ភ្នំពេញ៖ គណនេយ្យសាមញ្ញ គឺជាបញ្ជីគណនេយ្យឯកភាគដែលមានខ្ទង់នានាសម្រាប់កត់ត្រាប្រចាំថ្ងៃរាល់ប្រតិបត្តិការអាជីវកម្ម ដែលអមមកជាមួយនូវវិក្កយបត្រ ឬសក្ខីកម្មបញ្ជាក់ពីប្រតិបត្តិការចំណូល និងចំណាយនានា។ យោងតាមវិធានគណនេយ្យសាមញ្ញនេះ អ្នកជាប់ពន្ធតូច ត្រូវកត់ត្រាប្រតិបត្តិការរបស់ខ្លួននូវបញ្ជីសំខាន់ៗចំនួន៣។
ក្នុងកម្មវិធី “ពន្ធដារកម្ពុជា" ដែលបានផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក ផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពី ថ្ងៃ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានលើកយកប្រធានបទសំខាន់មួយក្នុងអំឡុងពេលនៃការប្រកាសនិងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ មកធ្វើបទបង្ហាញនិងពិភាក្សាគឺ គណនេយ្យសាមញ្ញសម្រាប់អ្នកជាប់ពន្ធតូច។
មានការចូលរួមពីវាគ្មិនជាមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ពន្ធដារចំនួនពីររូបគឺ លោក ម៉ូ ពិសិដ្ឋ និងលោក ម៉ា បូរ៉ា អនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូចនិងមធ្យម។
តាមការបញ្ជាក់របស់ លោក ម៉ូ ពិសិដ្ឋ គណនេយ្យសាមញ្ញគឺជាបញ្ជីគណនេយ្យឯកភាគដែលមានខ្ទង់នានាសម្រាប់កត់ត្រាប្រចាំថ្ងៃរាល់ប្រតិបត្តិការអាជីវកម្ម ដែលអមមកជាមួយនូវវិក្កយបត្រ ឬសក្ខីកម្មបញ្ជាក់ពីប្រតិបត្តិការចំណូល និងចំណាយនានា។
យោងតាមវិធានគណនេយ្យសាមញ្ញនេះ អ្នកជាប់ពន្ធតូច ត្រូវកត់ត្រាប្រតិបត្តិការរបស់ខ្លួននូវបញ្ជីសំខាន់ៗចំនួន ៣ រួមមាន៖
-បញ្ជីលក់ ៖ សម្រាប់កត់ត្រាប្រតិបត្តិការចំណូលពីការផ្គត់ផ្គង់ទំនិញឬសេវាក្នុងអាជីវកម្ម
-បញ្ជីទិញ ៖ សម្រាប់កត់ត្រាប្រតិបត្តិការចំណាយផ្សេងៗក្នុងអាជីវកម្ម
-បញ្ជីស្ដុក ៖ សម្រាប់កត់ត្រានូវព័ត៌មានមួយចំនួនទាក់ទិននឹងស្តុកទំនិញដើមគ្រា ទំនិញដែលបានទិញក្នុងគ្រា និងស្តុកទំនិញចុងគ្រា។
ជាមួយគ្នានេះ លោក ម៉ា បូរ៉ា បានលើកឡើងឱ្យដឹងផងដែរថា ដើម្បីគណនាពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំត្រូវបង់ ជំហានដំបូងអ្នកជាប់ពន្ធតូច ត្រូវគណនារកចំណេញ ឬខាតពីការធ្វើប្រតិបត្តិការអាជីវកម្មជាមុនសិន ដោយត្រូវយកប្រាក់ចំណូលទាំងអស់ដែលសម្រេចបានក្នុងឆ្នាំ ដកចេញ នូវខ្ទង់ចំណាយនានាសរុបក្នុងឆ្នាំ រួមទាំងចំណាយរំលស់។
ក្នុងករណីមានប្រាក់ចំណេញ ត្រូវគណនាប្រាក់ពន្ធត្រូវបង់តាមអត្រាកំណើនតាមថ្នាក់ ក្នុងនោះ ចំពោះប្រាក់ចំណេញដែលសម្រេចបានដោយអ្នកជាប់ពន្ធតូចក្រោមឬស្មើ ១៦ ០០០ ០០០ (ដប់ប្រាំមួយលាន) រៀល ត្រូវ ជាប់ពន្ធតាមអត្រា ០%៕
ដោយ៖ មឿន ឌីណា (Moeun Dyna)