ព្រះសីហនុ៖ នៅចុងខែកុម្ភៈ ឆ្នាំ២០២៤ ខេត្តព្រះសីហនុ ទទួលបានគម្រោងចំនួន២ គឺសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ និងរោងចក្រកែច្នៃផ្លែឈើក្នុងស្រុក ដែលមានទំហំទឹកប្រាក់វិនិយោគជិត ៦០០លានដុល្លារ ទទួលការលើកទឹកចិត្តពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងត្រូវបានវាយតម្លៃថានឹងជះឥទិ្ធពលយ៉ាងវិជ្ជមានដល់សេដ្ឋកិច្ចខេត្តព្រះសីហនុទាំងមូល។
លោក លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងជាអនុប្រធានអនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុ ជាតំណាងរដ្ឋបាលខេត្ត បានចូលរួមកិច្ចប្រជុំច្រកចេញ-ចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំវិនិយោគរបស់បណ្តាក្រុមហ៊ុនមួយចំនួន២ ក្រោមអធិបតីភាព លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក) ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។
អង្គពិភាក្សា ក៏បានវាយតម្លៃនូវភាពសមស្រប លក្ខណៈសម្បត្តិ និងពិនិត្យលទ្ធភាពរបស់គម្រោងវិនិយោគ ហើយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានធ្វើការវិភាគលើបញ្ហាសេដ្ឋកិច្ច និងសង្គម ដោយការយកចិត្តទុកដាក់ខ្ពស់ ព្រមជាមួយនឹងការកំណត់វិធីសាស្ត្រគ្រប់គ្រងឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅធ្វើយ៉ាងណាទាញប្រយោជន៍ដល់ជាតិឱ្យបានជាអតិបរមា និងមានផលប៉ះពាល់តិចតួចបំផុត។
ជាលទ្ធផលនៃកិច្ចប្រជុំពិភាក្សា និងវាយតម្លៃនេះ គម្រោងវិនិយោគទាំង២ខាងលើ ទទួលបានការសាទរ ក៏ដូចជាការវាយតម្លៃថា នឹងចូលរួមលើកកម្ពស់សេដ្ឋកិច្ចខេត្តព្រះសីហនុកាន់តែប្រសើរថែមទៀត ក៏ដូចជាការសម្រួចឱ្យខេត្តព្រះសីហនុ នឹងក្លាយជាច្រករបៀងសេដ្ឋកិច្ចដ៏សំខាន់សម្រាប់កម្ពុជាផងដែរ។
អង្គប្រជុំ បានសម្រេចផ្តល់គោលការណ៍វិនិយោគដល់គម្រោងទាំង២ មានជាអាទិ៍៖
១.ក្រុមហ៊ុន Ban Dao Investment Co., LTD មានទុនវិនិយោគ ៥៧៤ ០០០ ០០០ដុល្លារ វិនិយោគសាងសង់សណ្ឋាគារផ្កាយ៥ ចំនួន ២ ៨៧០បន្ទប់ នៅពយតាម៉ូង សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
២. ក្រុមហ៊ុន Haoruidar (Cambodia) Co., LTD មានទុនវិនិយោគ ១២ ៣៥០ ១៩០ ដុល្លារអាមេរិក ដោយវិនិយោគក្នុងការសាងសង់រោងចក្រកែច្នៃផ្លែឈើក្នុងស្រុក (ស្វាយ ម្នាស់ ខ្នុរ និងទុរេន) ស្ថិតនៅក្នុងឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
គួរកត់សំគាល់ថា ក្រោយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣, វិស័យវិនិយោគនៅកម្ពុជា មាននិន្នាការកើនឡើងគួរឱ្យចាប់អារម្មណ៍ ដែលជាការឆ្លុះបញ្ចាំងពីការជឿទុកចិត្តចំពោះស្ថានភាពនយោបាយ និងបរិយាកាសវិនិយោគនៅកម្ពុជា ពីសំណាក់វិនិយោគិនបរទេស។
លើសពីនេះ កម្ពុជាក៏បានឈរលើលេខរៀងទី១ នៃប្រទេសដែលមានសន្ទុះការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ដោយទទួលបានពិន្ទុ Index Score ៩៦.១១ លើ ១០០ពិន្ទុ (យោងតាមតារាង FDI Standouts Watchlist 2024) ដែលបន្ថែមនូវភាពទាក់ទាញដល់វិនិយោគិនបន្ថែមទៀតផងដែរលើបរិស្ថានវិនិយោគ និងធុរកិច្ច ដោយរាជរដ្ឋាភិបាល បាន និងកំពុងបន្តទាក់ទាញធុរជន ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយបណ្តាប្រទេសនានា ព្រមទាំងពង្រឹងនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសកលលោកផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)