Register Already an agent ? Login

គោលការណ៍សម្រាប់រំលស់ទ្រព្យអចលកម្ម សម្រាប់អ្នកជាប់ពន្ធតូច

ភ្នំពេញ៖ ទ្រព្យអចលកម្ម គឺទ្រព្យរូបីឬអរូបីដែលប្រើប្រាស់សម្រាប់ប្រកបអាជីវកម្ម និងមានអាយុកាលប្រើប្រាស់លើសពីមួយឆ្នាំ។ ទ្រព្យអចលកម្មត្រូវបានអនុញ្ញាតឱ្យធ្វើរំលស់នៅពេលទ្រព្យទាំងនោះត្រូវបានដាក់ឱ្យប្រើប្រាស់ តាមគោលការណ៍កំណត់ដូចខាងក្រោម៖

១.ទ្រព្យអចលកម្មដែលអាចរំលស់ បានគឺជាទ្រព្យអចលកម្មដែលប្រើប្រាស់ក្នុងអាជីវកម្ម វៀរលែងតែ ដីធ្លី អគារ តូបលក់ទំនិញ និងរថយន្ត ទេសចរណ៍។

២.ចំពោះទ្រព្យអចលកម្មដែលមានស្រាប់ មុនការចុះបញ្ជីជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ត្រូវបានអនុញ្ញាតឱ្យធ្វើរំលស់ដោយវាយតម្លៃស្មើនឹង ៥០% នៃថ្លៃដើមពេលទិញចូល ឬយកតាមតម្លៃទីផ្សារ។

៣.ត្រូវបានអនុញ្ញាតឱ្យកត់ត្រាជាទ្រព្យអចលកម្ម ចំពោះតែទ្រព្យណាដែលបានទិញមកដើម្បីបម្រើឱ្យសកម្មភាពអាជីវកម្មសុទ្ធសាធ និង មានតម្លៃសរុបពេលទិញចូល ចាប់ពី ១ ០០០ ០០០ (មួយលាន) រៀល ឡើងទៅក្នុងមួយឯកតាដោយរួមបញ្ចូលទាំងពន្ធអាករនានា។ បើទ្រព្យមានតម្លៃក្រោម ១លានរៀល ត្រូវកត់ត្រាចូលជាចំណាយផ្សេងៗ។

៤.ត្រូវបានអនុញ្ញាតឱ្យកត់ត្រាជាទ្រព្យអចលកម្ម ចំពោះតែម្ចាស់ទ្រព្យតែប៉ុណ្ណោះ វៀរលែងក្នុងករណើភតិសន្យាហិរញ្ញវត្ថុដែលមានអ្នកទទួល ជួលទ្រព្យអចលកម្មជាអ្នកទទួលហានិភ័យក្នុងការបាត់បង់ឬខូចខាត។

បន្ទាប់ពីកំណត់លក្ខណវិនិច្ឆ័យជាទ្រព្យអចលកម្មតាមគោលការណ៍ខាងលើរួចហើយ អ្នកជាប់ពន្ធតូចត្រូវធ្វើរំលស់ទ្រព្យអចលកម្មទាំងនោះ ដូចខាងក្រោម៖

-បង្កើតគណនីរំលស់ទ្រព្យអចលកម្ម (Pooled Asset Account) ដែលគណនីនេះបង្ហាញនូវតម្លៃពិតនៃទ្រព្យអចលកម្មទាំងអស់រួមមាន តម្លៃទ្រព្យដែលសល់ពីឆ្នាំមុន បូកតម្លៃទិញទ្រព្យអចលកម្មក្នុងឆ្នាំចរន្ត ដកតម្លៃទ្រព្យដែលលក់ ឬឈប់ប្រើប្រាស់

-ការធ្វើរំលស់ត្រូវគិតមួយឆ្នាំពេញ នៅឆ្នាំដែលទ្រព្យអចលកម្មបានដាក់ឱ្យប្រើប្រាស់ក្នុងអាជីវកម្ម

- រំលស់ត្រូវអនុវត្តតាមវិធីរំលស់ថយចុះជាលំដាប់ តាមអត្រា ៣០%

-ប្រសិនបើតម្លៃពិតនៃទ្រព្យអចលកម្មសរុបនៅសល់ក្នុងគណនីរំលស់ តិចជាងឬស្មើ ១ ០០០ ០០០ (មួយលាន) រៀល តម្លៃដែលនៅសល់នោះ ត្រូវបានអនុញ្ញាតឱ្យកត់ត្រាជាចំណាយរំលស់ផ្តាច់ក្នុងការិយបរិច្ឆេទនោះតែម្តង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)