Register Already an agent ? Login

ក្រុមហ៊ុនឈានមុខការនាំចេញអាហាររបស់អូស្ត្រាលី ចង់បង្កើតរោងចក្រកែច្នៃអង្ករនៅកម្ពុជា នាំចេញក្រៅប្រទេស

ភ្នំពេញ៖ ក្រុមហ៊ុន SunRice Group ជាក្រុមហ៊ុនឈានមុខក្នុងការនាំចេញអាហាររបស់ប្រទេសអូស្ត្រាលី ដែលមានទីផ្សារសំខាន់ៗនៅសហរដ្ឋអាមេរិក ប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ា ក៏ដូចជាការពង្រីកទីផ្សារនៅទូទាំងអឺរ៉ុប និងអាស៊ី បង្ហាញនូវបំណងវិនិយោគលើការបង្កើតរោងចក្រកែច្នៃអង្ករ ពិសេសអង្ករសរីរាង្គនៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។

ការបង្ហាញនូវបំណងវិនិយោគលើការបង្កើតរោងចក្រកែច្នៃអង្ករ ពិសេសអង្ករសរីរាង្គនៅកម្ពុជា នាជំនួប សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Paul Serra នាយកប្រតិបត្តិក្រុមហ៊ុន SunRice Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤។

ក្នុងជំនួបនេះ លោក នាយកប្រតិបត្តិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោក ជម្រាបជូន សម្ដេចធិបតី ថា ក្រុមហ៊ុន SunRice Group ជាក្រុមហ៊ុនអូស្រ្តាលី ទី១ ដែលបាននាំអង្ករពីកម្ពុជាមកកាន់ប្រទេសអូស្រ្តាលី និងប្រទេសនូវ៉ែលសេឡង់។

លោក បានឱ្យដឹងថា ក្រុមហ៊ុនក៏មានប្រតិបត្តិការ និងទីផ្សារជុំវិញពិភពលោក ពិសេសលើការផ្គត់ផ្គង់ផលិតផលអាហារូបត្ថម្ភ ជិត ៥០ប្រទេសផងដែរ។ SunRice Group មានចំណាប់អារម្មណ៍លើផលិតផលអង្ករផ្កាម្លិះរបស់កម្ពុជា ដែលកំពុងមានឈ្មោះបោះសំឡេងស្រាប់នៅលើទីផ្សារអន្តរជាតិ។

ព្រមគ្នានេះដែរ លោក បានកត់សម្គាល់ឃើញថា កម្ពុជាមានសក្ដានុពលលើវិស័យកសិកម្ម ដោយអង្ករកម្ពុជាមានកេរ្តិ៍ឈ្មោះល្បីល្បាញលើសកលលោក ហើយកម្ពុជាក៏មានគុណសម្បត្តិប្រកួតប្រជែងខ្ពស់លើកម្លាំងពលកម្មវ័យក្មេង ស្ថិរភាពនៃតម្លៃអគ្គីសនី ជាមួយនឹងហេរដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រទាក់ក្រឡា និងឡូជីស្ទីកល្អប្រសើរផងដែរ។

ផ្អែកលើសក្ដានុពលទាំងនេះ ក្រុមហ៊ុនលោកមានចំណាប់អារម្មណ៍ពង្រឹងនិងពង្រីកទំនាក់ទំនងបន្ថែមទៀតជាមួយកម្ពុជាលើវិស័យកសិកម្ម ដោយផ្តោតលើឧស្សាហកម្មកែច្នៃអង្ករ ក្នុងនោះក្រុមហ៊ុនបង្ហាញនូវបំណងវិនិយោគលើការបង្កើតរោងចក្រកែច្នៃអង្ករ ពិសេសអង្ករសរីរាង្គ សម្រាប់នាំចេញទៅក្រៅប្រទេស។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ ចំពោះបំណងរបស់ក្រុមហ៊ុននៅក្នុងពង្រីកសកម្មភាពវិនិយោគរបស់ខ្លួននៅកម្ពុជាលើឧស្សាហកម្មកែច្នៃអង្ករ សម្រាប់បម្រើឱ្យការនាំចេញ ហើយសម្ដេចធិបតី ក៏បានបញ្ជាក់ជូនក្រុមហ៊ុនថា វិស័យកសិកម្ម គឺជាវិស័យអាទិភាពមួយ ដែលរដ្ឋាភិបាលបានយកចិត្តទុកដាក់។

ប្រមុខរាជរដ្ឋាភិបាល មានប្រសាសន៍បន្តថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយដាក់ពង្រាយមន្ត្រីជំនាញកសិកម្មនៅតាមមូលដ្ឋានឃុំ សង្កាត់ទូទាំងប្រទេស ដើម្បីគាំទ្រដល់ប្រជាកសិករដល់មូលដ្ឋាន លើផ្នែកបច្ចេកទេស សំដៅបង្កើនផលិតភាពផលិតផលកសិកម្មនៅតាមមូលដ្ឋាន។

បន្ថែមពីនេះ សម្ដេចធិបតី ក៏បានបញ្ជាក់ជូន លោក Paul Serra អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការពង្រីកហេដ្ឋារចនាសម្ព័ន្ធដឹកញ្ជូននិងប្រព័ន្ធឡូជីស្ទីក និងគោលនយោបាយអភិវឌ្ឍន៍វិស័យថាមពលអគ្គិសនីនៅកម្ពុជា។ សម្ដេចធិបតី បានសង្កត់ថា រាជរដ្ឋាភិបាល ក៏បាននិងកំពុងផ្ដោតអាទិភាពលើការប្រើប្រាស់ថាមពលស្អាត និងថាមពលកកើតឡើងវិញផងដែរ​ដើម្បី​គាំទ្រ​ដល់សកម្មភាព​ធុរកិច្ច​ និង​ពាណិជ្ជកម្ម​នៅកម្ពុជាកាន់តែមានសមត្ថភាព​ប្រកួតប្រជែង​ និងផ្តល់ភាពងាយស្រួលក្នុង​ការតភ្ជាប់​ ក៍ដូចជាកាត់ថ្លៃដឹកជញ្ជូន​។

នាឱកាសនោះ សម្តេច​ធិបតី​ ក៍បាន​លើក​ទឹកចិត្ត​ឱ្យក្រុមហ៊ុន​ទស្សនកិច្ចនៅកម្ពុជា​ដើម្បី​​ស្វែងរក​ឱកាស​វិនិយោគ​បន្ថែមទៀត​ ដោយសារ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​របស់កម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)