Register Already an agent ? Login

ក្រុមហ៊ុនអាមេរិកធំៗ បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគបន្ថែមទៀតនៅក្នុងទឹកដី កម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនអាមេរិកធំៗ ប្រមាណ១៧ ដែលមានប្រតិបត្តិការអាជីវកម្មលើវិស័យបច្ចេកវិទ្យាទំនើប បណ្ដាញផ្សព្វផ្សាយសង្គម ទេសចរណ៍ ហិរញ្ញវត្ថុ ថាមពល ផ្សារលក់រាយ និងកម្មន្តសាល ថាមពល ធានារ៉ាប់រង បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា ព្រមទាំងបានស្នើសុំស្វែងយល់បន្ថែមទៀត អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការវិនិយោគ។

លោក Brian D. McFeeters អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន តំណាងឱ្យក្រុមហ៊ុនធំៗ ប្រមាណ១៧ បានគូសបញ្ជាក់ បង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគបន្ថែមទៀតនៅ កម្ពុជា ព្រមទាំងបានស្នើសុំស្វែងយល់បន្ថែមទៀត អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការវិនិយោគ។

បើតាមជំនួបជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Brian D. McFeeters  និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងនោះមានក្រុមហ៊ុនដូចជា Fedex Express, ក្រុមហ៊ុន Pfizer, ក្រុមហ៊ុន Master Card, ក្រុមហ៊ុន Visa Card, ក្រុមហ៊ុន Meta (Facebook) , ក្រុមហ៊ុនADM, ក្រុមហ៊ុន Chevron និងក្រុមហ៊ុន Manulife ជាដើម ។ល។

ក្នុងឱកាសនោះ លោកអនុប្រធានជាន់ខ្ពស់ ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា។

ជាការឆ្លើយតប សម្តេចធិបតី បានសម្ដែងនូវការអរគុណ និងវាយតម្លៃខ្ពស់ចំពោះការបោះទុនវិនិយោគនៅកម្ពុជា ក៏ដូចជាចំណាប់អារម្មណ៍របស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) ក្នុងការពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត  ក្នុងនោះ សម្ដេច ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសំខាន់របស់វិស័យឯកជន ដែលមិនត្រឹមតែរួមចំណែកដល់ការកសាងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប៉ុណ្តោះទេ ប៉ុន្តែ ថែមទាំងដើរតួយ៉ាងសកម្ម នៅក្នុងការលើកកម្ពស់ការទូតនៃទំនាក់ទំនងភាពជាដៃគូរវាងរដ្ឋ និងឯកជន។

សម្ដេចធិបតី ក៏បានគូសបញ្ជាក់ជូនក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC)  អំពីការដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងក្របខ័ណ្ឌគោលនយោបាយគាំទ្រដល់ការវិនិយោគរបស់រាជរដ្ឋាភិបាល តាមរយ:ការផ្តល់នូវបរិស្ថានវិនិយោគអំណោយផល ជាមួយនឹងការធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម និងជាពិសេស ជាមួយនឹងគោលនយោបាយនៃការផ្ដល់នូវការលើកទឹកចិត្ត សម្រាប់វិនិយោគិន និងការដាក់ចេញនូវគំនិតផ្ដួចផ្ដើមនៃគំរូអាជីវកម្មថ្មីៗ ដូចជា គំរូថ្មីនៃតំបន់សេដ្ឋកិច្ចពិសេស តាមប្រភេទឧស្សាហកម្ម និងតម្រូវការរបស់ប្រទេសនីមួយៗ។

សម្ដេចធិបតី ក៏បានលើកទឹកចិត្តដល់លើកទឹកចិត្តឱ្យ US-ABC បន្តកិច្ចសហការជាមួយនឹងក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធនៅកម្ពុជា ក្នុងការដាក់ចេញ និងរៀបចំផែនការ ដើម្បីអនុវត្តឱ្យចេញជាសកម្មភាពជាក់ស្ដែងក្នុងការលើកកម្ពស់ទំនាក់ទំនង ក៏ដូចជាការវិនិយោគលើវិស័យឯកជននៅព្រះរាជាណាចក្រកម្ពុជាផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)