសិកម្ម និងវិស័យទេសចរណ៍ផងដែរ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ ជាការបន្ថែម សម្តេចធិបតី៕
ដោយ៖ មឿន ឌីណា (Moeun Dyna)